Friday, September 01, 2023

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ប្តេជ្ញាអនុវត្តន៍ឱ្យបានជោគជ័យផែនការកំណែទម្រងកងទ័ព កម្មវិធីនយោបាយ ផែនការយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រដ្ឋាភិបាល

 ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្តេជ្ញាខិតខំអនុវត្តន៍ឱ្យបានជោគជ័យផែនការកំណែទម្រងកងយោធពលខេមរភូមិន្ទ កម្មវិធីនយោបាយ ផែនការយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេសអនុវត្តបាវចនា២ គឺកែទម្រងខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ និងអភិក្រមទាំង៥ (ឆ្លុះកញ្ចក់ ងូតទឹក ដោះក្អែល ព្យាបាល និងវះកាត់)។

ការប្តេជ្ញាចិត្តបែបនេះរបស់ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានធ្វើឡើងរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមពិធីសំណេះសំណាជាមួយនាយទាហាន នៃកងយោធពលខេមរភូមិន្ទ ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ឧ បនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានប្រកាសថែរក្សាឱ្យបាននូវរាល់សមិទ្ធផល ដែលជាមរតមិនអាចកាត់ថ្លៃបាន បន្សល់ទុកពីថ្នាក់ដឹកនាំចាស់ ដែលកើតចេញពីឆន្ទៈរួម ការប្រឹងប្រែងរួម ដើម្បីផលប្រយោជន៍រួម ហើយប្រឹងប្រែងបង្កើតនូវសមិទ្ធផលថ្មីបន្ថែមទៀត។

បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានប្ដេជ្ញាស្មោះត្រង់ដាច់ខាត ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ធានាការការពារសន្តិភាព ឯកភាព អធិបតេយ្យភាព បូរណភាពទឹកដីឱ្យបានគង់វង្ស ស្ថិតថេគ្រប់កាលៈទេសៈ ធ្វើឱ្យប្រជាជនមានឱកាសពេញលេញ សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា គូសបញ្ជាក់ថា បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង គោរពយ៉ាងម៉ឺងម៉ាត់ ចំពោះច្បាប់រដ្ឋ សារាចរណ៍ សេចក្តីណែនាំ សេចក្តីសម្រេច បទបញ្ជា និងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទឱ្យបានខ្ជាប់ខ្ជួន និងមានប្រសិទ្ធភាព ហើយប្ដេជ្ញាវាយកម្ទេចរាល់ការឃុបឃិតប៉ុនប៉ងបំផ្លាញសន្តិភាព ឧបាយកលបង្កើតឱ្យមានបដិវត្តពណ៌ លើទឹកដីកម្ពុជា និងប្រឆាំងដាច់ខាត នូវការជ្រៀតជ្រេកកិច្ចការផ្ទៃក្នុងកម្ពុជា ពីមជ្ឈដ្ឋានខាងក្រៅ។

ក្នុងឱកាសនោះដែរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានរំលឹកផងដែរ នូវសមិទ្ធផលមិនអាចកាត់ថ្លៃបាន គឺសុខសន្តិភាព ដែលកើតចេញពីការយកសាច់ស្រស់ ឈាមស្រស របស់យុទ្ធជន យុទ្ធនារីទៅដូរយកមក ពិសេសការដាក់ចេញដ៏ត្រឹមត្រូវនូវនយោបាយឈ្នះ ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

អតីតរដ្ឋមន្ត្រីការពារជាតិ ក៏បានផ្ដល់នូវបទពិសោធន៍ជាច្រើនបន្ថែមទៀត ដល់រដ្ឋមន្ត្រីការពារជាតិថ្មី ក៏ដូចជានាយទាហានទាំងអស់ដែលចូលរួម ពីយុទ្ធសាស្ត្រ ការងារការពារជាតិ និងធ្វើឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសប្បាយរីករាយ មិនភ័យព្រួយបញ្ហាសង្គ្រាម៕







No comments:

Post a Comment