Tuesday, September 12, 2023

ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកសិកម្ម ចុះពិនិត្យកសិដ្ឋានផលិតពូជស្រូវ និងសហគមន៍កសិកម្ម ក្នុងខេត្តបាត់ដំបង

 AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣--ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចុះពិនិត្យកសិដ្ឋានផលិតពូជស្រូវ និងសហគមន៍កសិកម្ម ក្នុងខេត្តបាត់ដំបង នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣។

បន្ទាប់ពីបានចុះពិនិត្យ និងពិភាក្សាការងារជាមួយអាជ្ញាធរ និងរោងម៉ាស៊ីនកិនស្រូវ ឯកឧត្តមរដ្ឋមន្ត្រី បានចុះពិនិត្យកសិដ្ឋានផលិតពូជស្រូវ និងជួបសំណេះសំណាលជាមួយសហមន៍កសិកម្ម ដើម្បីជំរុញការផលិត និងប្រើប្រាស់ពូជស្រូវសុទ្ធ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជាគោលនយោបាយ គឺចង់ជំរុញការប្រើប្រាស់ពូជស្រូវសុទ្ធ ពូជស្រូវល្អ សែនក្រអូប និងផ្ការំដួល ដែលជាពូជស្រូវយុទ្ធសាស្ត្ររបស់ខ្មែរ។

ជាយន្តការ គឺចាំបាច់ត្រូវមានការចូលរួម ការសហការគ្នាល្អ ការកសាងបណ្តាញពូជស្រូវសុទ្ធ ពិសេសពូជស្រូវសែនក្រអូប និងផ្ការំដួល ដែលមានតម្លៃថ្លៃ មានការចុះបញ្ជី មានវិញ្ញាបនបត្រត្រឹមត្រូវ និងមានខ្សែច្រវាក់ទីផ្សារល្អ។ លើសពីនេះទៀត ត្រូវកសាងទំនុកចិត្តគ្នាទៅវិញទៅមក និងត្រូវអនុវត្តផលិតកម្មតាមផែនការនិងកិច្ចសន្យា ដើម្បីធានានូវស្ថិរភាពនៃការផ្គត់ផ្គង់ និងតម្លៃល្អ។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី កសិដ្ឋានផលិតស្រូវពូជ ត្រូវយកចិត្តទុកដាក់ផលិតពូជស្រូវល្អ សែនក្រអូប និងផ្ការំដួល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងការប្រើប្រាស់។

សហគមន៍កសិកម្ម ត្រូវធ្វើការផ្សព្វផ្សាយចលនាពូជសុទ្ធ និងជំរុញការប្រើប្រាស់ពូជសុទ្ធឱ្យកាន់តែធំទូលាយ ទាំងអ្នកប្រើស្រូវចំណី ដើម្បីពង្រីកឱ្យធំ ព្រោះមានទីផ្សារពូជស្រូវល្អ និងតម្លៃល្អ។

ការជ្រើសរើសពូជស្រូវសុទ្ធ សែនក្រអូប និងផ្ការំដួល គឺជួយដល់អ្នកផលិតពូជសុទ្ធ និងបង្កើនផលចំណេញសម្រាប់ទាំងអស់គ្នា។ ក្រសួងនឹងជួយជំរុញឱ្យមានការសហការ សម្របសម្រួលជាមួយអាជ្ញាធរ និងរោងម៉ាស៊ីនកិនស្រូវអំពីទីផ្សារ និងតម្លៃ៕



No comments:

Post a Comment