Tuesday, September 19, 2023

លោក ហ្សង់-ហ្វ្រង់ស័រ៖ ទីណានាំប្រយោជន៍ឱ្យអភិវឌ្ឍន៍ទៅមុខ គឺកម្ពុជា មិនរារែកនឹងទាក់​ទង​ឡើយ

 លោក តាន់ ហ្សង់-ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានគូសរំលេច​ថា កម្ពុជាមិនរារែកក្នុងការធ្វើទំនាក់ទំនងជាមួយបណ្តាប្រទេសទាំងឡាយ ដែលនាំ​ប្រយោជន៍​​​សម្រាប់កិច្ចអភិវឌ្ឍន៍នោះឡើយ។

លោក តាន់ ហ្សង់-ហ្វ្រង់ស័រ បានគូសរំលេចបែបនេះក្នុងសន្និសីទសារព័ត៌មាន​ក្រោយ​ដំណើរ​​​បំពេញទស្សនកិច្ចជាផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី នៅក្នុង​ប្រទេសចិន។ ចិន ជាប្រទេសដំបូងគេដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ជ្រើស​បំពេញទស្ស​នកិច្ចផ្លូវការក្រោយឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់កម្ពុជា។

បើតាមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលមានអតីតភាពជាអ្នកសារព័ត៌មានដ៏ល្បាញល្បី​មួយ​រូប បានគូសរំលេចថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឈរលើមូល​ដ្ឋានសំខាន់ៗមួយចំនួន រួមមានការអបអរសាទរខួប៦៥ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ចិន, ផល​ប្រយោជន៍​ផ្នែកសេដ្ឋកិច្ច ដែលចិនជាប្រទេសផ្តល់ជំនួយ និងវិនិយោគឈានមុខគេនៅ​កម្ពុជា​។ បន្ថែមពីនោះ ដោយសារសម្តេចធិបតី ត្រូវចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០ នៅទី​ក្រុង​​ណាននីង និងមួយវិញទៀត ជារបៀបរបបនៃទំនាក់ទំនងការបរទេស រាល់មេ​ដឹក​នាំ​​​ប្រ​ទេស​​ទើបឡើងកាន់តំណែងថ្មីថ្មោង គឺតែងមានដំណើរទស្សនកិច្ចទៅកាន់ប្រទេសជា​មិត្ត ដើម្បី​រឹតចំណងមិត្តភាព។

ការប្រជែងអំណាចភូមិសាស្ត្រនយោបាយ បានធ្វើឱ្យចិន ក្លាយទៅជាប្រទេសត្រូវប្រកួត​ប្រជែង​យ៉ាងខ្លាំងក្លាជាមួយសហរដ្ឋអាមេរិក និងប្រទេសប្រកាន់របបសេរីមួយចំនួនទៀត។ ត្រង់ចំណុចនេះ នាំឱ្យមានការលើកសំណួរថា តើដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសចិននេះ អាចនាំឱ្យមានឧបសគ្គក្នុងការកសាងទំនាក់ទំនងល្អ​ជា​មួយអាមេរិក និងប្រទេសលោកសេរីដទៃទៀតដែរទេ?

លោក ហ្សង់-ហ្វ្រង់ស័រ បានគូសរំលេចថា របៀបធ្វើទំនាក់ទំនងរបស់ប្រទេសក្នុងពិភព​លោក​នាពេលបច្ចុប្បន្នមិនមានទម្រង់ផ្តាច់មុខដូចពេលសង្គ្រាមត្រជាក់នោះឡើយ។ ការ​ធ្វើ​ទំនាក់ទំនងរវាងប្រទេស និងប្រទេសបច្ចុប្បន្ននេះ គឺពឹងផ្អែកធំទៅលើកត្តាផលប្រយោជន៍។

«សព្វថ្ងៃនេះទំនាក់ទំនងអន្តរជាតិមិនមែនផ្តោតទៅលើមនោគមន៍វិជ្ជានៅលើនយោបាយសុទ្ធសាធដូចកាលសម័យសង្គ្រាមត្រជាក់ទេ។ សព្វថ្ងៃនេះទំនាក់ទំនងអន្តរជាតិផ្តោត​ជា​ពិសេស​​​លើ​មូលដ្ឋានសេដ្ឋកិច្ច មូលដ្ឋានប្រយោជន៍សេដ្ឋកិច្ចជាធំ នៅទីណាដែលនាំមក​នូវប្រយោជន៍​​សេដ្ឋកិច្ច ពាណិជ្ជកម្ម ដែលអនុញ្ញាតឱ្យប្រជាជាតិកម្ពុជា បន្តអភិវឌ្ឍន៍ទៅមុខ កម្ពុជាអត់ត្រូវ​រា​រែក​ក្នុងការទាក់ទងជាមួយនោះឡើយ។ ទន្ទឹមហ្នឹង កម្ពុជា មិនចាត់ទុក​ប្រទេស​ណាជា​សត្រូវ​នោះទេ»។ នេះជាការបញ្ជាក់របស់លោក ហ្សង់-ហ្វ្រង់ស័រ។

លោក ហ្សង់-ហ្វ្រង់ស័រ បានគូសរំលេចផងដែរថា ប្រទេសចិន នៅតែមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ជួយដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា។ ជាពិសេស​កា​រ​ធ្វើឱ្យបន្ស៉ីគ្នាលើកិច្ចអភិវឌ្ឍន៍ស្របតាមយុទ្ធសាស្ត្របច្ចកោណ-ដំណាក់កាលទី១ របស់​រាជ​រដ្ឋាភិបាលលើកិច្ច​អភិវឌ្ឍន៍ផ្នែកថាមពល និងកសិកម្មជាដើម៕


No comments:

Post a Comment