Thursday, August 17, 2023

វិភាគអន្តរជាតិ៖ ក្រោយចែកផ្លូវជាមួយ Move Forward តើភឿថៃអាចនឹងបង្កើតរដ្ឋាភិបាល បានឬ?


FN (បាងកក)៖ អស់ពេលជាង ៣ខែមកនេះ ពោលបន្ទាប់ពីការបោះឆ្នោតសកលថ្ងៃទី១៤ ខែឧសភាមក នៅទីបំផុតទៅគណបក្សភឿថៃបានបង្កើតក្រុមចម្រុះថ្មីមួយជាផ្លូវការ ជាមួយគណបក្សភូមិចៃថៃ (Bhumjaithai) កាលពីថ្ងៃទី៧ ខែសីហាកន្លងទៅនេះ ក្រោយប្រកាសចែកផ្លូវការជាមួយគណបក្ស Move Forward។

គណបក្ស Move Forward កាលពីថ្ងៃអង្គារសប្ដាហ៍នេះបានប្រកាសថាខ្លួននឹងមិនផ្តល់ការគាំទ្រដល់គណបក្សភឿថៃ (Pheu Thai) ក្នុងការបោះឆ្នោតនៅសភា ដើម្បី ជ្រើសរើសនាយករដ្ឋមន្រ្តីថ្មីនោះទេ ខណៈបេក្ខជននាយករដ្ឋមន្ត្រីរបស់ភឿថៃត្រូវបានគេរំពឹងខ្ពស់ថាអាចជាមហាសេដ្ឋីអចលនទ្រព្យលោក ស្រេតថា ថាវីស៉ីន (Srettha Thavisin)។ កាលពីខែកក្កដាកន្លងទៅ គណបក្ស Move Forward និង Pheu Thai ធ្លាប់ស្ថិតក្នុងសម្ព័ន្ធភាពជាមួយគ្នាដើម្បីព្យាយាមបង្កើត​រដ្ឋាភិបាលថ្មីមួយ ប៉ុន្តែមេដឹកនាំ របស់បក្ស Move Forward លោក ភីថា លឹមចារឿនរ៉ាត់ (Pita Limjaroenrat) ទទួលបានសំឡេងគាំទ្រមិនគ្រប់គ្រាន់ ដើម្បីអាចក្លាយជានាយករដ្ឋមន្រ្តី ក្នុងការបោះឆ្នោត នៅសភាដល់ទៅ២លើក។

* លោក ប្រាយុទ្ធ ទៅ តែលោក ប្រាវីតនៅ

បរាជ័យរបស់ក្រុមចម្រុះដឹកនាំដោយគណបក្ស Move Forward បានបង្ហាញរួចទៅហើយថាការប្រមូលឱ្យបាននូវសំឡេងគាំទ្រពីសមាជិកព្រឹទ្ធសភាគឺជារឿងចាំបាច់ ដ្បិត បេក្ខជននាយករដ្ឋមន្ត្រីម្នាក់ មិនអាចរំពឹងទទួលបានការគាំទ្រពីគណបក្សដទៃដែលស្ថិតនៅក្រៅក្រុមចម្រុះរបស់ខ្លួននោះទេ។ ដូច្នេះទើប ក្រុមអ្នកវិភាគនយោបាយថៃខ្លះ យល់ថាសម្ព័ន្ធភាពចម្រុះនៃគណបក្សភឿថៃ និងគណបក្សភូមិចៃថៃ នឹងមិនអាចទទួលបានជោគជ័យក្នុងការបង្កើតរដ្ឋាភិបាលចម្រុះឡើយ ដរាបណាពួកគេមិនចាប់ដៃ ជាមួយគណបក្ស Palang Pracharath ឬគណបក្សថៃរួបរួមជាតិ (United Thai Nation) ឬក៏ចាប់ដៃជាមួយគណបក្សទាំង២នេះតែម្ដងដែលសុទ្ធសឹងតែគាំទ្រដោយ យោធាថៃ ទេនោះ។

គណបក្សថៃរួបរួមជាតិមានអាសនៈនៅក្នុងដៃ ៣៦អាសនៈ និងគណបក្ស Palang Pracharath មាន៤០អាសនៈគឺជាក្ដីសង្ឃឹមរបស់នាយករដ្ឋមន្ត្រីចាំផ្ទះ លោក បា្រយុទ្ធ ចាន់អូចា និងឧបនាយករដ្ឋមន្ត្រីចាំផ្ទះ លោក បា្រវីត វ៉ុងស៊ូវ៉ាន់ (Prawit Wongsuwan)។ ទាំងលោក ប្រាយុទ្ធ និងលោក ប្រាវីត សុទ្ធសឹងតែជាឧត្តមសេនីយ៍ចូលនិវត្តន៍ តែត្រូវបានគេជឿថានៅតែមានឥទ្ធិពលលើសមាជិកព្រឹទ្ធសភាទាំង២៥០រូប ដែលអ្នកទាំង២ជាអ្នកតែងតាំងដោយផ្ទាល់ដៃ ក្រោយការធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០១៤។ លោក ប្រាយុទ្ធ កាលពីពេលថ្មីៗនេះបានប្រកាសចូលនិវត្តន៍ពីឆាកនយោបាយ និងបានលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សថៃរួបរួមជាតិ។ ប៉ុន្តែ ថ្វីបើលោក ប្រាយុទ្ធ ទៅបាត់ តែលោក ប្រាវីត មិនទាន់ទៅណាទេ ដោយលោកនៅតែបន្តធ្វើជាមេដឹកនាំគណបក្ស Palang Pracharath នៅឡើយ។

* ភឿថៃត្រូវតែធ្វើការជ្រើសរើស

លោក Olarn Thinbangtieo ជាសាស្ត្រចារ្យនៃមហាវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ និងច្បាប់ នៃសាកលវិទ្យាល័យ Burapha University ក៏បានឯកភាពដែរ ថាសម្ព័ន្ធភាពថ្មីរបស់ភឿថៃ និងភូមិចៃថៃ ចាំបាច់ត្រូវតែចាប់ដៃសហការជាមួយគណបក្ស Palang Pracharath ឬក៏គណបក្សថៃរួបរួមជាតិ។ លោកបន្តថាភឿថៃ ក៏ចង់ បញ្ចូលគណបក្សទាំង២នេះទៅក្នុងក្រុមចម្រុះរបស់ខ្លួនដែរ ប៉ុន្តែខ្លាចបង្កការខឹងសម្បារដល់ប្រជាជនដែលបានបោះឆ្នោតគាំទ្រខ្លួន ខណៈភឿថៃខ្លួនឯងធ្លាប់បានប្រកាស ប្រាប់អ្នកគាំទ្ររបស់ខ្លួនពេញៗមាត់ថានឹងមិនចាប់ដៃធ្វើការជាមួយគណបក្សរបស់លោក​ ប្រាយុទ្ធ និងលោក ប្រាវីតនោះឡើយ។

បើតាមលោក Olarn Thinbangtieo ប្រសិនបើត្រូវបង្ខំចិត្តជ្រើសរើស គណបក្សភឿថៃអាចនឹងចាប់ដៃសហការជាមួយគណបក្សថៃរួបរួមជាតិ ឱ្យចូលរួមក្នុងរដ្ឋាភិបាលចម្រុះ របស់ខ្លួនជាមួយគណបក្សភូមិចៃថៃ។ តែក្នុងពេលជាមួយគ្នា ភឿថៃក៏អាចនឹងប្រឈមុខមុខនឹងការរិះគន់ និងការខឹងសម្បារពីប្រជាជនថៃ រួមទាំងអ្នកគាំទ្ររបស់ខ្លួនដែល ទន្ទឹងចង់បានរដ្ឋាភិបាលប្រជាធិបតេយ្យពិតប្រាកដមួយ។ ក្នុងករណីនេះដែរបើលោក ប្រាវីតស្នើសុំធ្វើជានាយករដ្ឋមន្ត្រីវិញ នោះស្ថានការណ៍អាចនឹងកាន់តែអាក្រក់ ប៉ុន្តែ ភឿថៃ និងភូមិចៃថៃ ប្រហែលជាគ្មានជម្រើសអ្វីផ្សេងទេ ដោយពួកគេមានតែត្រូវជ្រើសរើសរវាងលោក ប្រាវីត និងលោក ប្រាយុទ្ធ។

ដោយឡែក ក្នុងករណីជ្រើសរើសយកគណបក្សថៃរួបរួមជាតិនេះដែរ ភឿថៃអាចនឹងប្រកាសថាលោក ប្រាយុទ្ធ លែងនៅក្នុងគណបក្សនេះទៀត បើទោះជាលោកនៅតែមាន ឥទ្ធិពលមួយចំនួនក៏ដោយ។ ធ្វើបែបនេះភឿថៃអាចបបញ្ចុះបញ្ចូលឱ្យលោក ប្រាយុទ្ធ ទៅបញ្ចុះបញ្ចូលសមាជិកព្រឹទ្ធសភាថៃបោះឆ្នោតគាំទ្រគណបក្សភឿថៃ។

គួរបញ្ជាក់ថា តុលាការធម្មនុញ្ញនៃប្រទេសថៃ នៅថ្ងៃពុធសប្ដាហ៍នេះ បានសម្រេចបដិសេធចំពោះសំណើរបស់គណបក្ស Move Forward ដែលចង់​ឱ្យមានការត្រួតពិនិត្យ ឡើងវិញ ទៅលើការសម្រេចចិត្តរបស់សភានាពេលកន្លងមកនេះ ដែលបានរារាំងមិនឱ្យបេក្ខជនរបស់ខ្លួន អាចត្រូវឈរឈ្មោះសាជាថ្មីនានាយករដ្ឋមន្រ្តី។ ការសម្រេចខាងលើ របស់តុលាការធម្មនុញ្ញថៃនាពេលនេះ គឺជាការរំលាយទាំងស្រុងនូវក្តីសង្ឃឹមរបស់គណបក្ស Move Forward ក្នុងការ​បង្កើតរដ្ឋាភិបាលថ្មី ហើយវាបើកផ្លូវដើម្បីឱ្យសភាថៃ រៀបចំការបោះឆ្នោតថ្មីមួយទៀត ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តី ដែលបើឆាប់បំផុតគឺអាច​ធ្វើឡើងក្នុងសប្តាហ៍នេះតែម្តង៕


No comments:

Post a Comment