Wednesday, August 30, 2023

វិភាគអន្តរជាតិ៖ ហេតុអ្វីលោក បៃដិន សម្រេចចិត្តទៅវៀតណាម តែមិនទៅចូលរួមកិច្ចប្រជុំអាស៊ាន នៅឥណ្ឌូណេស៊ី?


FN- (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមនៅខែក្រោយនេះ ដើម្បីជួបពិភាក្សាជាមួយមន្ត្រីកំពូលៗ នៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះលើបញ្ហាជាច្រើន រាប់ចាប់ពីបច្ចេកវិទ្យា និងសេដ្ឋកិច្ច រហូតដល់ស្ថិរភាពក្នុងតំបន់ ក៏ដូចជាការប្រែប្រួលអាកាសធាតុ ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងសម្លឹងមើលការពង្រឹងទំនាក់ទំនងកាន់តែជិតសិ្នទ្ធជាមួយទីក្រុងហាណូយ ទប់ទល់ជាមួយចិន។

សេតវិមានបានឱ្យដឹងថាលោក ចូ បៃដិន នឹងត្រូវជួបពិភាក្សាការងារជាមួយអគ្គលេខាធិការគណបក្សកម្មុយនិស្ដវៀតណាម លោក ង្វៀង ហ្វូជុង (Nguyen Phu Trong) រួមទាំងមន្ត្រីកំពូលៗដទៃទៀតរបស់វៀតណាម ក្នុងទីក្រុងហាណូយ នៅថ្ងៃទី១០ ខែកញ្ញាក្រោយនេះ មុននឹងធ្វើដំណើរទៅកាន់រដ្ឋអាឡាស្កា ដើម្បីចូលរួមក្នុង ការប្រារព្ធខួបនៃការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ លើសហរដ្ឋអាមេរិក។

លោក ចូ បៃដិន នឹងធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ក្រោយចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌា ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែកញ្ញា។ ប៉ុន្តែ លោកនឹងមិន ទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ដោយទុកឱ្យអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ចូលរួមជំនួស រូបលោក។ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នឹងត្រូវប្រារព្ធឡើងពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា ហើយអំឡុងកិច្ចប្រជុំកំពូលនេះ ក៏មានកិច្ចប្រជុំពាក់ព័ន្ធសំខាន់ៗ ផ្សេងទៀតដែរដូចជា កិច្ចប្រជុំកំពូលអាស៊ាន-ចិន កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ព្រមទាំងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។

ក្រុមមន្ត្រីអាមេរិក កាលពីប៉ុន្មានសប្ដាហ៍មុនៗនេះបានចេញមុខការពារភ្លាមៗ នូវការសម្រេចចិត្តមិនទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានរបស់លោក ចូ បៃដិន ដោយ បញ្ជាក់ថាគោលនយោបាយ និងការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះអាស៊ានគឺនៅតែដដែលមិនមានការប្រែប្រួល ហើយមានតែស្ថិតនៅលើគន្លងឆ្ពោះទៅមុខ។ ក៏ប៉ុន្តែ ក្នុងបរិបទដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនកាន់តែប្រេះឆា រីឯសង្រ្គាមដណ្ដើមសម្ព័ន្ធមិត្តក្នុងតំបន់អាស៊ីកាន់តែស្រួចស្រាល់ ការសម្រេចចិត្តរបស់ លោក បៃដិន មិនចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានដែលឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ានក្នុងឆ្នាំ២០២៣នេះ វាអាចមានន័យថាសហរដ្ឋអាមេរិក នៅតែ មិនបានមើលឃើញថាអាស៊ានទាំងមូលគឺជាវេទិកាមួយដែលនឹងបន្ថែមគុណតម្លៃសម្រាប់យុទ្ធសាស្ត្ររបស់ខ្លួនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកឡើយ។ ម្យ៉ាងវិញទៀត វាក៏អាច សន្មត់បានដែរថាសេតវិមានជឿជាក់រួចទៅហើយថា «មានហានិភ័យតិចជាងផលចំណេញ ក្នុងការមិនទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន»។

បើតាមក្រុមអ្នកវិភាគ សហរដ្ឋអាមេរិកមើលធ្ងន់លើតំបន់អាស៊ីអាគ្នេយ៍ទាំងមូល មិនមែនត្រឹមតែអាស៊ានប៉ុណ្ណោះទេ ហើយក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន ទាំងអស់ទៀតសោត មានប្រទេសមួយចំនួនគឺជាជម្រើសអាទិភាពរបស់សហរដ្ឋអាមេរិក។ និយាយ​ឱ្យងាយយល់ សហរដ្ឋអាមេរិកកំពុងប្រឹងប្រែងផ្តោតលើការពង្រឹង សម្ព័ន្ធភាពជាមួយប្រទេសណាដែលអាចជួយខ្លួនក្នុងការប្រជែងជាមួយចិនតែប៉ុណ្ណោះ ហើយការចូលរួមកិច្ចប្រជុំកំពូលអាស៊ានមិនអាចជំរុញឆ្ពោះទៅរកទិសដៅ នេះទេ។

ជាឧទាហរណ៍ នៅក្នុងកែវភ្នែកសហរដ្ឋអាមេរិក ឥណ្ឌា និងការចូលរួមរបស់ទីក្រុងញូវដេលី នៅក្នុងក្រុមប្រទេសក្វាដ (Quad) គឺជាគន្លឹះមួយដ៏សំខាន់នៃយុទ្ធសាស្ត្រ ឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ក្នុងការទប់ទល់ និងដោះស្រាយបញ្ហាប្រឈមនានាជាមួយចិន។ ដោយសារតែមានសារៈសំខាន់ចំពោះយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក បែបនេះហើយ ទើបឥណ្ឌាទទួលបានអភ័យឯកសិទ្ធិពិសេសពីសហរដ្ឋអាមេរិក ក្នុងនោះឥណ្ឌាអាចបន្តទិញប្រេង និងអាវុធពីរុស្ស៉ី អាចស្ថិតនៅក្នុងប្រទេស BRICS ជាមួយចិន និងរុស្ស៉ី និងរួចផុតពីទណ្ឌកម្មសេដ្ឋកិច្ចជុំវិញការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្ស និងការធ្វើទុកបុក្ខម្នេញលើអ្នកនយោបាយប្រឆាំង នៅក្រោម ការដឹកនាំរបស់លោក ម៉ូឌី។

ត្រឡប់មកវិញ ដូចគ្នាទៅនឹងឥណ្ឌាដែរ វៀតណាមដែលកំពុងមានជម្លោះទឹកដីជាមួយចិនក្នុងតំបន់សមុទ្រចិនខាងត្បូង ក៏ស្ថិតនៅក្នុងចំណោមប្រទេសជាអាទិភាព ដទៃទៀតរួមមានសិង្ហបុរី និងហ្វីលីពីន ដែលសហរដ្ឋអាមេរិកត្រូវការជាចំាបាច់ ដើម្បីជួយទីក្រុងវ៉ាស៊ីនតោនទប់ទល់នឹងការកើនឡើងឥទ្ធិពលចិនក្នុងតំបន់។ ដូច្នេះ លោក ចូ បៃដិនទំនងជាចង់ប្រើ «អវត្តមានរបស់លោក» នៅឯកិច្ចប្រជុំកំពូលអាស៊ាន ក្នុងប្រទេសឥណ្ឌូណេស៊ី ដើម្បីជាសារមួយផ្ញើទៅកាន់ទីក្រុងហាណូយ បង្ហាញពី ការប្ដេជាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការធ្វើបច្ចុប្បន្នភាពទំនាក់ទំនងជាមួយវៀតណាម ឱ្យទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» នាឱកាសដែលលោកស្ថិតនៅក្នុង ទីក្រុងហាណូយ។ និយាយជារួម សហរដ្ឋអាមេរិកចង់ចុះកិច្ចព្រមព្រៀង «ភាពជាដៃគូយុទ្ធសាស្ត្រ» ជាមួយវៀតណាម ជាជាងចូលរួមកិច្ចប្រជុំអាស៊ាន។

តែទោះជាបែបនេះក្ដី នៅម្ខាងទៀត អវត្តមានរបស់លោក បៃដិន នៅឯកិច្ចប្រជុំកំពូលអាស៊ាន វានឹងបង្កឱ្យមានការព្រួយបារម្ភជាថ្មីពីការចូលរួមរបស់អាមេរិក នៅក្នុង តំបន់។ ក្នុងឆ្នាំ២០២៣នេះ ឥណ្ឌូណេស៊ីគឺជាប្រធានអាស៊ាន និងជាអ្នកសម្របសម្រួលកិច្ចការទំនាក់ទំនងអាស៊ាន-អាមេរិក។ ឥណ្ឌូណេស៊ី បានប្រឹងប្រែងសម្រួល កាលបរិច្ឆេទ កុំឱ្យជាន់គ្នាទៅនឹងកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌា ដើម្បីអាចឱ្យលោក ចូ បៃដិន ចូលរួមកក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។ ការសម្រេចចិត្តមិនធ្វើ ដំណើរទៅកាន់ទីក្រុងហ្សាការតារបស់លោក បៃដិន គឺជាការផ្ញើសារមួយទៅកាន់ប្រធានាធិបតីឥណ្ឌូណេស៊ី ថារដ្ឋាភិបាលរបស់លោក «មិនស្ថិតនៅក្រោមរ៉ាដា» របស់ សហរដ្ឋអាមេរិកឡើយ។ ម្លោះហើយនៅពេលដែលត្រូវបង្ខំចិត្តធ្វើការជ្រើសរើស នោះប្រជាជនឥណ្ឌូណេស៊ីកាន់តែច្រើនអាចនឹងយល់ឃើញថាអាស៊ានគួរតែជ្រើសរើស យកចិន ជាជាងសហរដ្ឋអាមេរិក។

ជាក់ស្ដែង នៅក្នុងការស្ទង់មតិ State of Southeast Asia Survey ក្នុងឆ្នាំ២០២៣នេះ ភាគរយនៃប្រជាជនឥណ្ឌូណេស៊ីដែលជ្រើសរើសយកសហរដ្ឋអាមេរិកបាន ធ្លាក់ចុះពី ៦៤.៣ភាគរយ ក្នុងឆ្នាំ២០២១ មកនៅត្រឹម ៤៦.៣ភាគរយក្នុងឆ្នាំ២០២៣។ ក្នុងរយៈពេលដូចគ្នានេះដែរ ភាគរយ នៃប្រជាជនឥណ្ឌូណេស៊ីជ្រើសរើសយក ចិន បានកើនឡើងពី ៣៥.៧ភាគរយ ដល់៥៣.៧ភាគរយ។

គួរបញ្ជាក់ថា លោក ចូ បៃដិន បានរៀបចំកិច្ចប្រជុំពិសេសសហរដ្ឋអាមេរិក-អាស៊ានកាលពីឆ្នាំ២០២២ ក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ជាទីដែលលោក បានជួបពិភាក្សា ជាមួយមេដឹកនាំអាស៊ាន៩រូប និងបានលើកកម្ពស់ទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» កាលពីដំណាច់ឆ្នាំមុន។ លោក បៃដិន បានចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាក្នុងឆ្នាំ២០២១ (តាមប្រព័ន្ធអនឡាញ) និងឆ្នាំ២០២២ ចូលរួមដោយផ្ទាល់ ប៉ុន្តែលោក មិនសូវជាបំពេញទស្សនកិច្ចមកកាន់ តំបន់អាស៊ីអាគ្នេយ៍នោះទេ។

បន្ថែមពីលើនេះ វាក៏មានបញ្ហាស៊ីជម្រៅមួយផងដែរ នោះគឺជាលក្ខណៈឯកជន ក្រុមមន្ត្រីការទូតអាមេរិកត្រូវបានគេរាយការណ៍ថាបានត្អូញត្អែរចំពោះបណ្ដាប្រទេស អាស៊ានដែលមានទំនាក់ទំនងមិត្តភាពខ្លាំងពេកជាមួយចិន ហើយយន្ដការដោះស្រាយបញ្ហារបស់អាស៊ានមានភាពសុំាញុំាច្រើន។ ដូច្នេះទើបរដ្ឋបាលលោក បៃដិន បង្កើត បក្សសម្ព័ន្ធដូចជាក្វាដ AUKUS និងផ្តោតលើសម្ព័ន្ធភាពត្រីភាគីជាមួយកូរ៉េខាងត្បូង និងជប៉ុន ដែលត្រូវបានក្រុមអ្នកវិភាគមើលឃើញថាជាយន្ដការដោះស្រាយបញ្ហា នានា ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់តួនាទីស្នូលរបស់អាស៊ានក្នុងតំបន់៕


No comments:

Post a Comment