Monday, August 21, 2023

លិខិតមិត្តអ្នកអាន៖ «នាវាកម្ពុជាចេញដំណើរដោយភាពក្លៀវក្លា ជាមួយនឹងកាពីទែនវ័យក្មេងពេញដោយសមត្ថភាព»


(ភ្នំពេញ)៖
 កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ រដ្ឋសភានីតិកាលទី ៧ បានបើកសម័យប្រជុំដំបូងរបស់ខ្លួន ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ ព្រះករុណាព្រះមហាក្សត្រ ព្រះអង្គបានសម្តែងនូវ អំណរសាទរដ៏កក់ក្តៅជូនចំពោះសមាជិក សមាជិការដ្ឋសភាទាំងអស់ដែលប្រជាពលរដ្ឋបាន សម្តែងឆន្ទៈនិងជំនឿទុកចិត្តតាមរយៈការបោះឆ្នោតជាសកលកាល ពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ។ព្រះអង្គក៍បានសម្តែងជំនឿមុតមាំថា រាជរដ្ឋាភិបាល អាណត្តិថ្មីនឹងបន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ បន្តអភិវឌ្ឍនិងពង្រឹងប្រព័ន្ធការពារសង្គមដែលមានវិសាលភាពគ្របដណ្តប់ប្រជាពលរដ្ឋគ្រប់រូប ទាំងការ

អភិរក្សនិងអភិវឌ្ឍវប្បធម៌ដោយ ចីរភាពដើម្បីធានា អត្ថិភាពដ៏រឹងមាំនៃអត្តសញ្ញាណជាតិ
ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៌សម្រាប់ភាពសុខដុម នៃសង្គមជាតិ។

ព្រះអង្គមានបន្ទូលបន្ថែមថា ដើម្បីសម្រេចភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ ប្រជាជាតិកម្ពុជាត្រូវមាន ឯកភាពនិងសាមគ្គីភាពជាតិខ្ពស់ ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ និងប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌ ៤ គឺ មេត្តា ករុណា មុទិតា និងឧបេក្ខា។

ក្នុងពិធីដ៏មហោឡាឫកនេះ យើងក៏សង្កេតឃើញមានតំណាងអង្គទូតនៃប្រទេសជាមិត្តជាច្រើន បានមកចូលរួមធ្វើជាសាក្សីនៃទំព័រប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជា នៅក្នុងដំណើរប្រជាធិបតេយ្យ ប្រកបដោយសន្តិភាពនិងការផ្លាស់ប្តូរថ្នាក់ដឹកនាំកំពូលរបស់ប្រទេសជាតិប្រកបដោយភាពរលូន ត្រជាក់ត្រជុំ ពុំធ្លាប់មានពីមុនមក។ សូម្បីតែសម័យសង្គមរាស្ត្រនិយម របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក៏កម្ពុជាស្គាល់សន្តិភាពឥតដាច់ត្រឹមតែ ១៧ឆ្នាំប៉ុណ្ណោះ ពីឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៧០។

ផ្អែកលើមូលដ្ឋាននៃសុខសន្តិភាពដ៏រឹងមាំរយៈពេល២៥ឆ្នាំ នាវាកម្ពុជាបានចាប់ផ្តើមចេញដំណើរបន្តពីបង្គោលចរ (milestone) “តេជោសន្តិភាព” ប្រកបដោយភាពក្លៀវក្លា ជាមួយនឹងកាពីទែនថ្មីវ័យក្មេងពេញដោយសមត្ថភាពគឺ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន​ ម៉ាណែត ឆ្ពោះទៅរកបង្គោលចរ នៃភាពរុងរឿងនិងការអភិវឌ្ឍជឿនលឿនបន្ថែមទៀតសម្រាប់ប្រជាជាតិខ្មែរ។

ស្ថិរភាពនយោបាយដ៏កម្រមាននេះ មិនមែនកើតឡើងដោយ ឯកឯងនោះទេ ប្រសិនបើគ្មានការដឹកនាំ ការរៀបចំផែនការ និងយុទ្ធសាស្ត្រប្រកបដោយគតិបណ្ឌិតខ្ពស់របស់ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា ជាពិសេសគឺ តេជោ ហ៊ុន សែន ដែលតែងតែតម្កល់ផលប្រយោជន៍ជាតិ សន្តិភាពនិងសុខទុក្ខប្រជាជនខ្ពស់លើសអ្វីៗទាំងអស់។

នាវាកម្ពុជាត្រូវប្រឈមនឹងការធ្វើព្យុះធ្វើភ្លៀងពីចលនាអមិត្តជាច្រើនដែលរារាំងនាវាកម្ពុជា មិនឱ្យធ្វើដំណើរទៅមុខ។ ពួកគេខិតខំបំបែកបំបាក់សាមគ្គីភាពជាតិ ខិតខំបង្កើតភាពល្អក់កករក្នុងរង្វង់ថ្នាក់ដឹកនាំ បញ្ចុះបញ្ចូលឱ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មលើសេដ្ឋកិច្ចជាតិខ្លួននិងខិតខំបំប៉ោងព័ត៌មានមួយចំនួនដើម្បី បំផ្លាញសេចក្តីទុកចិត្តរបស់ពលរដ្ឋចំពោះថ្នាក់ដឹកនាំកម្ពុជា។

វិទ្យុក្រុមប្រឆាំងដែលគាំទ្រដោយបរទេសគឺវិទ្យុអាស៊ីសេរីបានចេញផ្សាយវីដេអូនៅថ្ងៃទី១៦ ខែសីហា ជាមួយនឹងចំណងជើងគួរឱ្យស្អប់ខ្ពើមថា “ហ៊ុន ម៉ាណែត នឹង «កម្ចាត់» ទៀ សីហា និង ស សុខា ពេលបានអំណាចពេញដៃ”។ វិទ្យុក្រុមប្រឆាំងមួយនេះចង់តែឃើញប្រទេសជាតិ បែកបាក់ប៉ុណ្ណោះ។ ចំណងជើងមួយទៀតគេសរសេរថា “ទណ្ឌកម្មនិងការថ្កោលទោស ក្រោយការបោះឆ្នោត២០២៣”

អោយតែបរទេសថាម៉េចគឺល្អទាំងអស់។  គេមើលងាយមើលថោកខ្មែរយ៉ាងម៉េច ក៏ថាគេត្រូវទាំង អស់ហើយពួកគេក៍បានភ្លេចអស់កំណើតឈាមជ័រជាខ្មែរនិងមោទនភាពជាខ្មែរ។ ពួកនេះពិតជាសប្បាយចិត្តណាស់នៅពេលដែលឃើញបរទេសរិះគន់ខ្មែរ ដាក់ទណ្ឌកម្មលើប្រជាជនខ្មែរខ្លួនឯង។ ពួកគេសរសេរថា «ការបោះឆ្នោតដិតដាមដោយការថ្កោលទោសស្ទើរជុំទិសពីសហគមន៍អន្តរជាតិ»។ ប៉ុន្តែនៅលើការជាក់ស្តែង យើងទាំងអស់គ្នា មិនថាខ្មែរនៅក្នុងប្រទេស រឺរស់នៅក្រៅប្រទេសឡើយ ពិតជាបានឃើញ តំណាងអង្គទូតនៃប្រទេសជាមិត្ត ជាច្រើនបានមកអង្គុយពេញកៅអី ភ្ញៀវកិត្តិយសនៅពេលដែល រដ្ឋសភាកម្ពុជា នីតិកាលទី ៧ បានបើកសម័យប្រជុំដំបូងរបស់ខ្លួន
នៅថ្ងៃទី២១ ខែសីហា។

ពួកគេតែងតែនិយាយថា កម្ពុជាគ្មានសិទ្ធិសេរីភាព ប្រជាជនត្រូវបានគេបំភិតបំភ័យ ប៉ុន្តែវិទ្យុរបស់ក្រុមប្រឆាំងមួយនេះមានសេរីភាពពេញលេញក្នុងការ ចាក់ផ្សាយសំឡេងប្រឆាំងផ្កាប់មុខរបស់ពួកគេនៅលើបណ្តាញសង្គមនៅកម្ពុជា ទោះបីជាវិទ្យុនេះជារបស់បរទេសក្តី ។

ជាទូទៅ នៅប្រទេសប្រជាធិបតេយ្យជឿនលឿន វិទ្យុ ឬកាសែត បរទេសដែលទទួលប្រាក់ពីបរទេសនិងបម្រើឱ្យរបៀបវារៈនយោបាយរបស់បរទេស គឺគេចាត់ទុកថាជា “ភ្នាក់ងារបរទេស” ហើយ។ ជាក់ស្តែងនៅអាមេរិក គេមាន ច្បាប់មួយដែលគេហៅថាច្បាប់ស្តីពីការចុះឈ្មោះភ្នាក់ងារបរទេស (FARA) ដែលត្រូវបានអនុម័តក្នុងឆ្នាំ ១៩៣៨។

ច្បាប់នេះ តម្រូវឱ្យភ្នាក់ងារដែលមាននាយកបរទេសដែលចូលរួមក្នុងសកម្មភាពនយោបាយ ឬសកម្មភាពផ្សេងទៀតធ្វើការ រាយការណ៍ជាសាធារណៈតាមកាលកំណត់អំពីទំនាក់ទំនងរបស់ពួកគេជាមួយនាយកបរទេសរបស់ខ្លួន ក៏ដូចជាសកម្មភាពនានា ព្រមទាំងការបង្ហាញការទទួលចំណូលនិងការចំណាយរបស់ខ្លួន ក្នុងការគាំទ្រសកម្មភាព ទាំងនោះ។

ប្រទេសប្រជាធិបតេយ្យលើពិភពលោក គេប្រយ័ត្នខ្លាំងណាស់ចំពោះការលូកដៃពីបរទេសនៅក្នុងនយោបាយផ្ទៃក្នុងរបស់ខ្លួន។ បើនិយាយពីលោកស្រី មួរ សុខហួរ វិញ គាត់ក៍បានសរសេរអត្ថបទតាមបែបស្រមើស្រមៃរវើរវាយនៅថ្ងៃទី១១ ខែសីហាដើម្បីវាយប្រហារលើលើ «តេជោហ៊ុន សែន និង បណ្ឌិត ហ៊ុន ម៉ាណែត»

គ្រាន់តែអានចំណងជើងនៃអត្ថបទ យើងក៍ហួសចិត្តបាត់ទៅហើយ ។ហួសចិត្តទីមួយ គឺការបន្តខិតខំ ពន្លិចនាវាកម្ពុជានៅលើឆាកអន្តរជាតិរបស់គាត់ ។ ហួសចិត្តទីពីរគឺគាត់លែងមានមនុស្សឈ្លោះជាមួយ បែរជាមកឈ្លោះជាមួយយុវជនជំនាន់ក្រោយដែលមានអាយុប្រហែលនឹងកូនគាត់ទៅវិញ។

យ៉ាងណាក្តី ខ្មែរយើងមានវប្បធម៌ផូរផង់និងថ្លៃថ្នូរដែលបង្រៀនឱ្យយុវជនគោរពចាស់ទុំដែលគួរឱ្យគោរព។ ហើយបើចាស់ទុំនោះមិនមែនជាមនុស្សគួរឱ្យគោរព យើងក៏មិនទៅតបតអ្វីនឹងគាត់ដែរ។

គ្រាន់តែឧទាហរណ៍ពីរបីខាងលើ នេះ ក៍អាចបញ្ជាក់រួចទៅហើយថា ក្រុមប្រឆាំងបានដើរយឺតជាងដំណើរជាក់ស្តែងនៃនាវាកម្ពុជា។ នាវាកម្ពុជាបានចាប់ផ្តើមដូរមុខមាត់ថ្មីអស់ហើយ ប៉ុន្តែ ក្រុមប្រឆាំងនិងវិទ្យុរបស់ក្រុមប្រឆាំងនៅតែជាមនុស្សដដែលៗដែលចង់អោយតែប្រទេសជាតិ បែកបាក់ គ្មានស្ថិរភាព។

នៅក្នុងខ្លួនរបស់ជនអគតិមួយក្តាប់តូចនេះពុំមានឡើយនូវចិត្តបុណ្យ មេត្តា ករុណា គ្មានធម៌ គិតតែហែកហួរ ចងអាពាធព្យាបាទនិងបង្កគំនុំហិង្សាផ្លូវចិត្ត។ ពួកគេបានកាន់លិខិតឆ្លងដែនបរទេស ភ្លេចអស់ហើយកិត្តិយសជាខ្មែរ មកជាន់ពន្លិចតែជាតិសាសន៍ និងប្រជាជនឯង។

នាវាកម្ពុជាលើកនេះកាន់តែរឹងមាំណាស់។ យើងមាន «កាពីទែនថ្មី ខ្លាំង ក្លៀវក្លា» ហើយ «អតីតកាពីទែន ក៏នៅបន្តឈរពីក្រោយផ្តល់ដំបូន្មាន ក្នុងការកាច់ចង្កូតនាវាកម្ពុជាផងដែរ»។ នាវាកម្ពុជានឹងបន្តដំណើរដ៏រឹងមាំរបស់ខ្លួនពីបង្គោលចរ «តេជោសន្តិភាព» ឆ្ពោះទៅរកបង្គោលចរ ថ្មីនិងរុងរឿងថែមទៀតនៃសុបិនកម្ពុជា ឆ្នាំ២០៥០។
ជយោព្រះរាជាណាចក្រកម្ពុជា!!

ដោយ: សាស្ត្រាចារ្យវិទ្យាសាស្ត្រសង្គមនៃសាកលវិទ្យាល័យភ្នំពេញ

No comments:

Post a Comment