Wednesday, August 16, 2023

សម្ដេច ស ខេង កោតសសើរមន្ត្រីរាជការដែលខិតខំបម្រើពលរដ្ឋ ទើបធ្វើឱ្យពលរដ្ឋមានភាពកក់ក្ដៅ ជឿជាក់ និងគាំទ្រលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា

 សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកោតសរសើរថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ខេត្តបាត់ដំបង ដែលពេញមួយនីតិកាលទី៦ មកនេះ បានខិតខំបំពេញភារកិច្ចចូលរួមថែ រក្សាសុខសន្តិភាព និងស្ថិរភាពជាតិ ជាពិសេស ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរទាំងកម្រិតខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ធ្វើឱ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅ ជឿជាក់ និងគាំទ្រលើការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា។

ការកោតសសើរបែបនេះរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ក្នុងឱកាសសម្តេចបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិមានឯករាជ្យ សួនសម្ដេចក្រឡាហោម វិមានឯករាជ្យ សួនធ្នង់៥៣ និងផ្លូវចាក់កៅស៊ូបេទីមនៅបរិវេណវិមានឯករាជ្យ ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តបាត់ដំបង ដែលបានខិតខំប្រឹងប្រែងកែលម្អរសោភណ្ឌភាពក្រុងបាត់ដំបង ជាបន្តបន្ទាប់ ជាក់ស្ដែងវិមានឯករាជ្យ និងសមិទ្ធផលនានា ដែលប្រារព្ធពិធីសម្ពោធនាថ្ងៃនេះ ធ្វើឱ្យខេត្តកាន់តែមានភាពទាក់ទាញ។

សម្ដេចក្រឡាហោម បានបន្ដថា វិមានឯករាជ្យ ព្រមទាំងសមិទ្ធផលសម្ពោធនាថ្ងៃនេះ នឹងរួមចំណែកទាក់ទាញទេសចរណ៍ ក្នុងខេត្តបាត់ដំបង ហើយធ្វើឱ្យចំណូលក្នុងខេត្តកាន់តែកើនឡើង។ សម្ដេចបានបញ្ជាក់ថា ទីតាំងនេះនឹងទាក់ទាញទាំងប្រជាពលរដ្ឋមកដើរកម្សាន្ត និងហាត់ប្រាណ។ សម្ដេចក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលរួមថែរក្សាបរិស្ថាន និងអនាម័យ ហើយបន្តរួមគ្នាដាំដើមឈើឱ្យបានច្រើនបន្ថែមទៀត។

លើសពីនេះ សម្ដេចក្រឡាហោម បានសង្ឃឹមជឿជាក់ថា រដ្ឋបាលខេត្ត ក្រុងស្រុក និងឃុំ សង្កាត់ ទូទាំងខេត្តបាត់ដំបង និងជារួមទូទាំងប្រទេស នឹងបន្តខិតខំបំពេញតួនាទី និងភារកិច្ចដ៏ល្អនេះ ឱ្យបានកាន់តែល្អប្រសើរ ទៀតនៅក្នុងនីតិកាលថ្មី។ សម្ដេចបានណែនាំឱ្យយកចិត្តទុកដាក់ការពារសិទ្ធិ និងផលប្រយោជន៍ប្រជាពលរដ្ឋ យកចិត្តទុកដាក់ប្រមូលសំណើរ សំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ហើយខិតខំរួមគ្នាដោះស្រាយ ឱ្យទាន់ពេលវេលា។

សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ក្រុមការងាររាជរដ្ឋាភិបាល បានរួមចំណែកបរិច្ចាគថវិកាផ្ទាល់ខ្លួនកសាងសមិទ្ធផលបម្រើផលប្រយោជន៍សាធារណៈគ្រប់វិស័យនៅគ្រប់មូលដ្ឋាន ធ្វើឱ្យរាជរដ្ឋាភិបាលធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ ពីមួយអាណត្តិ ទៅមួយអាណត្តិ ជាក់ស្ដែងក្នុងខេត្តបាត់ដំបង មានសមិទ្ធផលជាច្រើនបានកើតឡើង និងកំពុងបម្រើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានរាយការណ៍ថា វិមានឯករាជ្យ និងសមិទ្ធផលនានា ដែលប្រារព្ធពិធីសម្ពោធនាឱកាសនេះ បានបើកការដ្ឋានស្ថាបនា និងសាងសង់ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕





No comments:

Post a Comment