Thursday, August 03, 2023

វិភាគអន្តរជាតិ៖ តើកូរ៉េខាងជើង នឹងក្លាយជា «សម្ព័ន្ធមិត្ត» របស់រុស្ស៉ី ឬ?



FN (មូស្គូ)៖ ព័ត៌មានពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក Sergei Shoigu ទៅកាន់ទីក្រុងព្យុងយ៉ាង កាលពីថ្ងៃទី២៧ ខែកក្កដាកន្លងទៅ ត្រូវបាន អ្នកវិភាគខ្លះយល់ថាមានបង្កប់សារដ៏សំខាន់ចំនួន ២៖ នោះគឺរុស្ស៉ី និងកូរ៉េខាងជើងគឺជាសម្ព័ន្ធមិត្ត ហើយជំនួបគឺផ្ដោតជាសំខាន់លើសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ប្រឆាំង នឹងអ៊ុយក្រែន។ ប៉ុន្តែ សារទំាង ២នេះមិនមែនឆ្លុះបញ្ចាំងទាំងស្រុងពីស្ថានការណ៍ទំនាក់ទំនងរវាងរុស្ស៉ី និងកូរ៉េខាងជើងក្នុងពេលបច្ចុប្បន្ននេះទេ។

ខុសពីសូវៀត រុស្ស៉ីមិនមែនជាសម្ព័ន្ធមិត្តពិតប្រាកដរបស់កូរ៉េខាងជើងនោះទេ។ ចាប់តាំងពីកិច្ចសហប្រតិបត្តិការបច្ចុប្បន្ន ត្រូវបានចុះហត្ថលេខាដោយប្រទេសទាំង២ ក្នុងឆ្នាំ២០០០ គោលនយោបាយរបស់ទីក្រុងមូស្គូ ចំពោះកូរ៉េខាងជើងគឺដើរទន្ទឹមគ្នាទៅនឹងទីក្រុងប៉េកាំង។ ពោលគឺបោះឆ្នោតគាំទ្រទណ្ឌកម្ម UN ស្របជាមួយចិន និងបោះឆ្នោតវេតូចំពោះអ្វីដែលចិនមិនពេញចិត្ត។ និយាយជារួម វោហាសាស្ត្ររបស់រុស្ស៉ីលើកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង តែងតែធ្វើឡើងស្របទៅនឹង ទស្សនៈមតិរបស់ចិន ខណៈជាការអនុវត្តជាក់ស្ដែង ទំនាក់ទំនងសេដ្ឋកិច្ចរវាងរុស្ស៉ី និងកូរ៉េខាងជើងមិនមានភាពស៊ីជម្រៅអ្វីទេ ទោះបីជាទីក្រុងព្យុងយ៉ាង កំពុងប្រឹងប្រែង ធ្វើពិពិធកម្មទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួន ដើម្បីកុំឱ្យពឹងផ្អែកលើចិនខ្លាំងហួសហេតុពេកក៏ដោយ។

នៅក្រោយរុស្ស៉ីលើកទ័ពចូលឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ មានសេចក្ដីរាយការណ៍ជាបន្តបន្ទាប់ថាកូរ៉េខាងជើង បានគាំទ្រយ៉ាងសកម្មដល់រុស្ស៉ី ហើយ ជួនកាលក៏មានផងដែរ ការចោទប្រកាន់ពីសហរដ្ឋអាមេរិកថាទីក្រុងព្យុងយ៉ាង បាន និងកំពុងផ្គត់ផ្គង់អាវុធឱ្យរុស្ស៉ី។ ប៉ុន្តែ មិនទាន់មានភស្តុតាងមកបញ្ជាក់នោះទេ ហើយ ណាមួយ សារគាំទ្រទាំងអស់ចំពោះការឈ្លានពាន និងការយកទឹកដីមួយផ្នែករបស់អ៊ុយក្រែនពីសំណាក់រុស្ស៉ី ត្រូវបានចុះផ្សាយតែនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋតែប៉ុណ្ណោះ ដោយគេមិនអាចដឹងពីទឹកចិត្តប្រជាជនកូរ៉េខាងជើងឡើយ។ មិនតែប៉ុណ្ណោះ វាក៏មិនមាននោះដែរនូវភស្តុតាងដែលអាចបញ្ជាក់ថាទីក្រុងព្យុងយ៉ាង ទទួលបានការតបស្នង ត្រឡប់ទៅវិញពីរុស្ស៉ី សម្រាប់ការបង្ហាញការគាំទ្រ។ ត្រឡប់ទៅកាលពីឆ្នាំ២០១៤ កូរ៉េខាងជើងបានស្ថិតនៅក្នុងចំណោមប្រទេសមួយចំនួនតូច ដែលប្រកាសទទួល ស្គាល់តំបន់គ្រីមៀជាទឹកដីរុស្ស៉ី ជាមួយការរំពឹងថានឹងទទួលបានសម្បទានសេដ្ឋកិច្ចខ្លះៗពីមូស្គូមកវិញ។

ជាការពិតណាស់ មិនមានភស្តុតាងរឹងមាំណាមួយអាចសន្មត់បានថាកូរ៉េខាងជើងពិតជាកំពុងផ្គត់ផ្គង់អាវុធ ឬគ្រាប់កំាភ្លើងធំឱ្យរុស្ស៉ីនោះទេ បើទោះជារឿងបែបនេះអាច ទៅរួចទាំងស្រុងក៏ដោយ។ អាចទៅរួច ក៏ដោយសារតែឧស្សាហកម្មគ្រាប់កាំភ្លើងធំរបស់កូរ៉េខាងជើងត្រូវបានអភិវឌ្ឍក្នុងកម្រិតខ្ពស់ ហើយកាំភ្លើងធំដើរតួនាទីយ៉ាងខ្លាំង ក្នុងយោធានៃប្រទេស ចំពេលដែលរុស្ស៉ីក៏កំពុងត្រូវការគ្រាប់កំាភ្លើងធំស្រាប់។ ចំណែក កត្តាសំខាន់ផ្សេងទៀតនៅក្នុងទំនាក់ទំនងរវាងមូស្គូ និងទីក្រុងព្យុងយ៉ាង គឺថា ការឈ្លានពានរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កើតជាភាពតានតឹងយ៉ាងខ្លាំងរវាងរុស្ស៉ី និងកូរ៉េខាងត្បូង។ នៅមុនសង្រ្គាមផ្ទុះឡើង យុទ្ធសាស្ត្ររបស់ទីក្រុងសេអ៊ូល អាចត្រូវបានគេពិពណ៌នាបានថា «យើងជាសម្ព័ន្ធមិត្តអាមេរិក ប៉ុន្តែបើអាចទៅរួច យើងក៏ចង់រួមរស់ជាមិត្តនឹងរុស្ស៉ីដែរ»។ តែក្រោយសង្រ្គាមឈ្លានពានផ្ទុះឡើង កូរ៉េខាងត្បូងបានបង្ហាញការគាំទ្រភ្លាមៗចំពោះអ៊ុយក្រែន ជាហេតុជំរុញឱ្យរុស្ស៉ីបញ្ចូលកូរ៉េខាងត្បូង ទៅក្នុង «បញ្ជីឈ្មោះនៃប្រទេសអមិត្ត»។

មកទល់សព្វថ្ងៃ ទីក្រុងសេអ៊ូល មានការស្ទាក់ស្ទើរក្នុងការផ្ដល់អាវុធដោយផ្ទាល់ទៅឱ្យអ៊ុយក្រែន។ ប៉ុន្តែក្នុងខែកក្កដា ឆ្នាំ២០២៣ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងកៀវ ហើយបានសន្យាថានឹងផ្គត់ផ្គង់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នូវការបរិក្ខារសំខាន់ៗសម្រាប់សមរភូមិ។ នៅ ត្រង់នេះ វាអាចទៅរួចថាដំណើរទស្សនកិច្ចរបស់លោក Shoigu ទៅកាន់ទីក្រុងព្យុងយ៉ាង អាចជាការបញ្ចេញប្រតិកម្មមួយរបស់វិមានក្រឹមឡាំងចំពោះដំណើរទស្សនកិច្ច របស់លោក យូន ទៅកាន់ទីក្រុងកៀវ។ ក្នុងដំណើរទស្សនកិច្ចនោះ លោក Shoigu បានចូលរួមក្នុងពិធីបា្ររព្ធខួបលើកទី៧០ នៃការបិទបញ្ចប់សង្រ្គាមកូរ៉េ ដែលនៅ កូរ៉េខាងជើងត្រូវបានគេហៅថា «ជាទិវាជ័យជម្នះ» លើចក្រពត្តិអាមេរិក និងកូរ៉េខាងត្បូង»។ តាមពិតទៅ គណៈប្រតិភូជាន់ខ្ពស់រុស្ស៉ីមិនដែលបានចូលរួមក្នុងព្រឹត្តិការណ៍ បែបនេះឡើយ។ កូរ៉េខាងជើងវិញ ក៏បានរៀបចំផ្ទាំងបដាដែលមានសរសេរពាក្យពេចន៍ដែលហៅលោក Shoigu ថា «សមមត្តិ» ដែលនេះត្រូវបានគេមើលឃើញថា ទីក្រុងព្យុងយ៉ាង ចង់រំឮកដល់សម័យសង្រ្គាមត្រជាក់ ក្នុងក្ដីរំពឹងចង់បានលំហូរជំនួយសេដ្ឋកិច្ចពីទីក្រុងមូស្គូ។

វាអាចទៅរួចថាដំណើរទស្សនកិច្ចរបស់លោក Shoigu ទៅកាន់ទីក្រុងព្យុងយ៉ាង នឹងប្រែក្លាយជាលក្ខណៈផ្លូវការ ដូចគ្នាទៅនឹងកិច្ចប្រជុំកំពូលរវាងលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងទីក្រុង Vladivostok នៅឆ្នាំ២០១៩។ ជំនួបនេះមិនអាចត្រូវគេបានបដិសេធថាមិនមានន័យអ្វីសោះ នោះឡើយ ពីព្រោះជារឿយៗគេតែងតែធ្វើការសន្និដ្ឋានថារុស្ស៉ីនៅតែអាចរក្សាបាននូវទម្ងន់ការទូតនៅកូរ៉េខាងជើង។ លើសពីនេះទៅទៀត គោលដៅមួយក្នុងគោលដៅ សំខាន់ៗរបស់រុស្ស៉ីនៅកូរ៉េខាងជើង ចាប់តាំងពីឆ្នាំដំបូងនៃការឡើងកាន់អំណាចរបស់អតីតប្រធានាធិបតីរុស្ស៉ីដំបូងគេលោក Boris Yeltsin នោះគឺការបង្កើនទម្ងន់ ការទូតរបស់ខ្លួន។

ដូច្នេះ គេមិនអាចបដិសេធចោលទាំងស្រុងថាអ្វីដែលកំពុងកើតឡើងក្នុងពេលនេះ គឺមានភាពខុសប្លែកគ្នានោះទេ ដ្បិតទាំងកូរ៉េខាងជើង និងរុស្ស៉ី សុទ្ធតែសម្លឹងឃើញ ផលប្រយោជន៍ពីការធ្វើកិច្ចសហប្រតិបតិ្តការរួមគ្នា។ រុស្ស៉ីកំពុងត្រូវការជាចាំបាច់នូវគ្រាប់កាំភ្លើងធំ រីឯកូរ៉េខាងជើងអាចផលិតគ្រាប់កាំភ្លើងធំ។ កូរ៉េខាងជើងក៏ត្រូវការដែរ ជំនួយមនុស្សធម៌ ស្របពេលទណ្ឌកម្មសេដ្ឋកិច្ច និងការបិទខ្ទប់ប្រទេសប្រឆាំងនឹងកូវីដ១៩នាពេលកន្លងមកកំពុងបង្កជាគ្រោះទុរភិក្ស ហើយរុស្ស៉ីអាចផ្ដល់ជំនួយទាំងនេះ។

វាពិតជាពិបាកខ្លាំងណាស់ ក្នុងការវាយតម្លៃប្រកបដោយភាពប្រាកដប្រជា ដោយសារតែមានកត្តាជាច្រើនដែលអាចមានឥទ្ធិពលថាតើស្ថានការណ៍នឹងវិវត្តទៅ យ៉ាងដូចម្ដេច? តួយ៉ាងដូចជាស្ថានការណ៍ជាក់ស្ដែងនៅឯសមរភូមិរវាងរុស្ស៉ី និងអ៊ុយក្រែន ស្ថានភាពឧស្សាហកម្មអាវុធរុស្ស៉ី ការត្រៀមលក្ខណៈរបស់កូរ៉េខាងជើង ដើម្បី បើកព្រំដែនរបស់ខ្លួន និងទទួលយកជំនួយបរទេស ទស្សនៈយល់ឃើញរបស់ចិន ព្រមទាំងតំណែងរបស់លោក ពូទីន និងលោក គីម ជុងអ៊ុន និងកិច្ចប្រឹងប្រែងរបស់ ក្រុមមន្ត្រីនៃប្រទេសទាំង២ ហើយដែលព្រឹត្តិការណ៍ទាំងអស់នេះសុទ្ធតែពិបាកក្នុងការព្យាករ។ ប៉ុន្តែទោះជាការផ្លាស់ប្ដូរនៅកូរ៉េខាងជើង ជារឿងកម្រ និងមានរយៈពេលខ្លី ក៏ពិតមែន តែប្រវតិ្តសាស្ត្របានបង្ហាញថាពេលខ្លះ ការផ្លាស់ប្ដូរដ៏ខ្លាំងមួយ អាចនឹងកើតឡើងនៅពេលដែលវាត្រូវបានគេរំពឹងទុកតិចតួចបំផុត៕

No comments:

Post a Comment