Thursday, August 24, 2023

វិភាគអន្តរជាតិ៖ ហេតុអ្វីសមុទ្រចិនខាងត្បូង ជាមាត់ជ្រោះនៃសង្រ្គាម ក្នុងតំបន់អាស៊ី?

FN -(ម៉ានីល)៖ ការទាមទារគ្រប់គ្រងចំណែកទឹកដីរៀងៗខ្លួនរវាងចិន និងប្រទេសសមាជិកអាស៊ានមួយចំនួន ក្នុងតំបន់សមុទ្រចិនខាងត្បូងបានក្លាយជាប្រភពនៃ ភាពតានតឹងក្នុងតំបន់ អស់រយៈពេលរាប់ទសវត្សរ៍មកហើយ។ ភាពតានតឹងចុងក្រោយបំផុតបានផ្ទុះឡើងកាលពីថ្ងៃទី៥ ខែសីហាកន្លងទៅនេះ នៅពេល នាវាឆ្មាំសមុទ្រចិនត្រូវបានគេរាយការណ៍ថាបានព្យាយាមរារាំង និងប្រើកាណុងបាញ់ទឹកដាក់ទូកហ្វីលីពីន ដែលកំពុងបំពេញបេសកកម្មផ្គត់ផ្គង់ស្បៀងអាហារ និងសម្ភារៈឱ្យទាហានរបស់ខ្លួនឈរជើងនៅលើខ្មោចនាវាចម្បាំងមួយគ្រឿងក្នុងតំបន់ដែនទឹកមានជម្លោះ។

ការប៉ះទង្គិចគ្នាបែបនេះ បាន និងកំពុងបង្កឱ្យមានការភ័យខ្លាចពីការគណនាខុស និងគ្រោះថ្នាក់ណាមួយអាចបង្កទៅជាជម្លោះយោធាមួយដែលអូសទាញ សហរដ្ឋអាមេរិកឱ្យចូលរួមដែរ។ ប៉ុន្តែ ហេតុអ្វីបានជាសមុទ្រចិនខាងត្បូង គឺជាចំណុចក្ដៅនៃមាត់ជ្រោះសង្រ្គាមសម្រាប់តំបន់អាស៊ី?

* តើសមុទ្រចិនខាងត្បូង ស្ថិតនៅឯណា?

សមុទ្រចិនខាងត្បូង គ្របដណ្ដប់លើផ្ទៃប្រហែល ៣លានគីឡូម៉ែត្រក្រឡា និងហ៊ុមព័ទ្ធជុំវិញដោយភាគខាងត្បូងប្រទេសចិន តៃវ៉ាន់ ហ្វីលីពីន កោះប័រណេអូ (Borneo) និងដីគោកនៃតំបន់អាស៊ីអាគ្នេយ៍។ ភាគច្រើននៃកោះតូចៗ កូនកោះ និងតំបន់ថ្មប៉ប្រះទឹករាប់រយនៃតំបន់សមុទ្រចិនខាងត្បូង ដើមឡើយគ្មាន មនុស្សរស់នៅឡើយ។ Paracel និង Spratly គឺជាទីប្រជុំកោះធំជាងគេ ខណៈ Scarborough ជាតំបន់ថ្មប៉ប្រះទឹកស្ថិតនៅភាគខាងកើតនៃ សមុទ្រចិនខាងត្បូង។

* ហេតុអ្វីសមុទ្រចិនខាងត្បូង មានសារៈសំខាន់?

សមុទ្រចិនខាងត្បូង គឺប្រៀបដូចជា «ដំណភ្ជាប់សមុទ្រដ៏សំខាន់មួយ» រវាងមហាប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា ហើយដែលទីតាំងភូមិសាស្ត្របែបនេះមាន សារៈសំខាន់ដ៏សម្បើមសម្រាប់ពាណិជ្ជកម្ម និងយោធា។ ផ្លូវទឹកដឹកជញ្ជូននៃសមុទ្រចិនខាងត្បូង គឺតភ្ជាប់តំបន់អាស៊ីខាងកើតជាមួយអឺរ៉ុប និងមជ្ឈិមបូព៌ា ហើយ ការដឹកជញ្ជូនតាមផ្លូវទឹកឆ្លងកាត់សមុទ្រចិនខាងត្បូងមានទំហំរាប់ទ្រីលានដុល្លារ ក្នុងមួយឆ្នាំៗ។ ក្រៅតែពីជាផ្លូវទឹកដ៏សំខាន់ សមុទ្រចិនខាងត្បូងក៏សម្បូរទៅ ដោយធនធានប្រេង ឧស្ម័ន និងត្រី ដែលប្រទេសនានាប្រាថ្នាចង់បានសម្រាប់បំពេញតម្រូវការប្រជាជនរបស់ពួកគេ ផងដែរ។

* តើមានប្រទេសណាខ្លះទាមទារអធិបតេយ្យ?

ចិន និងកោះតៃវ៉ាន់ បានទាមទារអធិបតេយ្យគ្រប់គ្រងស្ទើរតែទាំងស្រុងលើតំបន់សមុទ្រចិនខាងត្បូង ខណៈវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងព្រុយណេ ក៏ទាមទារចំណែកអធិបតេយ្យរៀងៗខ្លួនដែរ។ ការទាមទារអធិបតេយ្យរបស់ទីក្រុងប៉េកាំង គឺមួយភាគធំផ្អែកលើផែនទីរបស់ចិន ចុះកាលបរិច្ឆេទតាំងតែពី ទសវត្សរ៍ឆ្នាំ១៩៤០។ ដំបូងឡើយ ចិនប្រើប្រាស់ខ្សែ​បន្ទាត់ ១១ចំណុច (11-dash line) ដើម្បីអះអាងពីអធិបតេយ្យរបស់ខ្លួនលើតំបន់សមុទ្រចិនខាងត្បូង ប៉ុន្តែបានកាត់បន្ថយមកនៅជាខ្សែបន្ទាត់ ៩ចំណុចវិញ (9-dash line) ក្រោមការដឹកនាំរបស់អតីតមេដឹកនាំចិន លោក ម៉ៅ សេទុង។

ក្នុងតំបន់សមុទ្រចិនខាងត្បូងនេះដែរ ទីប្រជុំកោះ Paracel ត្រូវបានអះអាងទាមទារដោយចិន តៃវ៉ាន់ និងវៀតណាម បើទោះជាទីក្រុងប៉េកាំងបានកាន់កាប់កោះ ស្ទើរតែទាំងអស់នៃទីប្រជុំកោះមួយនេះចាប់តាំងពីផ្ទុះសង្រ្គាមជាមួយវៀតណាមខាងត្បូង ក្នុងឆ្នាំ១៩៧៤ក៏ដោយ។ ចិនក៏បានគ្រប់គ្រងផងដែរលើតំបន់ថ្មប៉ប្រះទឹក Scarborough ជាទីកន្លែងនេសាទដ៏សម្បូរបែបមួយស្ថិតនៅចម្ងាយ ២៣០គីឡូម៉ែត្រពីឆ្នេរនៃកោះ Luzon របស់ហ្វីលីពីន។ ចិនបានកាន់កាប់តំបន់ថ្មប៉ប្រះទឹក Scarborough ក្នុងឆ្នាំ២០១២ ក្រោយផ្ទុះភាពតានតឹងជាមួយហ្វីលីពីន ព្រមទាំងគ្រប់គ្រងតំបន់ថ្មប៉ប្រះទឹកចំនួន ៧ នៃទីប្រជុំកោះ Spratly។ វៀតណាម គ្រប់គ្រង តំបន់ថ្ម និងថ្មប៉ប្រះទឹកចំនួន២១ ក្នុងទីប្រជុំកោះ Spratly ខណៈហ្វីលីពីនមានប៉ុស្តិ៍យាមនៅលើថ្មប៉ប្រះទឹក និងកោះចំនួន៩ នៃទីប្រជុំកោះមួយនេះ។ ចំណែក តៃវ៉ាន់វិញគ្រប់គ្រងលើកោះ Itu Aba នៃទីប្រជុំកោះ Spratly ហើយម៉ាឡេស៊ីគ្រប់គ្រងថ្មប៉ប្រះទឹកចំនួន ៥ ផ្សេងទៀត។

* តើប្រទេសទាំងនេះធ្វើអ្វីខ្លះ ដើម្បីទាមទារអធិបតេយ្យ?

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប្រទេសជាភាគីជម្លោះទឹកដីក្នុងតំបន់សមុទ្រចិនខាងត្បូងបាននាំគ្នាសង់ហេដ្ឋារចនាសម្ព័ន្ធលើថ្មប៉ប្រះទឹកតូចៗ និងកូនកោះ ដើម្បីពង្រឹងការទាមទារជាម្ចាស់កម្មសិទ្ធិរបស់ពួកគេ។ ត្រង់ចំណុចនេះ ចិនត្រូវបានគេរាយការណ៍ថាបានសង់ប៉ុស្តិ៍យោធា រួមទាំងផ្លូវ សម្រាប់យន្ដហោះ កំពង់ផែ និងដំឡើងប្រព័ន្ធរ៉ាដា។ ចិនក៏បានដាក់ពង្រាយផងដែរឆ្មាំសមុទ្ររាប់រយនាក់ និងនាវារាប់សិបគ្រឿងនៅតាមផ្នែកសំខាន់ នៃសមុទ្រចិនខាងត្បូង ជាពិសេស នៅតំបន់ថ្មប៉ប្រះទឹក Scarborough តែម្ដង។

* តើធ្លាប់មានជម្លោះយោធាផ្ទុះឡើងដែរឬទេ?

ជាការពិតណាស់ ធ្លាប់មានជម្លោះយោធាចំនួន ២លើកបានផ្ទុះឡើងរវាងចិន និងវៀតណាម ក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលបានបណ្ដាលឱ្យទាហានវៀតណាម ច្រើនជាង ១៣០នាក់បានស្លាប់។ ទីក្រុងប៉េកាំងបានទទួលជោគជ័យក្នុងការគ្រប់គ្រងទីប្រជុំកោះ Paracel ក្នុងឆ្នាំ១៩៧៤ ក្រោយការប៉ះទង្គិចគ្នា ជាមួយកងទ័ព ជើងទឹកវៀតណាមខាងត្បូង នៅពេលនោះ។ ចំណែក ជម្លោះទ្រង់ទ្រាយធំមួយផ្សេងទៀត បានកើតឡើងនៅពេលដែលវៀតណាម និងចិន វាយប្រយុទ្ធគ្នានៅឯ ថ្មប៉ប្រះទឹក Johnson នៃទីប្រជុំកោះ Spratlys ក្នុងឆ្នាំ១៩៩៨។

ទំនាក់ទំនងរវាងចិន និងហ្វីលីពីនក៏មានភាពតានតឹងជារឿយៗដែរជុំវិញជម្លោះដែនទឹក តែភាពតានតឹង និងការប្រឈមមុខដាក់គ្នាមិនបានបង្កទៅជា ជម្លោះយោធាឡើយ មកទល់នឹងពេលនេះ។

* តើការទូតសម្រេចបានអ្វីខ្លះ?

បណ្ដាប្រទេសជាសមាជិកអាស៊ានទាំង១០ និងចិន បានអនុម័ត «សេចក្ដីប្រកាសក្រមប្រតិបត្តិ» ដែលសេចក្ដីប្រកាសនេះមិនមានលក្ខណៈចាប់បង្ខំឱ្យអនុវត្តតាម នោះទេ ក្នុងឆ្នាំ២០០២ ដើម្បីទប់ស្កាត់សកម្មភាពអរិភាពទាំងឡាយ។ គ្រប់ភាគីពាក់ព័ន្ធទាំងអស់បានចុះហត្ថលេខាយល់ព្រម មិនប្រើប្រាស់ការសម្លុតគំរាម និងកម្លាំងបាយដើម្បីទាមទារអធិបតេយ្យរបស់ខ្លួនឡើយ។

ប៉ុន្តែ កិច្ចចរចាជាច្រើន ដើម្បីកែប្រែសេចក្ដីប្រកាសនេះទៅជាកាតព្វកិច្ចស្របច្បាប់ ឬ «ក្រមប្រតិបត្តិ» បានទទួលបរាជ័យ។ ទីក្រុងម៉ានីលនឹងរៀបចំជំនួបជុំថ្មីមួយ ទៀតលើបញ្ហានេះ ក្នុងសប្ដាហ៍នេះ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៣ ហ្វីលីពីនបានដាក់ពាក្យបណ្ដឹងមួយប្ដឹងទៅកាន់​តុលាការ​ម​ជ្ឈ​ត្ត​ការ​អចិន្ត្រៃយ៍ មានមូលដ្ឋានក្នុងទីក្រុងឡាអេ ប្រឆាំងនឹងចិន។ តុលាការនេះបានកាត់ក្ដីឱ្យហ្វីលីពីនជាអ្នកឈ្នះ ហើយចាត់ទុកថាខ្សែបន្ទាត់ចំនួន ៩ចំណុច មិនមានមូលដ្ឋានច្បាប់។ តែទីក្រុងប៉េកាំងមិនបានអើពើ ហើយក៏មិន បានអនុវត្តតាមសេចក្ដីសម្រេចនេះនោះដែរ៕


No comments:

Post a Comment