Wednesday, July 12, 2023

វិភាគអន្តរជាតិ៖ តើនឹងមានអ្វីកើតឡើង បើលោក Pita មិនអាចក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ?


FN (បាងកក)៖ នៅថ្ងៃពុធ ទី១២ ខែកក្កដានេះ គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសថៃ បានផ្តល់អនុសាសន៍ទៅកាន់តុលាការធម្មនុញ្ញ ឱ្យផ្អាកសមាជិកភាពសភារបស់ មេដឹកនាំគណបក្ស Move Forward គឺលោក Pita Limjaroenrat ជាបណ្តោះអាសន្ន និងជាបន្ទាន់ ជុំវិញការចោទប្រកាន់ថារូបលោកបានបំពានគោលការណ៍ឃោសនាបោះឆ្នោត។

គណបក្ស Move Forward បានទទួលជ័យជម្នះក្នុងការបោះឆ្នោតសកល កាលពីខែឧសភាកន្លងទៅ។ ប៉ុន្តែលោក Pita បានប្រឈម​នឹងឧបសគ្គមួយចំនួន។ កាលពីខែមិថុនា គណៈកម្មការរៀបចំការបោះឆ្នោតថៃ (EC) បានបង្កើតគណៈកម្មាធិការពិសេសមួយ ដើម្បីបើក​ការស៉ើបអង្កេតថាតើរូបលោកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីធ្វើជាសមាជិកសភា និងឈរឈ្មោះជានាយករដ្ឋមន្រ្តី ដែរឬយ៉ាងណា ពាក់ព័ន្ធនឹងការចោទប្រកាន់ថារូបលោកកាន់កាប់ភាគហ៊ុនជាង ៤២,០០០ហ៊ុន នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ iTV នៅពេលដែលលោកឈរឈ្មោះបោះឆ្នោត។

គណៈកម្មការបោះឆ្នោតថៃ បានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «EC នឹងបញ្ជូនសំណុំរឿងរបស់លោក Pita ទៅកាន់​តុលាការធម្មនុញ្ញ ដើម្បីស្នើសុំការសម្រេចផ្លូវការ»។ លោក អ៉ីតតាផ័ន ប៊ូនប្រាកង (Ittiporn Boonprakong) ដែលជាប្រធាន EC បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា គណៈកម្មការបោះឆ្នោត បានផ្តល់អនុសាសន៍ឱ្យ តុលាការធម្មនុញ្ញ ផ្អាកសមាជិកភាពតំណាងរាស្រ្ត​របស់លោក Pita។ ស្ថានការណ៍វិវត្តន៍ខាងលើកើតមាន ស្របពេលដែលសភាថៃនឹងត្រូវរៀបចំការបោះឆ្នោត ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា។ នៅក្រោមច្បាប់របស់ប្រទេសថៃ ទោះបីជាលោក Pita ត្រូវបានផ្អាកសមាជិកភាពសភាក្តី ក៏លោកនឹងនៅ​តែអាចឈរឈ្មោះជានាយករដ្ឋមន្រ្តីដែរ។ ប៉ុន្តែ ការសម្រេចចិត្តរបស់គណៈកម្មការបោះឆ្នោតថៃនឹងកាន់តែបន្ថែមភាពមិនច្បាស់លាស់លើអនាគតរបស់លោក Pita។ ដូច្នេះប្រសិនបើលោក Pita មិនអាចជាប់ឆ្នោតជានាយករដ្ឋមន្ត្រីទី៣០របស់ថៃ តើនឹងមានរឿងអ្វីកើតឡើង? ខាងក្រោមនេះគឺជាសេណារីយ៉ូ ដែលត្រូវបានគេព្យាករ៖

* លោក Pita ក្លាយជានាយករដ្ឋមន្ត្រី

ប្រសិនបើក្រុមចម្រុះដឹកនាំដោយគណបក្ស Move Forward អាចប្រមូលការគាំទ្រពីតំណាងរាស្ត្រយ៉ាងហោច ៦៥រូប មកពីគណបក្សមាននិន្នាការអភិរក្សនិយម ឬក៏ពីសមាជិក ព្រឹទ្ធសភា នោះលោក Pita អាចនឹងទទួលបានសំឡេង ៣៧៦ ដែលគ្រប់គ្រាន់ឱ្យលោកក្លាយជានាយករដ្ឋមន្ត្រីទី៣០ និងជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេបំផុតរបស់ថៃ ក្នុងរយៈពេលជិត ៨ទសវត្សរ៍មកនេះ។ ប្រសិនបើសេណារីយ៉ូនេះកើតឡើងមែន នោះលោក Pita អាចនឹងដំណើរការនីតិវិធីបង្កើតគណៈរដ្ឋមន្ត្រីថ្មីមួយដែលមានសមាជិកភាគច្រើន មកពីគណបក្ស Move Forward និងគណបក្ស Pheu Thai ដែលជាគណបក្សឈ្នះឆ្នោតឈរនៅលំដាប់ទី២ និងមានសម្ព័ន្ធភាពជាមួយអតីតនាយករដ្ឋមន្ត្រីថៃនិរទេសខ្លួននៅឯ បរទេស លោក ថាក់ស៊ីន ស៊ីនណាវ៉ាត់ ហើយរដ្ឋាភិបាលថ្មីអាចនឹងត្រូវបានបង្កើតឡើងនៅខែសីហាខាងមុខ។ ប៉ុន្តែវាមិនមែនងាយស្រួលដូចជាការរៀបរាប់នេះឡើយ។ លោក Pita នឹងត្រូវប្រឈមនឹងឧបសគ្គធំៗជាច្រើនទៀត ក្នុងនោះរួមមានគោលជំហរដាច់ខាតរបស់គណបក្ស Move Forward ក្នុងការធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះចេស្ដា ត្រង់មាត្រា១១២ ដែលដាក់ទោសយ៉ាងធ្ងន់ធ្ងរលើអ្នករិះគន់ព្រះមហាក្សត្រថៃ។

* លោក Pita ត្រូវបានជម្រុះចោល?

នេះគឺជាសេណារីយ៉ូមួយដែលអ្នកវិភាគជាច្រើនបានប្រមើលមើលទុកជាមុន។ ជាក់ស្ដែង នៅថ្ងៃពុធ ទី១២ ខែកក្កដានេះ គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសថៃ បានផ្តល់ អនុសាសន៍ទៅកាន់តុលាការធម្មនុញ្ញថៃឱ្យផ្អាកសមាជិកភាពសភា របស់លោក Pita ជាបណ្តោះអាសន្នសិនជាបន្ទាន់។ នេះមានន័យថាសមាជិកភាពសភា និងអនាគតតំណែងជា នាយករដ្ឋមន្ត្រីនឹងធ្លាក់ទៅក្នុងដៃតុលាការធម្មនុញ្ញថៃ។ លើសពីនេះទៅទៀត ឧបសគ្គមួយទៀតរបស់លោក Pita នោះគឺសមាជិកព្រឹទ្ធសភាចំនួន ២៥០នាក់ដែលសុទ្ធសឹងតែជា មនុស្សរបស់យោធាថៃ។ សមាជិកព្រឹទ្ធសភាភាគច្រើនត្រូវបានគេរំពឹងថានឹងជំទាស់ការតែងតាំងលោក Pita ជានាយករដ្ឋមន្ត្រី ឬអាចមិនចូលរួមក្នុងការបោះឆ្នោតថ្ងៃទី១៣ ខែកក្កដា។ ចំណែក សមាជិកទាំង ១៨៨រូបផ្សេងទៀត នៃសភាជាន់ទាប ឬរដ្ឋសភាថៃ ដែលនៅខាងក្រៅក្រុមចម្រុះរបស់លោក Pita ក៏មិនត្រូវបានគេរំពឹងថានឹងឈរនៅខាងលោកនោះដែរ។

តួយ៉ាង គណបក្ស Bhumjaithai ជាបក្សឈ្នះឆ្នោតឈរនៅលំដាប់ទី៣ នៅក្នុងការបោះឆ្នោតសកលកាលពីខែឧសភា បាននិយាយថានឹងមិនបោះឆ្នោតគាំទ្របេក្ខជននាយករដ្ឋមន្ត្រី រូបណាដែលចង់ធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះចេសា្តនោះទេ។ នៅក្រោមច្បាប់ថៃបច្ចុប្បន្ន មិនមានការកំណត់ថាតើសភាត្រូវកោះប្រជុំប៉ុន្មានដង ហើយក៏មិនមានការកំណត់ កាលបរិច្ឆេទផុតកំណត់ ក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនោះដែរ។ ប្រសិនបើលោក Pita មិនអាចទទួលបានការគាំទ្រ ៣៧៦សំឡេងក្នុងការបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះទេ នោះលោកអាចនឹងត្រូវព្យាយាមក្នុងការបោះឆ្នោតជាលើកទី២ ដែលអាចនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែកក្កដា។ តែយ៉ាងណាក៏ដោយ ប្រធានរដ្ឋសភា លោក Wan Muhamad Noor Matha បានបញ្ជាក់ហើយថាវាប្រហែលជាមិនអាចទៅរួចទេ ដែលការបោះឆ្នោតលើការតែងតាំងលោក Pita ជានាយករដ្ឋមន្ត្រីថ្មី អាចនឹងដំណើរការទៅលើសពី ២ ឬ ៣ដង។

ដូច្នេះបើលោក Pita បរាជ័យ នោះវានឹងមានសេណារីយ៉ូ មានផ្សេងទៀត នោះគឺគណបក្ស Pheu Thai អាចនឹងស្នើសុំឱកាសពីគណបក្ស Move Forward ឬក៏ផ្ដាច់ខ្លួនចេញតែម្ដង ដើម្បីអាចបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយជាមួយគណបក្សមាននិន្នាការអភិរក្សនិយម ក្នុងនោះជាពិសេសជាមួយគណបក្ស Bhumjaithai។ ក្រុមអ្នកវិភាគភាគច្រើនជឿថា គណបក្ស Pheu Thai មានលទ្ធភាពខ្ពស់ក្នុងការបង្កើតរដ្ឋាភិបាលចម្រុះច្រើនជាងគណបក្ស Move Forward ដោយនៅក្នុងរបាយការណ៍មួយចេញផ្សាយកាលពីដើមខែកក្កដានេះ ក្រុមអ្នកវិភាគមកពីក្រុមហ៊ុន Nomura Holdings បានឱ្យដឹងថាលទ្ធភាពដែលគណបក្ស Pheu Thai អាចដឹកនាំរដ្ឋាភិបាលចម្រុះបានគឺបានកើនឡើងពី៥៥ភាគរយ ដល់៦០ភាគរយ ខណៈឱកាសរបស់គណបក្ស Move Forward បានធ្លាក់ចុះពី ៣៥ភាគរយ មកនៅត្រឹមតែ៣០ភាគរយប៉ុណ្ណោះ។ តែទោះជាបែបនេះក្ដី ក្រុមអ្នកវិភាគយល់ថាគណបក្ស Pheu Thai ក៏មិន អាចតែងតាំងកូនស្រីបង្កើតលោក ថាក់ស៊ីន គឺអ្នកនាងផែថងថាន ជាបេក្ខជននាយករដ្ឋមន្ត្រីបាននោះដែរ ពីព្រោះយោធាថៃមានអាឡែរហ្ស៉ីជាមួយគ្រួសារត្រកូលស៊ីណាវ៉ាត់ ហើយបេក្ខជននាយករដ្ឋមន្ត្រីម្នាក់ទៀតដែលអាចទៅរួច នៅក្នុងគណបក្ស Pheu Thai នោះគឺសេដ្ឋីអចលនាទ្រព្យ លោក Srettha Thavisin។

* ការបោះឆ្នោតនឹងត្រូវលើកពេល?

ដោយសារតែគណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសថៃ បានផ្តល់អនុសាសន៍ទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញថៃឱ្យផ្អាកសមាជិកភាពសភារបស់មេដឹកនាំគណបក្ស Move Forward គឺលោក Pita Limjaroenrat ជាបណ្តោះអាសន្នសិនជាបន្ទាន់ ក្រុមសមាជិកសភា អាចនឹងបោះឆ្នោតលើកពេលការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ដោយរង់ចាំមើលថាតើលោក Pita អាចនឹងរួចផុតពីការដកសមាជិកសភា ដែរឬក៏យ៉ាងណា?

ដូច្នេះក្នុងពេលនេះអ្វីដែលគេត្រូវរង់ចាំមើលបំផុត នោះគឺថាតើតុលាការធម្មនុញ្ញថៃនឹងទទួលយកអនុសាសន៍របស់ គណៈកម្មការរៀបចំការបោះឆ្នោតថៃដែរឬក៏អត់? គេនៅចាំបានថា កាលពីឆ្នាំ២០១៩ លោក Thanathorn Juangroongruangkit ដែលជាមេដឹកនាំអតីតគណបក្ស Future Forward ត្រូវបានតុលាការធម្មនុញ្ញថៃដកសមាជិកភាពសភា និងហាមឃាត់ពីការធ្វើសកម្មភាពនយោបាយរយៈពេល១០ឆ្នាំ ដោយចោទប្រកាន់ថារូបលោកបានបំពានច្បាប់បោះឆ្នោត ពាក់ព័ន្ធនឹងការកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធ ផ្សព្វផ្សាយ V-Luck Media ដែលជាការចោទប្រកាន់ដូចគ្នាដែលលោក Pita កំពុងប្រឈម។ គណបក្ស Future Forward ជាគណបក្សដើមរបស់ Move Forward ត្រូវបានតុលាការ ធម្មនុញ្ញថៃរំលាយចោលក្នុងឆ្នាំ២០២០។

គួរបញ្ជាក់ថា ប្រសិនបើមិនអាចជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីរបស់ថៃបានទេ នោះនាយករដ្ឋមន្ត្រីចាំផ្ទះ លោក បា្រយុទ្ធ ចាន់អូចា នឹងត្រូវដឹកនាំប្រទេសជាបណ្ដោះអាសន្ន រហូតទាល់តែ រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង៕


No comments:

Post a Comment