(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្រ្តៃយ៍ និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស បានកោតសរសើរ វាយតម្លៃខ្ពស់ និងសេចក្តីថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងស្មោះស្ម័គ្រ ជូនចំពោះថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្ស គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅតាមតំបន់ និងបណ្តាប្រទេសនានាដែលកំពុង រស់នៅ និងស្នាក់នៅក្រៅប្រទេសទាំងអស់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា ប្រាជ្ញាស្មារតី ធនធាន សម្ភារៈ និងថវិកាផ្ទាល់ខ្លួន ចាប់តាំងពីការអំពាវនាវឱ្យមានការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ តាមរយៈការចេញវីដេអូឃ្លីប និងសារគាំទ្រជាបន្តបន្ទាប់ រហូតដល់នាំក្រុមគ្រួសារធ្វើដំណើរមកប្រទេសកម្ពុជាដោយ ផ្ទាល់ចូលរួមយុទ្ធនាការឃោសនាបោះឆ្នោត និងបងប្អូន លោកពូ អ្នកមីង លោកយាយ លោកតា មួយចំនួន បានធ្វើជា អ្នកសង្កេតការណ៍បោះឆ្នោត និងមួយចំនួនទៀតដែលមានសិទ្ធិបោះឆ្នោត ក៏បានចូលរួមបោះឆ្នោតកាលពីថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០២៣ កន្លងទៅផងដែរ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកសូមគោរពអនុញ្ញាតពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដ៏ជ្រាលជ្រៅ, សេចក្តីនឹករលឹក និងសេចក្ដីថ្លែងអំណរគុណពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសូមប្រសិទ្ធិពរជ័យជូនបងប្អូន លោកពូ អ្នកមីង លោកយាយ លោកតា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ទាំងអស់ ព្រមទាំងក្រុមគ្រួសារទាំងក្នុង និងក្រៅប្រទេស សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមបងប្អូនវិលត្រឡប់ទៅវិញប្រកបដោយសុខសុវត្ថិភាព។
លោកបណ្ឌិត បានជូនពរបងប្អូន លោកពូ អ្នកមីង លោកយាយ លោកតា ជាថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកាទាំងអស់ ទទួលនូវសេចក្តីគោរពស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ ពីលោក៕
No comments:
Post a Comment