នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំកុមាររាជា និងនៅក្នុងពេលឆ្លៀតឱកាសបន្តទៅសំណេះសំណាលជាមួយកម្មករ កម្មរិនីនៅក្នុងភូមិស្កុក ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្តាល បេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តតាកែវនិងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកបាទី បានប្រាប់ទៅសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាប្រមាណ៨០០នាក់ ក្នុងពិធីបញ្ចូលសមាជិកថ្មីដែលក្នុងនោះរួមទាំងបងប្អូនធ្លាប់ជាសកម្មជនបក្សប្រឆាំងផងថា សូមលោកយាយ លោកតា អ៊ុពូមីង ក្មួយៗ ប្អូនៗ ជាពិសេសកម្មករ កម្មការិនី រួមគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី១៨ ដើម្បីឱ្យឃុំកុមាររាជាទាំងមូលឈ្នះការបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ គឺបងប្អូននឹងបន្តរក្សាបាននូវសុខសន្តិភាព ឱកាសការងារល្អ និងការអភិវឌ្ឍកាន់តែរីកចម្រើនសម្បូរសប្បាយថែមទៀត។
ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានលើកឡើងនូវសមិទ្ធផលជាច្រើនដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ខិតខំកសាង អភិវឌ្ឍ រួមសុខរួមទុក្ខ និងប្រែក្លាយស្ថានភាព ជីវភាពនៃការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះរួមមាន៖ ផ្លូវថ្នល់ ផ្លូវលំក្នុងភូមិ ប្រព័ន្ធប្រឡាយទឹក សាលារៀន មណ្ឌលសុខភាព វត្តអារាម ទឹកស្អាត ការតភ្ជាប់អគ្គីសនីជូនប្រជាពលរដ្ឋបានប្រើប្រាស់គ្រប់ភូមិ ឃុំ និងជាពិសេសភាពធូរធារសម្បូរសប្បាយជាមួយនឹងស្នាមញញឹមរបស់ប្រជាពលរដ្ឋដែលមានលទ្ធភាពប្រើប្រាស់សម្ភារៈថ្មីទំនើបៗ ទាន់សម័យ រថយន្ត ម៉ូតូ គ្រឿងចក្រ និងផ្ទះសម្បែងភាគច្រើនសុទ្ធតែជាផ្ទះថ្ម ផ្ទះក្បឿងធំៗ និងបានកាត់បន្ថយមកនៅផ្ទះប្រក់ស័ង្កសី រីឯផ្ទះស្លឹកមកនៅចំនួនតិចតួចនាពេលបច្ចុប្បន្ននេះ។
ឯកឧត្តមបណ្ឌិត បានបន្តថា សព្វថ្ងៃបងប្អូនមានជីវភាពរស់នៅកាន់តែប្រសើរឡើងជាលំដាប់ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ហើយជានិច្ចកាលគណបក្សប្រជាជនកម្ពុជាបានខិតខំបម្រើប្រជាពលរដ្ឋដោយស្មោះសរបំផុត និងគិតគូពីជីវភាពរស់នៅ ជាមួយនឹងការដាក់ចេញនូវផែនការអភិវឌ្ឍជាតិយូរអង្វែងទៅមុខ ក្រោមកម្មវិធីនយោបាយដ៏ត្រឹមត្រូវ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តបម្រើប្រជាពលរដ្ឋឱ្យកាន់តែរុងរឿងជាលំដាប់។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ក៏បានក្រើនរំលឹកដល់បងប្អូន ក្មួយៗកម្មករ កម្មការិនី រួមទាំងមន្ត្រីរាជការ និងអ្នកធ្វើការងារក្នុងវិស័យឯកជនដែលទទួលស្គាល់តាមគោលការណ៍ច្បាប់ត្រឹមត្រូវ សូមឱ្យប្រឹងប្រែងខិតខំធ្វើការងាររបស់ខ្លួនឱ្យបានយូរទៅមុខទៀត ដើម្បីទទួលបាននូវអត្ថប្រយោធន៍ដ៏សំខាន់ គឺប្រាក់ចូលនិវត្សន៍ និងអតីតភាពការងារ ដែលនឹងជួយសម្រួលដល់ការរស់នៅក្នុងក្រុមគ្រួសារទៅថ្ងៃអនាគត និងសូមកុំឈប់ធ្វើការកណ្តាលទី ដែលនាំឱ្យខាតបង់ឱកាសល្អសម្រាប់ដល់ពេលមានវ័យចំណាស់។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ដោយបានដឹងថានៅតាមបណ្តាភូមិឃុំនានាក្នុងស្រុកបាទី មានកំណើនក្មេងតូចៗច្រើន ឯកឧត្តមបណ្ឌិត ក៏បានមានប្រសាសន៍ សន្យាថានឹងសាងសង់សាលាមត្តេយ្យសហគមន៍ក្នុងឃុំ ដើម្បីជួយសម្រាលបន្ទុកដល់ឪពុកម្តាយ យាយតា ឬអាណាព្យាបាលបានជូនកូនចៅចូលរៀន ដែលមានសាលារៀននៅជិតផ្ទះផងដែរ។
នៅក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ក៏បានផ្តល់នូវការសង្ឃឹមជឿជាក់ចំពោះការគាំទ្រយ៉ាងច្រើនកុះកររបស់បងប្អូនប្រជាពលរដ្ឋ ដែលបាននិងកំពុងទទួលផលនៃសុខសន្តិភាពនេះ នឹងបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះទាំងអស់គ្នា ដើម្បីបង្ហាញនូវការគោរព ស្រឡាញ់ ដឹងគុណ និងគាំទ្រការដឹកនាំរបស់សម្តេចតេជោ ឱ្យទទួលបានជោគជ័យ គឺគណបក្សប្រជាជនកម្ពុជានឹងឈ្នះឆ្នោត ហើយនឹងបន្តដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៧ខាងមុខ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ដែលប្រជាជនកម្ពុជានឹងសម្រេចបាននូវសមិទ្ធផលថ្មីៗនៃការអភិវឌ្ឍជាតិយូរអង្វែងទៅមុខទៀត៕
No comments:
Post a Comment