នៅព្រឹកថ្ងៃអាទិត្យ ៨កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ដែលបំរើការងារនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (MANHATTAN) ក្រុងបាវិត ខេត្ត ស្វាយរៀង។
សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានមកជួបក្មួយៗចៅៗ កម្មករ កម្មការិនីទាំងអស់ដែលកំពុងបម្រើការងារនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន (MANHATTAN) ក្រុងបាវិត ខេត្ត ស្វាយរៀង។សម្តេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការបង្កើតឲ្យមានជាតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិតនេះ គឺជាគំនិតផ្តួចផ្តើមរបស់លោក ក្លេមែន យ៉ាង (CLEMENT YANG) ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលកាលនោះមានកម្មករ កម្មការិនី ត្រឹមតែជាង១០០នាក់ប៉ុណ្ណោះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តទៀតថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងកម្រិត៥,៦% នៅឆ្នាំ២០២៣នេះ និងនៅឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជា នឹងបន្តកើនឡើងក្នុងរង្វង់ ៦,៦% ដែលកំណើនទាំងនេះបានផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ៗគ្នា។ សម្តេចតេជោបានមានប្រសាសន៍ទៀតថា ភាពជិតស្និទ្ធ ភាពរួសរាយរាក់ទាក់របស់កូនក្មួយកម្មករកម្មការិនីរោងចក្រ វាមិនមែនត្រឹមតែជាភាពជិតស្និទ្ធរវាងមេដឹកនាំ និងប្រជាពលរដ្ឋនោះទេ តែវាជាទឹកចិត្ត ក្តីស្រលាញ់មិនអាចកាត់ថ្លៃបានរវាងឪពុក និងកូន, រវាងពូ និងក្មួយ ដែលជាទម្លាប់ល្អក្នុងសង្គមគ្រួសារខ្មែរផងដែរ។សម្តេចតេជោបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាមិនធ្វើនយោបាយបង្កអរិយភាពជាមួយប្រទេសក្បែរខាងនោះទេ គឺកម្ពុជាធ្វើនយោបាយផ្តល់នូវសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិ ជាពិសេសជាមួយប្រទេសក្បែរខាងកម្ពុជា។
នៅថ្ងៃនេះ សម្តេចតេជោបានមានប្រសាសន៍ថា កម្ពុជានឹងក្លាយជាប្រទេសអធិរាជនាំគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សាយអន្តរជាតិ ខណៈដែលបច្ចុប្បន្នកម្ពុជាបាននាំគ្រាប់ស្វាយចន្ទីក្នុងចំនួនដ៏ច្រើន ដែលពេលនេះកម្ពុជាយើងក្រោមតែប្រទេសកូឌីវ័រមួយបន្តិចប៉ុណ្ណោះ ដែលបច្ចុប្បន្នជាប្រទេសនាំគ្រាប់ស្វាយចន្ទីច្រើនជាងគេបំផុត ទៅកាន់ទីផ្សារអន្តរជាតិ។សម្តេចបន្តទៀតថា ពីមុនកម្ពុជាជាប្រទេសនាំចូលទំនិញដ៏ច្រើនពីប្រទេសក្បែរខាងដូចជាពីប្រទេសវៀតណាម និងប្រទេសថៃជាដើម តែបច្ចុប្បន្នកម្ពុជា បានប្រែពីប្រទេសនាំទំនិញ ក្លាយជាប្រទេសនាំចេញដ៏ច្រើនទៅកាន់ទីផ្សារអន្តរជាតិ រួមទាំងទៅប្រទេសវៀតណាមផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាន៍ថា គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សដ៏ល្អមួយសម្រាប់ប្រជាជនកម្ពុជា ដែលធានាបាននូវសុខសន្តិភាព សេរីភាព និងការអភិវឌ្ឍលើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា។ក្នុងមួយឆ្នាំៗ រាជរដ្ឋាភិបាលត្រូវប្រឹងប្រែងបង្កើតការងារថ្មីបន្ថែមទៀត យ៉ាងហោចណាស់ក្នុងរង្វង់៣០ម៉ឺនកន្លែង ដើម្បីធានាភាពមានការងារធ្វើសម្រាប់ប្រជាជនកម្ពុជា ហើយចាប់ពីខែសីហា ឆ្នាំនេះទៅ កម្ពុជានឹងត្រូវបណ្ដុះបណ្ដាលយុវជនក្រីក្រ១លានកន្លះ ដោយរដ្ឋជាអ្នកចំណាយ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កត្តាសុខសន្តិភាព គឺជាការចាប់ផ្តើមដំបូងនៃការអភិវឌ្ឍនិងសកម្មភាពផ្សេងៗទៀត នៃវឌ្ឍនភាព រួមទាំងកំណើនការងារសម្រាប់កម្មករ-កម្មការិនីផងដែរ។ សម្តេចតេជោ បានប្រកាសមិនលើកលែងចំពោះជនណា ឬក្រុមប្រឆាំងណា ដែលមានបំណងបង្កការរំខាន អុកឡុក ឬធ្វើសកម្មភាពផ្សេងៗ ដើម្បីបំផ្លាញសុខសន្តិភាពនៅកម្ពុជានោះទេ។
សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ម្ចាស់រោចក្រ និងកម្មករនិយោជិត ត្រូវរួមគ្នាធ្វើយ៉ាងណាឱ្យរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ។ កុំឱ្យមានគ្រឿងញៀន កុំឱ្យមានបងតូច បងធំ កុំឱ្យមានជម្លោះរវាងកម្មករនិយោជិត និងថៅកែរោងចក្រ។សម្តេចតេជោ បានប្រកាសជំរុញ និងលើកទឹកចិត្ត ឱ្យមានការដោះស្រាយបញ្ហានានានៅរោងចក្រសហគ្រាសនៅនឹងមូលដ្ឋានតែម្តង ដោយមិនត្រូវរង់ចាំតែថ្នាក់ជាតិមកជួយដោះស្រាយឡើយ និងត្រូវធ្វើការដោះស្រាយឱ្យបានលឿនរហ័ស។ នៅថ្ងៃនេះ សម្ដេចតេជោបានសាទរចំពោះម្ចាស់តំបន់សេដ្ឋកិច្ចពិសេសមេនហាធេន ដែលមានមហិច្ឆិតាប្រែក្លាយតំបន់ សេដ្ឋកិច្ចពិសេសនេះ ឱ្យទៅជាតំបន់ឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ប្រើប្រាស់ថាមពលបៃតង ដែល គម្រោងនេះស៊ីគ្នាជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់បងប្អូនកូនក្មួយ កម្មករ កម្មការិនីទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន ជាពិសេសកម្មការិនីដែលមានផ្ទៃពោះសូមឲ្យទទួលបាននូវសុខភាពល្អ ទាំងម្ដាយ និងកូននៅពេលសម្រាលហើយក៏បានផ្ដល់ជាថវិកា សម្រាប់ស្ត្រីមានផ្ទៃពោះចំនួន ១២២០នាក់ ក្នុងម្នាក់ៗ ២០០ដុល្លារ ក្នុងនោះមានស្ត្រីមានកូនភ្លោះ២ ចំនួន៨នាក់ ក្នុងម្នាក់ៗ ចំនួន៤០០ដុល្លារផងដែរ៕
No comments:
Post a Comment