Thursday, June 22, 2023

វិភាគអន្តរជាតិ៖ បើអាមេរិកអាចស៊ើបការណ៍លើចិន ហេតុអ្វីចិនមិនអាចស៊ើបការណ៍លើអាមេរិក?

FN - វ៉ាស៊ីនតោន៖ ភាពតានតឹងនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ទើបតែចាប់ផ្ដើមមានភាពធូរស្រាលបន្តិច បន្ទាប់ពីបានឡើងកម្ដៅខ្លាំង ក្រោយយោធាអាមេរិកបាញ់ទម្លាក់បាឡុងមួយរបស់ចិន នៅក្នុងដែនអាកាសរបស់ខ្លួនកាលពីខែកុម្ភៈកន្លងទៅ។ បើតាមមន្ទីរបញ្ចកោណ បាឡុងចិននេះ គឺជាបាឡុងស៊ើបការណ៍ ខណៈទីក្រុងប៉េកាំងបានច្រានចោលដោយអះអាងថាវាគ្រាន់តែជាបាឡុងស៊ីវិលធម្មតាប៉ុណ្ណោះ។

ដោយសារតែឧបត្តិហេតុបាឡុងនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានលុបចោលគម្រោងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នៅពេលនោះ ហើយរហូតដល់ថ្ងៃទី១៨ ខែមិថុនានេះ ទើបដំណើរទស្សនកិច្ចរបស់លោក Blinken ត្រូវបានធ្វើឡើងក្នុងទីក្រុងប៉េកាំង ជាទីដែលលោក បានជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងមន្ត្រីកំពូលៗរបស់ចិន។ ដំណើរទស្សនកិច្ចនេះមិនអាចសម្រេចបាននូវលទ្ធផលធំដុំអ្វីនោះទេ ស្របពេលទីក្រុងវ៉ាស៊ីនតោន និងចិន កំពុងមានរឿងត្រូវដោះស្រាយគ្នាជាថ្មី ពាក់ព័ន្ធនឹងស្ថានីយស៊ើបការណ៍សម្ងាត់របស់ចិននៅក្នុងប្រទេសគុយបា។

កាលពីថ្ងៃទី៨ ខែមិថុនា កាសែតអាមេរិក Wall Street Journal ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីចារកម្មអាមេរិកក្នុងលក្ខខណ្ឌមិន បញ្ចេញឈ្មោះ បានរាយការណ៍ថា «គុយបាបានយល់ព្រមឱ្យចិនដំឡើងស្ថានីយស៊ើបការណ៍សម្ងាត់នៅលើទឹកដីរបស់ខ្លួន ជាថ្នូរនឹងការបង់ប្រាក់ពីចិន រាប់ពាន់លានដុល្លារ»។ ស្ថានីយស៊ើបការណ៍នេះ មានទីតាំងស្ថិតនៅលើកោះដែលស្ថិតនៅចម្ងាយប្រហែល ១៦០គីឡូម៉ែត្រពីរដ្ឋផ្ល័រីដា សហរដ្ឋអាមេរិក

ហើយវានឹងអនុញ្ញាតឱ្យទីក្រុងប៉េកាំង លួចស្ដាប់ និងប្រមូលព័ត៌មានពីការទំនាក់ទំនងនានាតាមប្រព័ន្ធអេឡិចត្រូនិក នៅទូទាំងតំបន់ភាគខាងត្បូង សហរដ្ឋអាមេរិក ព្រមទាំងអាចតាមដានចរាចរណ៍នាវាផងដែរ។

ក្រោយមានសេចក្ដីរាយការណ៍នេះ ក្រុមតំណាងរាស្ត្រអាមេរិកជាច្រើនបានបង្ហាញការខឹងសម្បារ និងចាត់ទុកថាការដំឡើងស្ថានីយស៊ើបការណ៍របស់ចិន នៅគុយបាដែលមានចម្ងាយត្រឹមតែ ១៦០គីឡូម៉ែត្រពីរដ្ឋផ្ល័រីដា សហរដ្ឋអាមេរិក គឺជារឿងមិនអាចទទួលយកបានជាដាច់ខាត ហើយថាប្រសិនបើវាជា ការពិតមែន នោះនេះបង្ហាញយ៉ាងច្បាស់ពីសកម្មភាពឈ្លានពានរបស់ចិនថ្មីមួយទៀត បន្ទាប់ពីឧបត្តិហេតុបាឡុង។ រហូតដល់ថ្ងៃទី១០ ខែមិថុនា ទើប សេតវិមានបានទទួលស្គាល់ថាចិនមានស្ថានីយស៊ើបការណ៍សម្ងាត់ក្នុងប្រទេសគុយបាជាច្រើនឆ្នាំមកហើយ។ បើតាមក្រុមមន្ត្រីរដ្ឋបាលលោក បៃដិន បញ្ហានេះបានកើតឡើងតាំងតែពីសម័យដឹកនាំរបស់លោក ដូណាល់ ត្រាំ ហើយបច្ចុប្បន្ន ពួកគេកំពុងធ្វើការតាមមធ្យោបាយការទូត ដើម្បីទប់ទល់នឹង សកម្មភាពស៊ើបការណ៍របស់ចិននៅគុយបា​ និងនៅជុំវិញពិភពលោក។

ជាការពិតណាស់ វាអាចទៅរួចថាចិនកំពុងធ្វើបច្ចុប្បន្នភាពវត្តមានស៊ើបការណ៍សម្ងាត់របស់ខ្លួននៅគុយបា។ ប៉ុន្តែ វត្តមានបែបនេះជារឿងមួយគួរឱ្យភ្ញាក់ ផ្អើលដែរ ឬក៏យ៉ាងណា? សហភាពសូវៀតបានដំឡើងស្ថានីយលួចស្ដាប់ និងប្រមូលព័ត៌មានសម្ងាត់ក្នុងប្រទេសគុយបា អស់រយៈពេលរាប់ទសវត្សរ៍។ ចំណែក សហរដ្ឋអាមេរិកក៏ធ្លាប់ចង់ប្រថុយធ្វើសង្រ្គាម ដើម្បីបង្ខំឱ្យសូវៀតដកមីស៊ីលនុយក្លេអ៊ែរចេញពីគុយបា ប៉ុន្តែមិនបានបញ្ចេញប្រតិកម្មអ្វីធំដុំ នោះទេចំពោះស្ថានីយស៊ើបការណ៍របស់សូវៀត។ នេះអាចមកពីសហរដ្ឋអាមេរិកខ្លួនឯងទទួលស្គាល់ថាគ្រប់ប្រទេសទាំងអស់មានសិទ្ធិធ្វើចារកម្មលើ បណ្ដាប្រទេសដទៃ។

លើសពីនេះទៅទៀត វាមើលទៅដូចជាមិនទំនងដែលសហរដ្ឋអាមេរិកស្រែកប្រឆាំងនឹងការធ្វើចារកម្មរបស់ចិន ខណៈទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ អាមេរិកកំពុងធ្វើសកម្មភាពនៅជុំវិញពិភពលោក រហូតថែមទាំងបានលួចស្ដាប់ និងស៊ើបការណ៍សម្ងាត់ទាំងលើសត្រូវ និងសម្ព័ន្ធមិត្តរបស់ខ្លួនឯង ទៀតផង។

ចិនបានដឹងពីការងារប្រមូលព័ត៌មានសម្ងាត់របស់សហរដ្ឋអាមេរិក គឺដោយសារតែនៅក្រោយការបង្កើតទំនាក់ទំនងការទូតរវាងប៉េកាំង និងវ៉ាស៊ីនតោន ក្នុងឆ្នាំ១៩៧០ ចិនបានអនុញ្ញាតឱ្យដំឡើងស្ថានីយស៊ើបការណ៍របស់ទីភ្នាក់ស៊ើបការណ៍សម្ងាត់អាមេរិក NSA នៅក្បែរតំបន់ព្រំដែនរបស់ខ្លួនជាប់ជាមួយ សហភាពសូវៀត ដែលពេលនោះមិនត្រូវគ្នាជាមួយចិន។ សូវៀតក៏ធ្លាប់មិនពេញចិត្ត និងខឹងសម្បារចំពោះវត្តស្ថានីយស៊ើបការណ៍សម្ងាត់អាមេរិក ក្រោម គម្រោង Project Chestnut ជាមួយចិននេះដែរ តែនៅតែត្រូវបង្ខំចិត្តរៀនរស់នៅជាមួយវា។

មកទល់នឹងពេលបច្ចុប្បន្ន សហរដ្ឋអាមេរិកបានធ្វើកិច្ចសហប្រតិបត្តិការជាទៀងទាត់ក្នុងការប្រមូលព័ត៌មានសម្ងាត់អំពីចិន ជាមួយសម្ព័ន្ធមិត្តដូចជា អូស្ត្រាលី និងនូវែលសេឡង់ ព្រមទាំងបានបញ្ជូនយន្ដហោះស៊ើបការណ៍ទៅកាន់ដែនអាកាសចិន។ តួយ៉ាង នៅបន្ទាប់ពីយន្ដហោះចម្បាំងចិនមួយគ្រឿង កាលពីចុងខែឧសភាកន្លងទៅ បានហោះចូលទៅកៀកយន្ដហោះស៊ើបការណ៍អាមេរិក RC-135 នៅតំបន់សមុទ្រចិនខាងត្បូង ក្រុមមន្ត្រីអាមេរិក បានចេញមុខថ្កោលទោសសកម្មភាពរបស់យន្ដហោះចម្បាំងចិនភ្លាមៗ។

ក៏ប៉ុន្តែ ប្រសិនបើសហរដ្ឋអាមេរិកអាចធ្វើចារកម្មនៅក្បែរចិនបាន ចុះហេតុអ្វីចិនមិនអាចធ្វើចារកម្មនៅក្បែរសហរដ្ឋអាមេរិក? លោក Paul Heer ជាអតីត មន្ត្រីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកប្រចាំតំបន់អាស៊ីបូព៌ា បានលើកឡើងដូច្នេះថា «យើងមិនគួរមានការភ្ញាក់ផ្អើលខ្លាំងអ្វីនោះទេចំពោះលទ្ធភាព ដែលចិនដំឡើងស្ថានីយស៊ើបការណ៍នៅក្នុងប្រទេសគុយបា។ ពីព្រោះប្រទេសទាំង២នេះមានទំនាក់ទំនងស៊ើបការណ៍សម្ងាត់នឹងគ្នាអស់រយៈពេល រាប់ទសវត្សរ៍មកហើយ...ដូច្នេះការដែលចិនប្រមូលព័ត៌មានសម្ងាត់ចេញពីគុយបា វាមានលក្ខណៈដូចគ្នាទៅនឹងការប្រមូលព័ត៌មានពីចិន ចេញពីស្ថានីយ ស៊ើបការណ៍របស់អាមេរិកនៅតាមបណ្ដាប្រទេសជាសម្ព័ន្ធមិត្ត ​និងការដឹកនាំបេសកកម្មស៊ើបការណ៍របស់អាមេរិកក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ដូច្នោះដែរ។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងគុយបាអាចនឹងកាន់តែយ៉ាប់យ៉ឺន ក្រោយមានសេចក្ដីរាយការណ៍ពីវត្តមានស្ថានីយស៊ើបការណ៍របស់ ចិន។ លោក ចូ បៃដិន បានដកទណ្ឌកម្មមួយចំនួនដែលរដ្ឋបាលលោក ដូណាល់ ត្រាំ បានអនុវត្តប្រឆាំងនឹងគុយបាក៏ពិតមែន តែមិនបានភ្ជាប់ទំនាក់ទំនង ការទូតជាប្រក្រតីឡើងវិញជាមួយគុយបា ដែលបានជាប់ទណ្ឌកម្មអាមេរិកអស់រយៈពេលជាង ៦០ឆ្នាំ មកនេះនោះទេ។ ដូច្នេះខណៈគុយបា កំពុងប្រឈម នឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ តើវាជារឿងជាចម្លែកទេដែលទីក្រុងឡាហាវ៉ាន ស្វែងរកការគាំទ្រហិរញ្ញវត្ថុពីចិន។ ទណ្ឌកម្ម បានបង្ខំឱ្យគុយបា ដើរដល់ផ្លូវមួយ គ្មានជម្រើសណាល្អ ក្រៅតែពីស្វែងរកសម្ព័ន្ធមិត្តដូចជាចិន និងរុស្ស៉ី ដើម្បីបន្តរស់នៅតទៅមុខទៀត៕


No comments:

Post a Comment