Friday, June 16, 2023

វិភាគអន្តរជាតិ៖ តើចិន ចង់បានអ្វីពី «ការដំឡើងសាច់ដុំយោធា» នៅច្រកសមុទ្រតៃវ៉ាន់?


FN (វ៉ាស៊ីនតោន)៖ អស់រយៈពេលជាងកន្លះស.វមកហើយដែលតំបន់ច្រកសមុទ្រតៃវ៉ាន់ បានស្គាល់នូវសន្តិភាព ហើយនេះក៏ដោយសារតែកត្តាគួបផ្សំជាច្រើន ដូចជា ការទូត ដ៏រស់រវើក អំណាចយោធាទប់ស្កាត់សង្រ្គាម និងការអត់ធ្មត់ទាំងពីសំណាក់ចិន តៃវ៉ាន់ និងសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ កត្តាទាំងអស់នេះដែលរក្សាសន្តិភាព ប្រហែលជា មិនអាចបន្តទៀតនៅពេលអនាគតនោះទេ ខណៈប្រភពនៃអស្ថិរភាពកើនឡើងជាលំដាប់នៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់​ ដោយការទូតកំពុងបែកខ្ញែក អំណាចយោធា ទប់ស្កាត់សង្រ្គាម កំពុងថយចុះ រីឯការអស់ភាពអត់ធ្មត់របស់ចិនកាន់តែកើនឡើង។

ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានបង្កើនការធ្វើសកម្មភាពយោធាយ៉ាងខ្លាំងតាមរយៈការបញ្ជូនយន្ដហោះចម្បាំង និងនាវាចម្បាំងទៅក្បែរ និងជុំវិញកោះតៃវ៉ាន់។ មិនតែប៉ុណ្ណោះ ការប្រឈមមុខដាក់គ្នារវាងយន្ដហោះចម្បាំង រួមទាំងនាវាចម្បាំងរបស់ចិន និងសហរដ្ឋអាមេរិក នៅក្នុងតំបន់ ក៏តែងតែកើតឡើងជារឿយៗ គួរឱ្យព្រួយបារម្ភផងដែរ។ ក៏ប៉ុន្តែ ហេតុអ្វីបានជាចិនជ្រើសរើសយកការធ្វើសកម្មភាពយោធាបែបនេះ?

ពិតណាស់ នៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ស៊ី ជិនពីង ចិនបានបង្កើនការផ្តោតយ៉ាងសម្បើមទៅលើអំណាចយោធា ដើម្បីធ្វើឱ្យតុល្យភាពអំណាច ក្នុងតំបន់ ច្រកសមុទ្រតៃវ៉ាន់ ផ្អៀងមកខាងចិន។ តែព្រមពេលជាមួយគ្នា ការផ្ដោតលើអំណាចយោធានេះ បានរុញច្រានតៃវ៉ាន់ទៅកាន់ឆ្ងាយ ហើយធ្វើឱ្យលទ្ធភាពនៃការ បង្រួបបង្រួមជាតិដោយសន្តិវិធីកាន់តែរួមតូច ក៏ដូចជាបង្កើនការមើលឃើញថាចិននឹងមានតែជម្រើសប្រើកម្លាំងយោធា ប្រសិនបើវាត្រូវបានកំណត់ថាអាចគ្រប់គ្រង តៃវ៉ាន់បាន។

យ៉ាងនេះក្ដី ការងាកទៅរកអំណាចយោធា ក៏ដោយសារតែចិនមើលឃើញដែរពីភាពមិនស៊ីសង្វាក់គ្នានៃផលប្រយោជន៍ និងការប្រើធម៌ត្រជាក់ពេកចំពោះគូប្រជែង របស់ខ្លួនអាចនឹងធ្វើឱ្យខាតប្រយោជន៍។ ថា្នក់ដឹកនាំចិនបានផ្ដល់សិទ្ធិយ៉ាងទូលំទូលាយឱ្យកងទ័ពរំដោះប្រជាជនចិន PLA ក្នុងការដឹកនាំការធ្វើសកម្មភាពយោធា ដ្បិត ពួកគេបានគណនារួចហើយថាតៃវ៉ាន់នឹងមិនហ៊ានប្រថុយចាត់វិធានការឆ្លើយតប ហើយក៏មិនចង់ក្លាយជាភាគីដែលបង្កឱ្យមានគ្រោះថ្នាក់ណាមួយកើតឡើងនោះដែរ។

ថ្នាក់ដឹកនាំចិនក៏ប្រហែលជាបានគិតដែរថាការធ្វើសកម្មភាពយោធាកាន់តែខ្លាំង និងមិនឱ្យគេព្យាករបានរបស់ PLA អាចនឹងជំរុញឱ្យមានការប្រុងប្រយ័ត្ន កាន់តែច្រើនពី សហរដ្ឋអាមេរិក។ នៅត្រង់ចំណុចនេះ ការកើនឡើងនៃការប្រឈមមុខដាក់គ្នារវាងយន្ដហោះចម្បាំង ក៏ដូចជានាវាចម្បាំងរវាងសហរដ្ឋអាមេរិក និងចិន រួមទាំង ការបដិសេធបើកបណ្ដាញទំនាក់ទំនងយោធាឡើងវិញជាមួយសហរដ្ឋអាមេរិក សុទ្ធសឹងតែជាសមាសធាតុដ៏សំខាន់នៃយុទ្ធសាស្ត្រសម្លុតគំរាមរបស់ចិនដែលមាន គោលដៅដាក់សម្ពាធសហរដ្ឋអាមេរិក ឱ្យកាត់បន្ថយការធ្វើប្រតិបត្តិការយោធានៅក្នុងតំបន់យុទ្ធសាស្ត្រនៅក្បែរកោះតៃវ៉ាន់ ដែលចិនចង់កាន់កាប់។

ទីក្រុងប៉េកាំង បានដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីបង្ហាញអំណាចយោធារបស់ខ្លួន ក្នុងចេតនាកែប្រែស្ថានភាពដើមក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។ ជាជំហានដំបូង ចិនចង់ធ្វើឱ្យគេគ្រប់គ្នាយល់ឃើញថាការបញ្ជូនយន្ដហោះចម្បាំង ចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាការពារដែនអាកាស (ADIZ) របស់តៃវ៉ាន់គឺជារឿងធម្មតា ហើយ ក្រោយមកទៀត បន្តបង្កើនការធ្វើសកម្មភាពរបៀបនេះដែលមើលទៅហាក់ដូចជារឿងធម្មតាដែលយោធាចិនធ្វើប្រតិបត្តិការ ឬសមយុទ្ធក្នុងតំបន់ ADIZ នេះ។ សមយុទ្ធ នេះមានការចូលរួមពីសម្ភារយោធាទំនើបៗកាន់តែច្រើនរួមមានយន្ដហោះទម្លាក់មានសមត្ថភាពទម្លាក់គ្រាប់នុយក្លេអ៊ែរ យន្ដហោះចម្បាំង ប្រព័ន្ធអាវុធប្រឆាំងនាវាមុជទឹក យន្ដហោះដ្រូន និងយន្ដហោះចាក់សាំងលើអាកាស។

តាមរយៈការធ្វើសកម្មភាពយោធានេះ ចិនមានបំណងពង្រឹងសមត្ថភាពធ្វើប្រតិបត្តិការរបស់ខ្លួន កាត់បន្ថយកម្លាំងយោធាតៃវ៉ាន់បន្តិចម្ដងៗ និងហេតុផលដ៏មាន សក្ដានុពលមួយទៀត គឺបំភ័ន្តសង្គ្រាមពិតប្រាកដថាជាការធ្វើសមយុទ្ធយោធាម្មតា ដើម្បីកុំឱ្យសហរដ្ឋអាមេរិក និងតៃវ៉ាន់ត្រៀមខ្លួនទាន់ពេល ក្នុងករណីដែលចិនសម្រេច ថាត្រូវតែប្រើកម្លាំងយោធា។ លើសពីនេះទៅទៀត ចិនក៏កំពុងព្យាយាមលុបបំបាត់ខ្សែបន្ទាត់កណ្ដាលក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ដែលជាខ្សែបន្ទាត់ក្រៅផ្លូវការខណ្ឌចែក រវាងចិន និងតៃវ៉ាន់។ ទាំងចិន និងតៃវ៉ាន់តែងតែគោរពតាមខ្សែបន្ទាត់កណ្ដាលនេះជាច្រើនទសវត្សរ៍ និងបង្ហាញភាពអត់ធ្មត់ បើទោះជាទំនាក់ទំនងត្រើយទាំងខាងសង ចាប់ផ្ដើមធ្លាក់ចុះដុនដាបក្នុងឆ្នាំ២០១៦មកក៏ដោយ។ តែយ៉ាងណាក៏ដោយ នៅបន្ទាប់ពីដំណើរទស្សនកិច្ចរបស់អតីតប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅកោះតៃវ៉ាន់ កាលពីខែសីហា ឆ្នាំ២០២២ ទីក្រុងប៉េកាំងបានបញ្ជូនយន្ដហោះចម្បាំងហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនេះជាប្រចាំ ​និងបដិសេធ ទទួលស្គាល់ខ្សែបន្ទាត់កណ្ដាល។

ក្នុងពេលបច្ចុប្បន្ន យោធាចិនកាន់តែធ្វើសកម្មភាពក្នុងទិសដៅដ៏គ្រោះថ្នាក់ខ្លាំងជាមុនទៅទៀត ដោយការធ្វើប្រតិបត្តិការនាវាចម្បាំងនៅត្រឹមចម្ងាយតែជាង ៤៤គីឡូម៉ែត្រ ពីតំបន់ឆ្នេរសមុទ្រតៃវ៉ាន់ ខណៈនាវាចម្បាំងចិនពី៣ ដល់៨គ្រឿង ធ្វើប្រតិបត្តិការជាប្រចាំក្នុងតំបន់នេះ។ ការរក្សាវត្តមាននាវាចម្បាំងបែបនេះ បានផ្ដលឱ្យចិននូវ អត្ថប្រយោជន៍ ក្នុងការប្រមូលព័ត៌មានសម្ងាត់ ការត្រៀមលក្ខណៈសម្រាប់ការធ្វើប្រតិបត្តិការ ព្រមទាំងបង្ហាញពីអសមត្ថភាពរបស់សហរដ្ឋអាមេរិក ក្នុងការទប់ស្កាត់ ការថយចុះសន្តិសុខរបស់តៃវ៉ាន់។

បើតាមក្រុមអ្នកវិភាគ ដូចជាលោក DAVID SACKS ជាអ្នកសា្រវជ្រាវម្នាកមកពីវិទ្យាស្ថាន Council on Foreign Relations មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន ក្នុងពេលឆាប់ៗខាងមុខនេះ ចិនអាចនឹងងាកទៅរក «ច្បាប់» ឬប្រើប្រាស់ច្បាប់ជាឧបករណ៍មួយនៅក្នុងយុទ្ធសាស្ត្រសង្រ្គាមតំបន់ពណ៌ប្រផេះ។ ជាឧទាហរណ៍ ចិនអាច នឹងប្រកាសជាលក្ខណៈឯកតោភាគីថាខ្លួនជាអ្នកគ្រប់គ្រងដែនទឹក ឬដែនអាកាសរបស់តៃវ៉ាន់ ពីព្រោះតៃវ៉ាន់ត្រឹមតែជាខេត្តមួយរបស់ចិន ដើម្បីអាចប្រើវាជាលេសមួយ បង្កើនការធ្វើសកម្មភាព ដូចជាបញ្ជូននាវាចម្បាំងចូលក្នុងដែនទឹកតៃវ៉ាន់ ឬក៏បញ្ជូនយន្ដហោះចម្បាំងហោះរំលងកោះតៃវ៉ាន់។ ការធ្វើបែបនេះអាចនឹងធ្វើឱ្យតៃវ៉ាន់វិលក្បុង ថាតើត្រូវធ្វើជាព្រងើយកន្តើយដូចគ្នារឿងអ្វីកើតឡើង ឬក៏ត្រូវបើកការបាញ់ប្រហារដែលអាចនឹងត្រូវប្រឈមនឹងការចាត់ទុកថាជាអ្នកបង្ករឿង។​ នៅក្នុងសេណារីយ៉ូ មួយទៀត ទីក្រុងប៉េកាំងអាចនឹងតម្រូវឱ្យនាវាស៊ីវិលទាំងអស់ដែលធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ ត្រូវតែចុះបញ្ជីជាមួយគយចិន ដោយសំអាងថាខ្លួនមានដែនសមត្ថកិច្ច លើដែនទឹក និងអាកាសជុំវិញកោះតៃវ៉ាន់។

គួរបញ្ជាក់ថា ខណៈចិនកំពុងបង្កើនយុទ្ធនាការសម្លុតគំរាម សហរដ្ឋអាមេរិកវិញបែរជាផ្តោតលើការស្ដារបណ្ដាញទំនាក់ទំនងឡើងវិញជាមួយចិន។ សម្រាប់ទីក្រុងប៉េកាំង ការផ្ដោតរបស់សហរដ្ឋអាមេរិកលើការបន្ធូរបន្ថយភាពតានតឹង អាចជាភស្តុតាងមួយបញ្ជាក់បានថាយុទ្ធសាស្ត្ររបស់ចិនកំពុងដំណើរការទៅមុខ។ ជាការពិតណាស់ សហរដ្ឋអាមេរិកចង់បង្ហាញប្រាប់សម្ព័ន្ធមិត្ត និងប្រទេសជាដៃគូរបស់ខ្លួន​ថាទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមទទួលខុសត្រូវក្នុងការគ្រប់គ្រងទំនាក់ទំនងតានតឹងជាមួយ ចិន តែផ្ទុយទៅវិញ គឺចិនខ្លួនឯងទេដែលបដិសេធមិនព្រមឆ្លើយតប។ ក៏ប៉ុន្តែការធ្វើបែបនេះ មានតែផ្ដល់ឱ្យចិននូវប្រភពថាមពលបន្ថែមតែប៉ុណ្ណោះ ពីព្រោះថាខណៈ សហរដ្ឋអាមេរិកកំពុងស្វែងរកស្ថិរភាព ចិនកំពុងធ្វើព្យាយាមធ្វើយ៉ាងណាកុំឱ្យអ្នកដទៃស្គាល់ចិត្ត ឬព្យាករបាន សំដៅធ្វើឱ្យតុល្យភាពអំណាចក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ផ្អៀងមកខាងចិន។ ដូច្នេះ បើតាមលោក DAVID SACKS ដើម្បីទប់ស្កាត់ហានិភ័យជម្លោះ សហរដ្ឋអាមេរិកគួរតែបង្ហាញថាខ្លួនត្រៀមលក្ខណៈជាស្រេច ដើម្បីប្រឈមមុខ នឹងភាពតានតឹងដ៏ខ្លាំងក្លានៅក្នុងទំនាក់ទំនងសហរដ្ឋអាមេរិក និងចិន៕

No comments:

Post a Comment