Thursday, June 29, 2023

ផ្សាយបន្តផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី និងនិយោជិត សរុបប្រមាណជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល

(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ១៨,២៥៥នាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីនៅស្រុកអង្គស្នួលចំនួន៣លើករួចមកហើយកាលពីឆ្នាំ២០១៨ និង២០១៩។

ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា រោងចក្រ សហគ្រាសទាំង១១ ដែលអនុញ្ញាតឱ្យកម្មករ កម្មការិនីជួបសំណេះសំណាលជាមួយ សម្តេចតេជោនេះ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៤, ផលិតផលធ្វើដំណើរ និងកាបូបចំនួន៣, បោះពុម្ពលើសម្លៀកបំពាក់ចំនួន២ និងដេរស្បែកជើងចំនួន២។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ប្រទេសចិន និងប្រទេសអូស្ត្រាលី។ល។

ការប្រឹងប្រែងស្វែងរកការងារជូនប្រជាពលរដ្ឋ ជាគោលនយោបាយដ៏ចាំបាច់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រៅតែពីរកការងារជូនប្រជាពលរដ្ឋហើយនោះ រាជរដ្ឋាភិបាល ក៏នៅគិតថែមទៀតថា តើត្រូវធ្វើបែបណា ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ ដែលទៅធ្វើការងារឆ្ងាយផ្ទះ?

ផ្តើមចេញពីហេតុផលនេះហើយ ទើបនៅឆ្នាំ១៩៩៩ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញគោលនយោបាយពង្រាយរោងចក្រចុះទៅតាមខេត្ត ដើម្បីផ្តល់ការងារនៅជិតផ្ទះរបស់ប្រជាពលរដ្ឋ។

ខេត្តកណ្តាល គឺជាខេត្តមួយ ដែលកំពុងទទួលនូវមនុញ្ញផលពីគោលនយោបាយ ពង្រាយរោងចក្រ សហគ្រាសតាមបណ្តាខេត្តពីរាជរដ្ឋាភិបាល។ នៅឆ្នាំ២០២៣នេះ ខេត្តកណ្តាល មានរោងចក្រ សហគ្រាសចំនួន៤៨៣ មានកម្មករនិយោជិត ជាង ១៥ម៉ឺន ៣ពាន់នាក់ ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ ៤៧៣លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន១៧១ មានកម្មករនិយោជិតសរុបជាង ១៣ម៉ឺន ២ពាន់នាក់ ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រមាណជិត ៤១២លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ខេត្តកណ្តាល ជាខេត្តទី៣ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន។


No comments:

Post a Comment