Thursday, June 15, 2023

វិភាគអន្តរជាតិ៖ អ្វីទៅជាឧបសគ្គរបស់យោធាចិន ដើម្បីក្លាយជា «មហាកំពែងដែកថែប»?


(FN-ឡុងដ៍)៖ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Joseph Wu ធ្លាប់បាននិយាយថាតៃវ៉ាន់កំពុងត្រៀមលក្ខណៈសម្រាប់សង្រ្គាមជាមួយចិន។ នៅក្នុងបទសម្ភាសន៍មួយ កាលពី ខែមេសាកន្លងទៅ លោក Joseph Wu បានគូសបញ្ជាក់ដូច្នេះថា «យើងកំពុងយកចិត្តទុកដាក់បំផុតចំពោះការគំរាមកំហែងពីយោធាចិន ហើយឆ្នាំ២០២៧ អាចជាឆ្នាំ គួរឱ្យព្រួយបារម្ភបំផុត»។

ខណៈទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ធ្លាក់ចុះដល់កម្រិតទាបមិនធ្លាប់មាន ក្រុមអ្នកវិភាគជាច្រើនកាន់តែបង្ហាញក្ដីព្រួយបារម្ភរបស់ពួកគេថាសង្រ្គាមនៅតៃវ៉ាន់ អាចផ្ទុះឡើងក្នុងពេលអនាគតដ៏ខ្លី ហើយទំនាក់ទំនងរវាងតៃវ៉ាន់ និងសហរដ្ឋអាមេរិកទៀតសោត នឹងក្លាយជាកត្តាដ៏សំខាន់មួយដែលនឹងកំណត់ថាតើនៅពេលណា និងថា តើចិនអាចនឹងប្រើកម្លាំងយោធាវាយកាន់កាប់កោះតៃវ៉ាន់ដែរឬក៏យ៉ាងណា? ក្រៅតែក្រុមអ្នកវិភាគ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA ក៏ជឿដែរថាលោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានប្រាប់ឱ្យយោធារបស់លោកត្រៀមលក្ខណៈឱ្យបានរួចរាល់ ដើម្បីវាយតៃវ៉ាន់នៅឆ្នាំ២០២៧។

នៅឯកិច្ចប្រជុំប្រចាំឆ្នាំនៃសភាប្រជាជនចិនកាលពីខែមីនា លោក ស៊ី ជិនពីងផ្ទាល់បានលើកឡើងថាលោកចង់ប្រែក្លាយយោធាចិនឱ្យប្រៀបដូចជា «មហាកំពែងដែកថែបមួយ »​ ដើម្បីការពារផលប្រយោជន៍ និងអធិបតេយ្យរបស់ចិន។ ចិនបច្ចុប្បន្ន គឺជាប្រទេសមានកងទ័ពច្រើនគេបំផុតនៅលើពិភពលោក ជាមួយកងទ័ពសកម្មសរុប ២លាននាក់។ ចំណែក កងទ័ពជើងទឹកចិនវិញក៏បានក្លាយជាកងទ័ពជើងទឹកធំជាងគេបំផុតនៅលើពិភពលោកដែរ ដោយមាននាវាចម្បាំង ៣៣៥គ្រឿង ធៀបនឹងសហរដ្ឋអាមេរិកមាន ២៩៦គ្រឿង។

ក្នុងឆ្នាំ២០២១ លោកឧត្តមនាវីរង Kay-Achim Schonbach ជាអតីតមេបញ្ជាការកងទ័ពជើងទឹកអាល្លឺម៉ង់ បាននិយាយថាចិនបានពង្រីកកងទ័ពជើងទឹករបស់ខ្លួន ដោយ សមាមាត្រទៅនឹងទំហំកងទ័ពជើងទឹកបារាំងទាំងមូល ជារៀងរាល់ ៤ឆ្នាំម្ដង។ ដោយសារតែភូមិសាស្ត្រតៃវ៉ាន់ជាដែនកោះ ទាំងសហរដ្ឋអាមេរិក និងចិនសុទ្ធតែនឹងត្រូវពឹងផ្អែក លើកងទ័ពជើងទឹក។ ដូច្នេះសមត្ថភាពកងទ័ពជើងទឹកចិន អាចនឹងក្លាយជាកត្តាមួយសម្រេចថាតើចិនអាចមានសមត្ថភាពវាយតៃវ៉ាន់ ដែរឬក៏យ៉ាងណា?

ក្នុងពេលដែលចិនកំពុងត្រៀមលក្ខណៈ សហរដ្ឋអាមេរិកឯណេះវិញក៏មិននៅស្ងៀមដែរ។ កាលពីថ្ងៃទី៧ ខែមេសា មន្ទីរបញ្ចកោណបានប្រកាសពីការឈានដល់កិច្ចព្រមព្រៀង ទំហំទឹកប្រាក់ ១.៧ពាន់លានដុល្លារជាមួយក្រុមហ៊ុន Boeing ដើម្បីផលិតមីស៊ីលប្រឆាំងនាវាចម្បាំងប្រភេទ Harpoon ចំនួន៤០០គ្រាប់។ អ្នកទិញមិនត្រូវបានគេបញ្ជាក់ឈ្មោះ ជាផ្លូវការនោះទេ ប៉ុន្តែក៏គ្មាននរណាផ្សេងក្រៅពីតៃវ៉ាន់នោះដែរ។ ជាផ្នែកមួយនៃការធ្វើទំនើបកម្មយោធា លោក ស៊ី ជិនពីង ចង់ប្រែក្លាយកងទ័ពចិនឱ្យទៅជាកងទ័ពលំដាប់ ពិភពលោកនៅឆ្នាំ២០៤៩។ តាមរយៈគោលដៅនេះ រដ្ឋាភិបាលនៃគណបក្សកុម្មុយនិស្ដចិនបានជំរុញឱ្យវិស័យឯកជនគាំទ្រដល់ ការអភិវឌ្ឍបច្ចេកវិទ្យាយោធាគ្រប់ផ្នែក រាប់ចាប់ពីបច្ចេកវិទ្យា AI បច្ចេកវិទ្យានុយក្លេអ៊ែរ និងយន្ដហោះដ្រូន។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានលេចចេញជារូបរាង កាន់តែច្បាស់នៅក្នុងឧស្សាហកម្មផលិតនាវារបស់ចិន។ ជាក់ស្ដែងក្រុមហ៊ុនផលិតនាវាចិន China Shipbuilding Group Corporation បានចូលរួមចំណែក១ភាគ៥ នៃការផលិតនាវាពិភពលោក ហើយក្រុមហ៊ុននេះ ក៏ផលិតនាវាចម្បាំងសម្រាប់កងទ័ពជើងទឹកចិនផងដែរ។

បើតាមមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ (CSIS) កម្រិតខ្ពស់បែបនេះនៃការធ្វើសមារណកម្មរវាងការផលិតនាវានាំចេញទៅកាន់ពិភពលោក និង សម្រាប់កងទ័ពជើងទឹកចិន អាចនឹងធ្វើឱ្យគេពិបាកក្នុងការស្វែងយល់ ឬកំណត់ពីការអភិវឌ្ឍរបស់យោធាចិន។ «ដោយសារតែមានតម្លាភាពតិចតួច និងភាពខុសគ្នា រវាងប្រតិបត្តិការយោធា និងស៊ីវិល វាពិតជាមិនអាចទៅរួចទេក្នុងការកំណត់ពីវិសាលភាពថាតើនាវាដែលបញ្ជាទិញពីបរទេសអាចនឹងជួយកាត់បន្ថយការចំណាយលើការធ្វើ ទំនើបកម្មរបស់កងទ័ពជើងទឹកនៃកងទ័ពរំដោះប្រជាជនចិន PLA ដែរឬទេ»។ នេះជាការកត់សម្គាល់បន្ថែមពី CSIS។ កងទ័ពទឹកចិនក៏បានប្រើប្រាស់នាវាស៊ីវិលក្នុងការ ធ្វើសមយុទ្ធយោធាទៀតផង ដែលនេះបាននិងកំពុងបង្កការលំបាកដល់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក និងតៃវ៉ាន់ ក្នុងការចាប់សញ្ញាសកម្មភាពមិនប្រក្រតី។

មួយវិញទៀត ក្នុងរយៈពេល១០ឆ្នាំមកនេះ ចិនបានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីពង្រឹងសមត្ថភាពដោយពឹងផ្អែកលើបច្ចេកវិទ្យារបស់ខ្លួន ជាពិសេសបច្ចេកវិទ្យាសម្រាប់ ឧស្សាហកម្មយោធាតែម្ដង ហើយតាមរយៈការខំប្រឹងជាច្រើនឆ្នាំមកនេះ បច្ចុប្បន្នចិនអាចផលិតបានជាង ៩០ភាគរយនូវអាវុធក្នុងស្រុក។ នេះបើតាមវិទ្យាស្ថានស្រាវជ្រាវ សន្តិភាពអន្តរជាតិស្ដុកខុល។

* ជំងឺសន្តិភាព

កត្តាភូមិសាស្ត្រនៃតំបន់ច្រកសមុទ្រតៃវ៉ាន់ គឺជាឧបសគ្គចម្បងមួយរបស់ចិន ហើយឧបសគ្គធំមួយទៀត គឺបទពិសោធន៍ជាក់ស្ដែងនៅលើសមរភូមិរបស់កងទ័ពចិន PLA ដោយពួកគេមិនអាចកាន់កាប់តៃវ៉ាន់បាន ដោយគ្រាន់តែធ្វើការវាយប្រហារចេញពីតំបន់ឆ្នេរតែប៉ុណ្ណោះទេ។ ប្រជាជនតៃវ៉ាន់លើស ៩០ភាគរយ រស់នៅតាមទីប្រជុំជន នៃតំបន់ទីក្រុង។ ម្លោះហើយសង្រ្គាមនៅតៃវ៉ាន់អាចនឹងក្លាយជា «សង្រ្គាមទីក្រុង»។ នៅក្នុងរបាយការណ៍ កាលពីឆ្នាំ២០២២ វិទ្យាស្ថានសម្រាប់ការសិក្សាពីសង្រ្គាម មាន មូលដ្ឋាននៅសហរដ្ឋអាមេរិក បាននិយាយថាកងទ័ព PLA បាន និងកំពុងបង្កើនការសិក្សាស្រាវជ្រាវ ការបណ្ដុះបណ្ដាល និងការត្រៀមលក្ខណៈសម្រាប់សង្រ្គាមទីក្រុង។

ប៉ុន្តែ PLA មានបញ្ហាធំមួយ នោះគឺបទពិសោធន៍កងទ័ពរបស់ខ្លួននៅលើសមរភូមិជាក់ស្ដែង ដោយទោះបីគឺជាកងទ័ពធំជាងគេនៅលើពិភពលោកក៏ពិតមែន តែកងទ័ពចិន ស្ទើរតែ គ្មានបទពិសោធន៍សង្រ្គាមទៅហើយ។ សង្រ្គាមចុងក្រោយរបស់ PLA គឺសង្រ្គាមនៅវៀតណាមក្នុងឆ្នាំ១៩៧៩។ ទាក់ទងនឹងបញ្ហានេះ លោក ស៊ី ជិនពីងក៏ធ្លាប់បានលើកឡើង ដែរថា «ជំងឺសន្តិភាព» អាចនឹងបំផ្លាញការធ្វើទំនើបកម្មរបស់កងទ័ព PLA។

គួរបញ្ជាក់ថា កាលពីដើមខែឧសភានេះ រដ្ឋាភិបាលចិន បានធ្វើវិសោធនកម្មលើច្បាប់កែនទ័ព ក្នុងនោះមានទាំងការអនុញ្ញាតឱ្យកងទ័ពដែលចូលនិវត្តន៍អាចចូលបម្រើ ទ័ពសាជាថ្មី និងដាក់ចេញវិធានការដែលជួយសម្រួលដល់ការបង្កើនចំនួនកងទ័ពក្នុងពេលភា្លមៗ។ លោក Blake Herzinger ជាអតីតមន្ត្រីចារកម្មកងទ័ពជើងទឹកអាមេរិក យល់ថានៅលើ ពិភពលោកនេះ មិនមានយោធាច្រើននោះទេដែលមានបទពិសោធន៍សង្រ្គាមច្រើន ក្រៅតែពីសហរដ្ឋអាមេរិក។

លោកបន្ថែមថាសហរដ្ឋអាមេរិកធ្លាប់ធ្វើសង្រ្គាមប្រឆាំងភេរវកម្មចំនួន២ ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ។ ប៉ុន្តែ ចំនួនកងទ័ពស្លាប់ និងរងរបួសសរុប នៅក្នុងសង្រ្គាមទាំង ២នេះ ទំនងជាអាចក្លាយជាចំនួនកងទ័ពស្លាប់ និងរបួសក្នុងពេលមួយសប្ដាហ៍ប៉ុណ្ណោះក្នុងសង្រ្គាមនៅតៃវ៉ាន់។ បើតាមលោក Herzinger អ្វីដែលកាន់តែសំខាន់ទៅទៀត នោះគឺបញ្ហា វប្បធម៌នៅក្នុងកងទ័ព PLA ដូចជាអំពើពុករលួយ និងរចនាសម្ព័ន្ធទីបញ្ជាការដែលតឹងរ៉ឹងពេកគ្មានភាពបត់បែន។ ក្នុងឆ្នាំ២០១៨ កាសែតកងទ័ព PLA ខ្លួនឯង បានចេញផ្សាយ អត្ថបទមួយដោយលើកឡើងថាកងទ័ពចិនបានឆ្លងជំងឺសន្តិភាព ជាពិសេសគឺជំងឺពុករលួយតែម្ដង។ តែយ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំចិនបានដឹងយ៉ាងច្បាស់ពីបញ្ហាប្រឈម ទាំងនេះ ហើយបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការកែលម្អគុណភាពកងទ័ព និងកាន់តែពង្រឹងសមត្ថភាពពឹងផ្អែកលើបច្ចេកវិទ្យាអាវុធផលិតក្នុងស្រុក។

ជាការពិតណាស់ សង្រ្គាមនៅតៃវ៉ាន់ប្រហែលជាគ្មាននរណាម្នាក់ដឹងច្បាស់ថាវានឹងផ្ទុះឡើងនៅពេលណានោះទេ ប៉ុន្តែក្នុងប្រវត្តិសាស្ត្រ វាគឺជារឿងកម្រណាស់ដែលប្រទេស មួយប្រឹងប្រែងពង្រឹងសមត្ថភាព និងធ្វើទំនើបកម្មយោធាយ៉ាងលឿនរហ័ស ដោយគ្មានគោលដៅ ឬហេតុផលជាក់លាក់៕

No comments:

Post a Comment