Tuesday, May 30, 2023

វិភាគអន្តរជាតិ៖ អ្វីទៅជា «មហិច្ឆតាទីអវកាស» របស់កូរ៉េខាងត្បូង និងកូរ៉េខាងជើង?

FN | សេអ៊ូល៖ កូរ៉េខាងត្បូង និងកូរ៉េខាងជើង បាន និងកំពុងបង្កើនការរត់ប្រណាំងបច្ចេកវិទ្យាទីអវកាស ក្នុងគោលបំណងធ្វើទំនើបកម្មការឃ្លាំមើលសកម្មភាពយោធា គ្នាទៅវិញទៅមក។ ខណៈក្ដីសង្ឃឹមសម្រាប់ការផ្សះផ្សារទំនាក់ទំនងតាមរយៈផ្លូវការទូត មិនទទួលបានផ្លែផ្កានារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសដែលជាបងប្អូន និយាយភាសាកូរ៉េទាំង២ កាន់តែដំឡើងសសៃក និងបង្ហាញសាច់ដុំយោធាដាក់គ្នា។ ដោយម្ខាងបាញ់សាកល្បងមីស៊ីលជាហូរហែរ រីម្ខាងទៀតបង្កើនការធ្វើសមយុទ្ធយោធា រួមគ្នាជាមួយសហរដ្ឋអាមេរិក ក៏ដូចជាពង្រឹងទំនាក់ទំនងសន្តិសុខជាមួយជប៉ុន។

នៅចំពោះមុខការកើនឡើងភាពតានតឹងនេះ ទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាង សុទ្ធតែកំពុងសម្លឹងឃើញដូចគ្នាពីសារៈសំខាន់ និងតម្រូវការជាចាំបាច់មួយ នោះគឺ «ផ្កាយរណបស៊ើបការណ៍យោធា» ដែលបច្ចុប្បន្នប្រទេសកូរ៉េទាំង២នេះមិនមាននោះទេ។ កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា កូរ៉េខាងត្បូងបានបាញ់បង្ហោះ ផ្កាយរណបស៊ីវិល ជាច្រើនគ្រឿងដែលបំពាក់នៅលើគ្រាប់រ៉ុក្កែតមួយគ្រាប់ផលិតនៅក្នុងស្រុកដំបូងបំផុត ស្របពេលរបបដឹកនាំលោក គីម ជុងអ៊ុន ក៏កំពុងត្រៀមលក្ខណៈ បាញ់បង្ហោះផ្កាយរណបស៊ើបការណ៍យោធាដំបូងបំផុតរបស់ខ្លួនផងដែរ។

គ្រាប់រ៉ុក្កែតមាន៣កំណាត់ និងដំណើរការដោយឥន្ធនៈរាវឈ្មោះ Nuri របស់កូរ៉េខាងត្បូង ត្រូវបានបាញ់បង្ហោះនៅម៉ោង ៦៖២៤នាទីល្ងាច កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ចេញពីមជ្ឈមណ្ឌលទីអវកាស Naro Space Center ក្នុងទីក្រុង Goheung ស្ថិតនៅឆ្នេរភាគខាងត្បូងនៃប្រទេស។ គ្រាប់រ៉ុក្កែតនេះមានទម្ងន់ ២០០តោន ត្រូវបានបាញ់ បង្ហោះទៅកាន់ទីអវកាស ដើម្បីយកផ្កាយរណបចំនួន៨ ទៅដាក់នៅគន្លងតារាវិថី នៅរយៈកម្ពស់ជាង ៥៥០គីឡូម៉ែត្រពីលើផែនដី ដោយចំណាយពេល ១៣នាទី ក្រោយបាញ់ចេញ។

ក្រុមអ្នកជំនាញខាងយោធាជឿថាកូរ៉េខាងត្បូង មានឧត្ដមភាពបច្ចេកវិទ្យា និងអាវុធ ខ្ពស់ជាងកូរ៉េខាងជើង បើទោះជាទីក្រុងព្យុងយ៉ាងបង្កើនការអភិវឌ្ឍកម្មវិធីមីស៊ីលរបស់ខ្លួន ដើម្បផលិតគ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយពាំផ្កាយរណបបានក៏ដោយ។ កូរ៉េខាងត្បូង និងកូរ៉េខាងជើងសុទ្ធតែត្រូវការពេលយូរឆ្នាំទៅមុខទៀត ដើម្បីអាចកាន់កាប់ទាំងស្រុងនូវ បណ្ដាញផ្កាយរណបស៊ើបការណ៍។ ការសម្រេចបាននូវបច្ចេកវិទ្យាផ្កាយរណបស៊ើបការណ៍នេះ នឹងអនុញ្ញាតឱ្យប្រទេសដែលកាន់កាប់បច្ចេកវិទ្យានេះអាចកំណត់អត្តសញ្ញាណ គោលដៅយោធា ដើម្បីអាចបើកការវាយប្រហារជាក់លាក់ចំគោលដៅ នៅក្នុងករណីមានជម្លោះផ្ទុះឡើង ដោយមិនចាំបាច់ពឹងផ្អែកលើព័ត៌មានពីបច្ចេកវិទ្យាផ្កាយរណបរបស់ អ្នកដទៃ ឬសម្ព័ន្ធមិត្ត។

ក្នុងករណីកូរ៉េខាងជើង បច្ចេកវិទ្យាផ្កាយរណបស៊ើបការណ៍ គឺមានសារៈសំខាន់ជាទីបំផុត សម្រាប់យុទ្ធសាស្ត្រនុយក្លេអ៊ែរ។ លោក Yang Uk ជាអ្នកជំនាញយោធាម្នាក់មកពី វិទ្យាស្ថាន Asan Institute for Policy Studies មានមូលដ្ឋានក្នុងទីក្រុងសេអ៊ូល បានកត់សម្គាល់ថា «មានភ្នែកនៅលើអាកាស អាចនឹងត្រូវបានប្រើជាសមត្ថភាពបន្ថែម ក្នុង ការវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរចំគោលដៅ ហើយបើអាចអភិវឌ្ឍបច្ចេកវិទ្យាមួយនេះបានដោយជោគជ័យ នោះកូរ៉េខាងជើងអាចកំណត់គោលដៅវាយប្រហារ នុយក្លេអ៊ែរ លើគោលដៅស្ថិតនៅក្នុងសហរដ្ឋអាមេរិក»។ សហរដ្ឋអាមេរិក គឺជាប្រទេសកាន់កាប់ផ្កាយរណបស៊ើបការណ៍យោធាច្រើនជាងគេបំផុតនៅលើពិភពលោក រីឯ សម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ដូចជាកូរ៉េខាងត្បូងពឹងផ្អែកយ៉ាងខ្លាំងលើព័ត៌មានពីទីក្រុងវ៉ាស៊ីនតោន សម្រាប់ការតាមដានសកម្មភាពយោធា និងមូលដ្ឋានយុទ្ធសាស្ត្រនៃ របបដឹកនាំលោក គីម ជុងអ៊ុន។

ប៉ុន្តែ «ប្រើរបស់អ្នកដទៃ វាមិនស្រួលដូចប្រើរបស់ខ្លួនឯងនោះទេ»។ ដូច្នេះទើបកូរ៉េខាងត្បូងមានមហិច្ឆតាជាយូរណាស់មកហើយ ចំពោះការអភិវឌ្ឍកម្មវិធីផ្កាយរណប ស៊ើបការណ៍ដោយឯករាជ្យ ទោះជាមិនអាចគ្មានសហរដ្ឋអាមេរិកជាសម្ព័ន្ធមិត្តក៏ដោយ។ មិនតែប៉ុណ្ណោះ បើអាចធ្វើបែបនេះបានមែន កូរ៉េខាងត្បូងអាចតាមដានសកម្មភាព កូរ៉េខាងជើងទាំងថ្ងៃទាំងយប់ ដោយខ្លួនឯង ក្នុងបរិបទដែលយោធាកូរ៉េខាងត្បូងកំពុងព្យាយាមស្វែងរកការគ្រប់គ្រងប្រតិបត្តិការយោធារបស់ខ្លួនឡើងវិញពីទីក្រុងវ៉ាសីនតោន ដោយលោកប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុលនិយាយថានឹងតម្រូវឱ្យកូរ៉េខាងត្បូង ធានាឱ្យបាននូវប្រតិបត្តិការបច្ចេកវិទ្យាស៊ើបការណ៍។

ផ្កាយរណបឈ្មោះ Nuri ដែលកូរ៉េខាងត្បូងបានបាញ់បង្ហោះ មិនមែនជាផ្កាយរណបសម្រាប់ប្រើប្រាស់ក្នុងគោលដៅយោធាឡើយ ថ្វីបើជោគជ័យនៅពេលនេះបានធ្វើឱ្យ កូរ៉េខាងត្បូងក្លាយជាប្រទេសមួយនៅក្នុងចំណោមប្រទេសមួយចំនួនតូចដែលអាចអភិវឌ្ឍគ្រាប់រ៉ុក្កែតពាំផ្កាយរណបមានទម្ងន់លើស ១តោនទៅកាន់ទីអវកាសក៏ពិតមែន។ បើតាមក្រសួងវិទ្យាសាស្ត្រកូរ៉េខាងត្បូង ផ្កាយរណបត្រូវបានបង្ហោះឡើងដោយ Nuri មានភារកិច្ចចម្បងក្នុងការបញ្ជាក់រូបភាពបច្ចេកវិទ្យារ៉ាដា និងឃ្លាំមើលវិទ្យុសកម្ម cosmic radiation។ ម្យ៉ាងវិញទៀត ខណៈកូរ៉េខាងត្បូងបានសន្យាពង្រឹងសមត្ថភាពកំញើញសត្រូវ ក្រោមកិច្ចសហការជាមួយសហរដ្ឋអាមេរិក វាពិតជាមានសារៈសំខាន់ណាស់ ចំពោះទីក្រុងសេអ៊ូល ក្នុងការអភិវឌ្ឍបច្ចេកវិទ្យានៅក្នុងស្រុកដែលជួយសម្ព័ន្ធមិត្តរបស់ខ្លួនទប់ទល់ជាមួយកូរ៉េខាងជើង។

កូរ៉េខាងត្បូង បានបញ្ជូនផ្កាយរណបទៅកាន់ទីអវកាសដោយប្រើបច្ចេកវិទ្យាគ្រាប់រ៉ុក្កែតបរទេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០មកម្ល៉េះ។ ប្រទេសនេះមានផែនការ បាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ផលិតនៅក្នុងស្រុក នៅខែវិច្ឆិកាខាងមុខ ដោយប្រើគ្រាប់រ៉ុក្កែតរបស់ក្រុមហ៊ុន SpaceX និងមានគោលដៅដាក់ផ្កាយរណបស៊ើបការណ៍ ចំនួន៥ ទៅកាន់គន្លងតារាវិថី នៅឆ្នាំ២០២៥។ ចំណែក កូរ៉េខាងជើងវិញ ក៏កំពុងត្រៀមបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍យោធាដំបូងបំផុតរបស់ខ្លួនផងដែរ ដែលគ្រោង នឹងធ្វើឡើងនៅចន្លោះពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី១១ ខែមិថុនា។ នេះបើតាមក្រសួងការពារជាតិជប៉ុន ដោយសំអាងលើការជូនដំណឹងពីទីក្រុងព្យុងយ៉ាង។

ផ្កាយរណបស៊ើបការណ៍យោធា គឺជាគោលដៅមួយនៅក្នុងចំណោមអាវុធយុទ្ធសាស្ត្រទាំង៥ ដែលលោក គីម ជុងអ៊ុន បានប្រកាសពីខែមករា ឆ្នាំ២០២១។ តែ កូរ៉េខាងជើង ត្រូវការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍តូចធំយ៉ាងហោចចំនួន ២៦ ទៅកាន់ទីអវកាស ដើម្បីអាចតាមដានតំបន់ឧបទ្វីបកូរ៉េទាំងថ្ងៃទាំងយប់ ដែលនេះមានន័យថា ព្យុងយ៉ាងនឹងត្រូវបាញ់បង្ហោះផ្កាយរណបជាបន្តបន្ទាប់ទៀត។

គួរបញ្ជាក់ថា កូរ៉េខាងជើងធ្លាប់បាញ់បង្ហោះផ្កាយរណបចូលទៅកាន់គន្លងតារាវិថីក្នុងឆ្នាំ២០១២ និងឆ្នាំ២០១៦ដែរ ប៉ុន្តែផ្កាយរណបទាំងនេះមិនដំណើរការនោះទេ ដោយវា មិនអាចបញ្ជូនទិន្នន័យត្រឡប់មកផែនដីវិញ។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានហាមឃាត់កូរ៉េខាងជើងពីការធ្វើតេស្ដបាញ់ផ្កាយរណបទៅកាន់ទីអវកាស ពីព្រោះការធ្វើតេស្ដរបៀបនេះត្រូវបានគេជឿជាក់ថាមានបំណងអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលបាលិស្ទីគអន្តរទ្វីប។ បើតាមក្រុមអ្នកជំនាញ ផ្កាយរណបកូរ៉េខាងជើងដែលមានរាង ៦ជ្រុង អាចមានទម្ងន់ពី២០០ ទៅ៣០០គីឡូក្រាម។ លោក គីម ជុងអ៊ុនបានចាត់ទុកថាផ្កាយរណបគឺជាបច្ចេកវិទ្យាមួយដែលនឹងផ្ដល់ព័ត៌មានជាក់លាក់ពីសកម្មភាពយោធា របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។ ការបាញ់បង្ហោះផ្កាយរណបនេះនឹងមិនបង្កការគំរាមកំហែងភ្លាមៗខាងយោធានោះទេ ប៉ុន្តែវានឹងបង្ហាញថាកូរ៉េខាងជើងនឹងកាន់កាប់ បច្ចេកវិទ្យា ដើម្បីបាញ់បង្ហោះផ្កាយរណបបន្ថែមនៅពេលអនាគត៕


No comments:

Post a Comment