Wednesday, May 31, 2023

សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាល ខិតខំកសាងស្ពានតភ្ជាប់ជាច្រើន ដើម្បីបម្រើដល់វិស័យដឹកជញ្ជូន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍ឲ្យដឹងថា បើពិនិត្យស្ថានភាពនៃការតភ្ជាប់ស្ពានតំបន់ឬស្សីកែវ ទៅត្រើយម្ខាងជ្រោយចង្វា ធ្វើឱ្យនឹកឃើញដល់អ្នករត់ទូកដរ និងអ្នកបើកសាឡាងទាំងឡាយ ត្រូវបានកាត់ផ្តាច់មុខរបររបស់ពួកគេ។ សម្តេចថា រដ្ឋមិនអាចតម្រូវចិត្តមនុស្សប៉ុន្មាននាក់ ហើយបំភ្លេចចោលប្រជាពលរដ្ឋរាប់លាននាក់ដែលត្រូវឆ្លងកាត់ស្ពាននោះបានទេ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានឆ្លងទន្លេ និងស្ពានអាកាសឫស្សីកែវ ក្នុងរាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ការតភ្ជាប់មានស្ពានព្រែកក្តាម ស្ពានព្រែកព្នៅ ស្ពានឬស្សីកែវ និងស្ពានជ្រោយចង្វា មានទីពីរ ស្ពានមិត្តភាពកម្ពុជា-ចិន និងស្ពានមិត្តភាពកម្ពុជា-ជប៉ុន។ ប៉ុន្តែនៅសល់ស្ពានមួយកន្លែងទៀត ដែលនឹងត្រូវតភ្ជាប់រវាងម្ខាងទន្លេរសាប ត្រូវតភ្ជាប់មកតំបន់ជ្រោយចង្វា និងតភ្ជាប់ទៅអរិយក្សត្រ នេះជាគម្រោងរបស់សាធារណៈរដ្ឋកូរ៉េ ដែលប្រមុខរាជរដ្ឋាភិបាល បានខិតខំស្នើសុំជំនួយម្តងហើយម្តងទៀត រហូតដល់ឆ្លងកាត់ប្រធានាធិបតីកូរ៉េដល់ទៅពីររូប ទើបបានគម្រោងនេះចេញសម្រេចបាន ដែលនឹងបើកការដ្ឋានសាងសង់។ 

ទន្ទឹមនោះ សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា ឥឡូវនេះ តំបន់ទីក្រុងភ្នំពេញ គឺត្រូវការស្ពានចំនួន ៣ បន្ថែមទៀត ហើយស្ពានចំនួន ២ អាចនឹងចេញរូបរាងរយៈពេលឆាប់ៗនេះ គឺស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងស្ពានសម្រាប់ផ្លូវល្បឿនលឿន ទើបត្រូវទិញយកស្ពានព្រែកព្នៅពីឯកជន មករដ្ឋគ្រប់គ្រង ដូចនេះប្រជាជនត្រូវឆ្លងកាត់ប៉ុន្មានដងក៏បាន ដោយមិនបាច់បង់លុយនោះទេ។ រីឯស្ពានឆ្លងទន្លេ គឺរដ្ឋជាអ្នកចេញលុយចំណាយតែម្តង ហើយនៅមានស្ពានមួយទៀតគ្រោងនឹងកសាងដែរ គឺស្ពានចាក់អង្រែ៕








No comments:

Post a Comment