(ភ្នំពេញ)៖ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ, គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ «គជប» បានសម្រេចបដិសេធការចុះបញ្ជី គណបក្សភ្លើងទៀន ក្នុងការឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ដោយ គជប បានបញ្ជាក់អំពីមូលហេតុនៃការបដិសេធ នៅក្នុងសេចក្តីសម្រេចរបស់ខ្លួនថា គណបក្សភ្លើងទៀនខកខានមិនបានភ្ជាប់មកជាមួយនូវប្រកាសស្តីពីការចុះឈ្មោះ គណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្មឱ្យបានត្រឹមត្រូវ ស្របតាមតាមកថាខណ្ឌទី២ ចំណុចទី១ ក្នុងមាត្រា ២៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។
ការសម្រេចបដិសេធនេះ ត្រូវបានធ្វើឡើងបន្ទាប់ពី គជប បានធ្វើការជូនដំណឹងឱ្យគណបក្សភ្លើងទៀនបំពេញលក្ខខណ្ឌដែលខ្វះខាត ប៉ុន្តែគណបក្សភ្លើងទៀន នៅតែមិនអាចបំពេញលក្ខខណ្ឌដែលខ្វះខាតបានតាមការតម្រូវរបស់ គជប។ ជារួមការសម្រេចរបស់ គជប គឺផ្អែកជាចម្បងលើមូលដ្ឋាន ដែលគណបក្សភ្លើងទៀន មិនបានបំពេញឱ្យបានត្រឹមត្រូវនូវគ្រប់លក្ខខណ្ឌ ដែលតម្រូវដោយច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ព្រមទាំងបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតសម្រាប់ការ ចុះឈ្មោះចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត។
នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣, គណបក្សភ្លើងទៀន បានសម្រេចចិត្តប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ ប្រឆាំងនឹងសេចក្តីសម្រេចរបស់ គជប។ យោងតាមច្បាប់ជាធរមាន, ក្រុមប្រឹក្សាធម្មនុញ្ញ នឹងត្រូវធ្វើការសម្រេច ក្នុងរយៈពេលយ៉ាងយូរ ១០ ថ្ងៃ គិតពីថ្ងៃបានទទួលពាក្យប្តឹងតវ៉ា ហើយសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្តីសម្រេចខ្ពស់បំផុតតាមផ្លូវច្បាប់ និង បិទផ្លូវតវ៉ា។
បន្ទាប់ពី គជប បានសម្រេចបដិសេធការការចុះបញ្ជីឈរឈ្មោះរបស់គណបក្សភ្លើងទៀន, អ្នកតាមដាន និងវិភាគសភាពការណ៍នយោបាយនៅកម្ពុជា បាននាំគ្នាលើកឡើង នូវសេណារីយ៉ូនានា ជុំវិញការខកខានរបស់គណបក្សភ្លើងទៀន ក្នុងបំពេញឱ្យបានគ្រប់លក្ខខណ្ឌតាមការកំណត់របស់ច្បាប់ ដើម្បីទទួលបានការចុះបញ្ជីឈរឈ្មោះ ដូចគណបក្សនយោបាយជាច្រើនដទៃ ដែលទទួលបានការចុះឈ្មោះដោយគ្មានការរាំងស្ទះណាមួយ។
តើហេតុអ្វីបានគណបក្សភ្លើងទៀន រក្សាមិនបានគង់វង្សនូវឯកសារ “ប្រកាសស្តីពីការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ” ដែលគ្រប់គ្នាបានដឹងច្បាស់ណាស់ថា ឯកសារនេះ គឺជាឯកសារគតិយុត្តសំខាន់ជាងគេបំផុតតែមួយគត់របស់គណបក្សនយោបាយ ហើយតើអាចមានសេណារីយ៉ូអ្វីខ្លះ នៅពីក្រោយការខកខានក្នុងការទទួលបានការចុះឈ្មោះចូលរួមក្នុងការបោះឆ្នោត ដោយ គជប?
ផ្អែកតាមការតាមដាន, ការវិភាគ និងការវាយតម្លៃលើសភាពការណ៍នយោបាយនៅកម្ពុជា, ស្ថានភាពនៃការខកខានរបស់គណបក្សភ្លើងទៀន ក្នុងទទួលបានការចុះបញ្ជីឈរឈ្មោះបោះឆ្នោត ពីសំណាក់ គជប អាចត្រូវបានវិភាគតាមសេណារីយ៉ូចំនួន ២ ដូចតទៅ៖
សេណារីយ៉ូទី១-ជាកំហុសដោយការធ្វេសប្រហែស និងខ្ជីខ្ជារបស់គណបក្សភ្លើងទៀន៖ ការខកខានមិនអាចបំពេញតាមលក្ខខណ្ឌចាំបាច់នានាតាមច្បាប់ ដើម្បីចុះឈ្មោះចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា កើតចេញពីកំហុស ដែលស្ថិតក្រោមការទទួលខុសត្រូវទាំងស្រុង របស់គណបក្សភ្លើងទៀន។ ជាកំហុសរបស់គណបក្សភ្លើងទៀន ក៏ព្រោះតែគណបក្សនេះ មិនមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីអាចថែរក្សាបានគង់វង្សនូវឯកសារច្បាប់ដ៏ចាំបាច់បំផុត និងសំខាន់បំផុតតែមួយគត់របស់គណបក្សសម្រាប់ការចុះបញ្ជីឈរឈ្មោះបោះឆ្នោត គឺ “ប្រកាសស្តីពីការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ”។
ឥឡូវនេះ មានការនិយាយតគ្នាពីមាត់មួយទៅមាត់មួយថា តើគណបក្សបែបកញ្ជើធ្លុះបែបនេះទៅដឹកនាំ និងសម្រេចជោគវាសនារបស់ប្រទេសជាតិ និងប្រជាជនយ៉ាងដូចម្តេចកើត បើគ្រាន់តែត្រឹមក្រដាសមួយសន្លឹក ថែរក្សាមិនបានផង? បើគណបក្សនេះ ចៃដន្យឈ្នះឆ្នោតមែន ប្រាកដជាក្លាយជាគ្រោះមហន្តរាយរបស់ជាតិ ជាក់ជាពុំខាន ហើយឥឡូវនេះក៏លេចឡើងនូវគំនិតពីក្នុងក្រុមអ្នកនយោបាយប្រឆាំង ក្នុងការទាមទារទម្លាក់មេដឹកនាំ នៃគណបក្សភ្លើងទៀននេះចេញទៀតផង។
គណបក្សភ្លើងទៀនមិនអាចទម្លាក់ការទទួលខុសត្រូវទៅអ្នកដទៃឡើយ ទាក់ទងនឹងចំណុចដែល ខ្លួនខកខានមិនអាចបំពេញតាមលក្ខខណ្ឌចាំបាច់ផ្នែកទម្រង់ ការតាមការកំណត់របស់ច្បាប់ ដោយសារគណបក្សនេះ ជាអ្នកដែលធ្វើអោយបាត់បង់ឯកសារដ៏សំខាន់នេះ ហើយមិនមែនអ្នកដទៃ ក្រៅពីគណបក្សខ្លួន ជាអ្នកធ្វើអោយបាត់ឯកសារនេះឡើយ។ ម្យ៉ាងទៀតការអះអាងដោយភ្ជាប់ការបាត់ឯកសារនេះ ទៅនឹងការបិទស្នាក់ការគណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយដោយតុលាការ គឺគ្រាន់តែជាលេសដោះសារតែប៉ុណ្ណោះ ព្រោះតាមផ្លូវច្បាប់ គណបក្សនយោបាយទាំងពីរនេះ គឺជាគណបក្សខុសគ្នា ហើយច្បាប់មិនអនុញ្ញាតឱ្យមានស្នាក់ការរួមគ្នាតែមួយឡើយ។
ម្យ៉ាងទៀត ប្រសិនបើឯកសារនេះ ពិតជាបានបាត់ពិតប្រាកដនៅក្នុងអំឡុងពេលនោះមែន ហេតុដូចម្តេចបានជាគណបក្សភ្លើងទៀននៅស្ងៀមតរៀងមក ហើយមិនលើកឡើងអំពីរឿងនេះ ឬប្តឹងតាមផ្លូវច្បាប់ ទាំងតាមផ្លូវរដ្ឋបាល ទាំងតាមផ្លូវតុលាការ តាំងពីពេលនោះមក?
គណបក្សនេះ ក៏មិនអាចបន្ទោសលើក្រសួងមហាផ្ទៃនោះទេ ដោយសារ (ទី១)-ច្បាប់គណបក្សនយោបាយ មិនផ្តល់សិទ្ធិអំណាចណាមួយជូនក្រសួងមហាផ្ទៃ ក្នុងការចេញទុយិតានៃប្រកាសចុះបញ្ជីគណបក្ស នយោបាយនោះទេ, (ទី២)-ការបញ្ជាក់នីត្យានុកូលកម្មលើឯកសារគតិយុត្តនានា គឺជាសមត្ថកិច្ចតាមផ្លូវច្បាប់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានក្របខណ្ឌច្បាប់ច្បាស់លាស់សម្រាប់ការអនុវត្ត ហើយក៏ត្រូវបានអនុវត្ត ជាមួយគណបក្សនយោបាយនានាជាហូរហែដោយគ្មានបញ្ហាផងដែរ និង (ទី៣)-ក្រសួងមហាផ្ទៃបានចេញលិខិតបញ្ជាក់ ដែលជាលិខិតរដ្ឋបាលជូនទៅគណបក្សភ្លើងទៀនរួចហើយ ហើយនេះជាអ្វីដែលខ្ពស់បំផុតតាមផ្លូវច្បាប់ផ្នែករដ្ឋបាល ដែលក្រសួងមហាផ្ទៃ អាចចេញអោយបានក្នុងក្របខណ្ឌសមត្ថកិច្ចរបស់ខ្លួន។
គណបក្សនេះ ក៏មិនអាចបន្ទោសទៅ គជប បានដែរ ព្រោះ គជប ត្រូវធ្វើជាអាជ្ញាកណ្តាលសម្រាប់ គ្រប់គណបក្សនយោបាយទាំងអស់ សម្រាប់ការប្រកួតប្រជែងនៅក្នុងការបោះឆ្នោត ពិសេសគោលការណ៍សំខាន់ចំនួនពីរ គឺ៖ (ទី១)-គោលការណ៍នៃការអនុវត្តអោយបានត្រឹមត្រូវ និង ដោយម៉ឺងម៉ាត់នូវច្បាប់បោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត ព្រមទាំងបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត និង (ទី២)-គោលការណ៍ស្មើភាពគ្នារវាងគ្រប់គណបក្ស នយោបាយចំពោះមុខច្បាប់។ ផ្អែកលើគោលការណ៍ស្មើភាពគ្នានេះ, គជប មិនអាចបិទភ្នែក ហើយផ្តល់ការសម្រួល ឬការយោគយល់ដោយខុសច្បាប់ណាមួយ ឱ្យគណបក្សភ្លើងទៀនឡើយ ព្រោះគណបក្សផ្សេងទៀត ប្រាកដជាមិនយល់ព្រមឡើយ ព្រោះគណបក្សផ្សេងទៀត ត្រូវបាន គជប តម្រូវឱ្យបំពេញនូវគ្រប់ចំណុច នៃលក្ខខណ្ឌតាមច្បាប់ទាំងអស់។ ដូចនេះ គជប ត្រូវប្រកាន់ខ្ជាប់នូវតួនាទី របស់ខ្លួនជាអាជ្ញាកណ្តាលហើយត្រូវប្រកាន់ខ្ជាប់ម៉ឺងម៉ាត់នូវគោលការណ៍ ស្មើភាពគ្នាសម្រាប់គ្រប់គណបក្សនយោបាយទាំងអស់។ គជប នឹងខុស ប្រសិនបើគណបក្សនយោបាយណាមួយ បានបំពេញគ្រប់លក្ខខណ្ឌហើយ ប៉ុន្តែបែរជា គជប បដិសេធមិនចុះឈ្មោះអោយគណបក្សនោះ ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ហើយ គជប ក៏នឹងខុសដែរ ប្រសិនបើ គជប អនុញ្ញាតអោយគណបក្សណាមួយ ដែលមិនបានបំពេញគ្រប់លក្ខខណ្ឌតាមច្បាប់ អាចទទួលបានការចុះបញ្ជីឈរឈ្មោះចូលរួមក្នុងការបោះឆ្នោត។
គណបក្សភ្លើងទៀន ដាច់ខាតត្រូវតែទទួលខុសត្រូវចំពោះការធ្វេសប្រហែសរបស់ខ្លួន ដែលបានធ្វើឱ្យបាត់នូវឯកសារដ៏សំខាន់បំផុតតែមួយគត់របស់គណបក្សនេះ គឺ «ប្រកាសស្តីពីការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ»។ តើអ្នកណាជាអ្នកថែរក្សាទុកឯកសារគតិយុត្តដ៏មានសារសំខាន់បំផុតតែមួយគត់ របស់គណបក្ស ហើយតើឯកសារនេះបានបាត់របៀបដូចម្តេច និង តាំងពីពេលណាមក? គណបក្សនេះបានដឹងច្បាស់ណាស់ថា យោងតាមច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ព្រមទាំងបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត, ឯកសារនេះគឺមានសារសំខាន់ជាចាំបាច់ទី១ សម្រាប់ការដាក់ពាក្យសុំចុះបញ្ជីឈរឈ្មោះបោះឆ្នោត ប៉ុន្តែ ហេតុអ្វីបានជាគណបក្សនេះ មិនបានយកចិត្តទុកដាក់ថែរក្សាវាឱ្យបានល្អ ឬគិតគូររកវិធីដោះស្រាយតាមផ្លូវច្បាប់ឱ្យបានឆាប់រហ័សចំពោះការបាត់ឯកសារនេះ តាំងពីដំណាក់កាលដំបូង។ ប៉ុន្តែសម្រាប់អ្នកតាមដាន និងវិភាគសភាពការណ៍នយោបាយនៅកម្ពុជា, ការបាត់ឯកសារនេះ ម្យ៉ាងគឺអាចជាកំហុសដោយការធ្វេសប្រហែស និងខ្ជីខ្ជាររបស់គណបក្សភ្លើងទៀននៅភ្នំពេញ ប៉ុន្តែ ម្យ៉ាងទៀត វាក៏អាចជាល្បិចកលនយោបាយរបស់មេដឹកនាំនយោបាយប្រឆាំងណាម្នាក់ ឬក្រុមណាមួយ ដែលលបលួចរៀបចំសេណារីយ៉ូនេះឡើង ដើម្បីផលប្រយោជន៍នយោបាយរបស់ខ្លួន និងដោយមិនឱ្យគណបក្សភ្លើងទៀននៅភ្នំពេញបានដឹងអំពីផែនការនេះ។
សេណារីយ៉ូទី២- ជាល្បិចកលនយោបាយរបស់មេដឹកនាំស្រមោលនៃគណបក្សភ្លើងទៀន៖ ការខកខានមិនអាចបំពេញតាមលក្ខខណ្ឌផ្នែកទម្រង់ការចាំបាច់នានាតាមច្បាប់ ដើម្បីចុះឈ្មោះចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតលើកនេះ អាចជាល្បិចកលនយោបាយ ឬយុទ្ធសាស្រ្តនយោបាយរបស់មេដឹកនាំប្រឆាំងណាមួយ ពិសេស មេដឹកនាំប្រឆាំងនៅក្រៅស្រុក ដែលមិនចង់ឃើញគណបក្សភ្លើងទៀនចូលរួមនៅក្នុងការបោះឆ្នោតនេះឡើយ។ ដើម្បីយល់រឿងនេះបានច្បាស់លាស់ យើងត្រូវឆ្លើយទៅនឹងសំណួរថា បើគណបក្សភ្លើងទៀនមិនអាចចូលរួមនៅក្នុងការបោះឆ្នោតនេះ តើអ្នកណាចំណេញជាងគេខាងនយោបាយ?
- សម្រាប់គណបក្សប្រជាជន, គឺច្បាស់ណាស់ ប្រាកដជានឹងឈ្នះការបោះឆ្នោតខាងមុខនេះភ្លូកទឹកភ្លូកដីមិនខាន ហើយការព្យាករណ៍ចេញពីការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះបង្ហាញច្បាស់ថា គណបក្សប្រជាជននឹងទទួលបានអាសនៈនៅរដ្ឋសភាយ៉ាងតិចចំនួន ១០៤ លើអាសនៈ សរុបចំនួន ១២៥។ ការព្យាករណ៍នេះ មិនទាន់បានគិតដល់សមិទ្ធផលថ្មីៗ ដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបានជូនជាតិនៅចុងឆ្នាំ ២០២២ និងដើមឆ្នាំ២០២៣ ពិសេស ព្រឹត្តិការណ៍ធំៗចំនួន២ ដែលជោគជ័យបំផុត គឺ (១)- ការដឹកនាំកិច្ចប្រជុំកំពូលអាស៊ានប្រកបដោយជោគជ័យធ្វើឱ្យកម្ពុជា ដែលជាប្រធានអាស៊ាន ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ ជាមួយកិត្តិយស និងកិត្យានុភាពជាតិយ៉ាងខ្ពស់ នៅក្នុងឆាកតំបន់ និងអន្តរជាតិ (២)-ការធ្វើម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមដោយជោគជ័យ និងប្រកបដោយមោទនជាតិដ៏អស្ចារ្យ ទាំងលើការរៀបចំព្រឹត្តិការណ៍នេះ ទាំងលើការណ៍ដែលកម្ពុជាទទួលបានមេដាយដ៏ច្រើន សន្ធឹកសន្ធាប់មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា។
ដូចនេះច្បាស់ណាស់ បើទោះបីជាមានវត្តមានគណបក្សភ្លើងទៀននៅក្នុងការបោះឆ្នោតខាងមុខ ក៏មិនធ្វើឱ្យប៉ះពាល់ដល់ជោគជ័យដ៏ត្រចះត្រចង់ នៃគណបក្សប្រជាជនកម្ពុជាដែរ ហើយគណបក្សប្រជាជនកម្ពុជា នៅតែឈ្នះភ្លូកទឹកភ្លូកដីសម្រាប់ការបោះឆ្នោតនេះជាដដែល។ ប៉ុន្តែ ផ្ទុយទៅវិញ អវត្តមានរបស់គណបក្សភ្លើងទៀននៅក្នុងការបោះឆ្នោតនេះទៅវិញទេ ដែលអាចធ្វើឱ្យគេអាចមានលេសទម្លាក់កំហុសលើគណបក្សប្រជាជនកម្ពុជា ក្នុងគោលបំណងធ្វើឱ្យប៉ះពាល់ដល់មុខមាត់នៃជោគជ័យរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតនេះ ពិសេស ការរិះគន់ ឬប្រតិកម្មជាអវិជ្ជមានលើដំណើរការប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ព្រមទាំងការចោទប្រកាន់ទម្លាក់កំហុសជានយោបាយដោយគ្មានមូលដ្ឋាន មកលើគណបក្សប្រជាជនកម្ពុជាថា ជាអ្នករារាំងមិនឱ្យគណបក្សប្រឆាំងចូលរួមក្នុងការបោះឆ្នោត។
ដូចនេះជារួមលើទិដ្ឋភាពនយោបាយ គណបក្សប្រជាជនកម្ពុជា ពុំទទួលបានផលចំណេញអ្វីពីអវត្តមាននៃគណបក្សភ្លើងទៀនដែលជាគណបក្សប្រឆាំងនោះទេ ហើយក៏គ្មានហេតុផលខាងនយោបាយណាមួយ ដើម្បីរារាំងគណបក្សប្រឆាំងក្នុងការចូលរួមការបោះឆ្នោតនេះដែរ។ ប៉ុន្តែលើទិដ្ឋភាពច្បាប់, កិច្ចការនៃការបោះឆ្នោតទាំងអស់នេះ គឺជាសមត្ថកិច្ចរបស់ គជប និង ក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័ន ធម្មនុញ្ញ និងមានឯករាជ្យក្នុងការអនុវត្តសមត្ថកិច្ចរបស់ខ្លួន ស្របតាមច្បាប់ និងនីតិវិធីជាធរមាន។ គណបក្សប្រជាជនកម្ពុជា និងគណបក្សដទៃផ្សេងទៀត ពុំមានជម្រើសអ្វីក្រៅពីទទួលយកការសម្រេចរបស់ គជប និង ក្រុមប្រឹក្សាធម្មនុញ្ញនោះឡើយ ហើយគោលការណ៍ដែលត្រូវប្រកាន់ខ្ជាប់នៅទីនេះគឺ «ដំណើរការនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ត្រូវដើរទន្ទឹមគ្នានឹងនីតិរដ្ឋ» ដែលជាគ្រឹះសម្រាប់ធានាដល់ស្ថិរភាពប្រទេសជាតិយូរអង្វែង បើពុំដូច្នោះទេ វានឹងបង្កើតបានជាស្ថានភាពអនាធិបតេយ្យ នៅក្នុងកិច្ចដំណើរការ នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
- សម្រាប់ក្រុមប្រឆាំង, យុទ្ធសាស្រ្តស្នូលជាប់ជាប្រចាំរបស់ក្រុមប្រឆាំង ទាំងនាពេលកន្លងមក ទាំងពេលបច្ចុប្បន្ន គឺថា ប្រសិនបើគណបក្សប្រឆាំងគ្មានសង្ឃឹមថា នឹងឈ្នះការបោះឆ្នោត គឺត្រូវធ្វើសកម្មភាពបំផ្លាញចោលការបោះឆ្នោត និងអំពាវនាវមិនឱ្យទទួលស្គាល់លទ្ធផលបោះឆ្នោត ក៏ដូចជារដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតនោះ។ នាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា កាលពីឆ្នាំ ២០១៨ កន្លងទៅ ក្រុមប្រឆាំងបានអំពាវនាវឱ្យប្រជាពលរដ្ឋកុំទៅបោះឆ្នោត ក្នុងគោលបំណងដើម្បីបំផ្លាញចោលការបោះឆ្នោត និងអំពាវនាវមិនឱ្យទទួលស្គាល់លទ្ធផលបោះឆ្នោត ក៏ដូចជារដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតឆ្នាំ២០១៨។
ដូចនេះអវត្តមាននៃគណបក្សភ្លើងទៀនក្នុងការចូលរួមការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តលើកនេះ ក៏ស្របតាមក្របខណ្ឌនៃយុទ្ធសាស្រ្តនយោបាយកន្លងមក របស់ក្រុមប្រឆាំង ហើយ របៀបនៃការបំផ្លិចបំផ្លាញបែបនេះ វាគឺជាចរិតនៃការធ្វើនយោបាយផ្ទាល់ខ្លួនរបស់ សមរង្ស៊ី ផងដែរ។ ជាការវាយតម្លៃខាងនយោបាយ, ប្រសិនបើគណបក្សភ្លើងទៀនចូលរួមក្នុងការបោះឆ្នោតលើកនេះ គឺមិនត្រឹមតែមិនអាចយកឈ្នះគណបក្សប្រជាជនកម្ពុជាបានប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងជាការចូលរួមប្រថាប់ត្រាលើជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជា និងក្លាយជាគ្រឿងលំអដែលពង្រឹងភាពស្របច្បាប់ នៃការកាន់អំណាចរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងដំណើរការនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាប៉ុណ្ណោះ។
ផ្អែកលើហេតុផលនយោបាយទាំងនេះ មេដឹកនាំក្រុមប្រឆាំងដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ដាច់ខាតនឹងមិនអនុញ្ញាតឱ្យគណបក្សភ្លើងទៀន ចូលរួមក្នុងការបោះឆ្នោតខាងមុខនេះទេ ហើយត្រូវរៀបចំជាសេណារីយ៉ូនេះឡើង ដើម្បីទម្លាក់កំហុសនេះទៅគណបក្សប្រជាជនកម្ពុជា ឬទៅ គជប។ សម្រាប់គណបក្សភ្លើងទៀនក្នុងស្រុក គឺច្បាស់ណាស់ នឹងមិនទទួលផលចំណេញអ្វីខាងនយោបាយពីសភាពការណ៍នេះទេ ប៉ុន្តែសម្រាប់មេដឹកនាំស្រមោល នៃគណបក្សនេះ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស គឺចំណេញខាងនយោបាយបានទ្វេដង ដោយសារ៖
ទី១-អាចបម្រើឱ្យយុទ្ធសាស្រ្តនយោបាយ ក្នុងការបំផ្លាញចោលការបោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស ក្នុងបំណងដើម្បីអំពាវនាវអន្តរជាតិកុំឱ្យទទួលស្គាល់ លទ្ធផលបោះឆ្នោត និងរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតនេះ ព្រោះថា បើគណបក្សភ្លើងទៀនចូលរួមក្នុងការបោះឆ្នោតនេះ គឺមិនបានការអ្វីទាំងអស់ខាងនយោបាយ ហើយបែរទៅជាចូលរួមប្រថាប់ត្រាការកាន់អំណាចរបស់គណបក្សប្រជាជនកម្ពុជាទៅវិញ។
ទី២-អាចទម្លាក់កំហុសនេះជានយោបាយទៅឱ្យគណបក្សប្រជាជនកម្ពុជា ដើម្បីបង្កើតបានជាលេសសម្រាប់ការប្រមូលកម្លាំងតវ៉ាក្នុងស្រុក ក៏ដូចជាញុះញង់ឱ្យមានការអុកឡុកដល់ដំណើរការនៃការបោះឆ្នោតនាពេលខាងមុខ។ សម្រាប់មេដឹកនាំស្រមោលនៃគណបក្សនេះ ប្រសិនបើមានការតវ៉ាក្នុងស្រុក គឺនឹងក្លាយជាឱកាសដ៏ល្អសម្រាប់រៀបចំការវិលត្រឡប់មកកម្ពុជាវិញ ដូចដែលពួកនេះ ធ្លាប់បានព្យាយាមតាមគ្រប់មធ្យោបាយជាច្រើនដងនាពេលកន្លងមក។
ផ្អែកលើហេតុផលខាងនយោបាយខាងលើនេះ អ្នកដែលតាមដាន និងវិភាគសភាពការណ៍នយោបាយនៅកម្ពុជា មានការជឿជាក់ថា៖ (ទី១)-ប្រកាសស្តីពីការចុះបញ្ជីគណបក្សភ្លើងទៀននៅក្រសួងមហាផ្ទៃ ដែលជាឯកសារគតិយុត្តសំខាន់បំផុតតែមួយគត់របស់គណបក្ស គឺ មិនបាត់ទៅណាទេ ប៉ុន្តែ អាចឯកសារនេះ កំពុងស្ថិតក្នុងដៃនៃមេដឹកនាំស្រមោលណាមួយនៃគណបក្សនេះ ពោល គឺអាចក្នុងដៃអ្នកគ្រប់គ្រង អគ្គលេខាធិការដ្ឋាននៃបក្សនេះក៏អាចថាបាន ប៉ុន្តែ មកដល់ម៉ោងនេះ ក៏ហួសពេលក្នុងការបញ្ចេញឯកសារនេះ វិញដែរ ព្រោះបើពុំដូច្នោះទេ នឹងរងការស្តីបន្ទោសផង និងប៉ះពាល់ដល់ជំនឿទុកចិត្តនៃគណបក្សនេះផង ហើយទីបំផុត ឯកសារមួយសន្លឹកនេះ ប្រាកដជានឹងត្រូវបំផ្លាញចោលដើម្បីបំបាត់ដាន និងគេចពីការទទួលខុសត្រូវ និង(ទី២)-គណបក្សភ្លើងទៀន អាចមិនដឹងអំពីរឿងនេះ ហើយត្រូវបានគេប្រើប្រាស់ជាឧបករណ៍នយោបាយ ដើម្បីបំផុសកម្លាំង និងប្រមូលកម្លាំងនៅក្នុងស្រុកឱ្យងើបឡើងតវ៉ាជាថ្មី ដោយទម្លាក់កំហុសអំពី អវត្តមានគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតនេះ ទៅ គជប ឬ គណបក្សប្រជាជនកម្ពុជា តាមល្បិចកល “ស្វាស៊ីបាយ លាបមាត់ពពែ”។ ល្បិចកលនេះ បានចេញជាកន្ទុយនៅកណ្តាលវាល គឺនៅពេលដែល គជប មិនទាន់បានសម្រេចបដិសេធការចុះបញ្ជីឈរឈ្មោះបោះឆ្នោតផង បែរជាគណបក្សភ្លើងទៀន តាមរយៈមេដឹកនាំ ខ្លះទទួលការណែនាំពីមេដឹកនាំស្រមោលខាងក្រៅ បានចេញសេចក្តីថ្លែងការណ៍ និងប៉ុនប៉ងរៀបចំការប្រមូល កម្លាំងនៅទូទាំងប្រទេស ដើម្បីធ្វើបាតុកម្មតវ៉ាជាមួយ គជប។
ប៉ុន្តែទោះយ៉ាងណាល្បិចកលក្នុងការប៉ុនប៉ងប្រើកម្លាំងក្នុងកាលៈទេសៈបែបនេះ មិនទទួលបានជោគជ័យនោះទេ ហើយគណបក្សភ្លើងទៀន គួរស្រាវជ្រាវស្វែងរកមុខអ្នកកាន់ឯកសាររបស់គណបក្សនេះឡើងវិញ ដើម្បីចាប់ឱ្យទទួលខុសត្រូវលើរឿងនេះ។ ម្យ៉ាងទៀត បើទោះបីអវត្តមានគណបក្សនយោបាយមួយ ឬពីរ នៅក្នុងការបោះឆ្នោតខាងមុខ ក៏នឹងមិនធ្វើឱ្យប៉ះពាល់ដល់កិច្ចដំណើរការជាធម្មតានៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាឡើយ ដែលរហូតមកដល់ពេលនេះ គជប បានសម្រេចចុះបញ្ជីឈរឈ្មោះបោះឆ្នោតឱ្យគណបក្សនយោបាយបានជិត ២០ គណបក្សរួចទៅហើយ។
ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣
អ្នកនយោបាយតុកាហ្វេ
No comments:
Post a Comment