(ឥណ្ឌូណេស៊ី)៖ នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញផ្តល់សន្ទរកថា នៅក្នុងពិធីប្រគល់ពានរង្វាន់សុខុមាលភាព និងការអភិវឌ្ឍសង្គមឆ្នើមអាស៊ានលើកទី២។
នៅក្នុងពិធីនោះ អគ្គលេខាធិការអាស៊ាន បានកោតសរសើរដល់ជ័យលាភីទាំងអស់ សម្រាប់ការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការលើកកម្ពស់ស្តង់ដាររស់នៅសម្រាប់មនុស្ស ដែលងាយរងគ្រោះនៅក្នុងតំបន់ ព្រមទាំងការជួយពង្រឹងសមភាពយែនឌ័រ និងបរិយាប័ន្នសង្គម។ លោកអគ្គលេខាធិការ បានលើកទឹកចិត្តឲ្យជ័យលាភីទាំងអស់បន្តការងារដ៏ល្អប្រសើរនេះ។
នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោក ផាទ្រីក ហែមម័រ ឯកអគ្គរាជទូតជ្រើសតាំងនៃប្រទេសលុចសំបួប្រចាំអាស៊ាន បានជូនសារតាំង ដល់លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។
នៅក្នុងពិធីជូនសាតាំងនោះ ភាគីទាំងពីរបានបង្ហាញពីតម្រូវការ និងបំណងប្រាថ្នាក្នុងការរិះរកសក្តានុពល ដែលមិនទាន់បានប្រើប្រាស់ ដើម្បីសហការបន្ថែម ព្រមទាំងលទ្ធភាពសម្រាប់ប្រទេសលុចសំបួ ចូលក្នុងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងអាស៊ីអាគ្នេយ៍ (TAC)។
នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបស្វាគមន៍លោក ស្រ៊ុន រីដា វិចិត្រករមកពីប្រទេសកម្ពុជា ដែលត្រូវបានជ្រើសរើសនៅក្នុងកម្មវិធី ASEAN Artists Residency Programme លើកទី ៥ ហើយដែលគាត់នឹងដាក់បង្ហាញស្នាដៃរបស់គាត់រយៈពេល១ខែ នៅលេខាធិការដ្ឋានអាស៊ាន។
សូមជម្រាបជូនថា កម្មវិធីនេះ ទទួលស្គាល់វិចិត្រករលេចធ្លោនៅក្នុងតំបន់ និងដាក់បង្ហាញទេពកោសល្យរបស់គេ ទៅដល់ទស្សនិកជនយ៉ាងទូលំទូលាយ ដើម្បីបង្កើនការយល់ដឹងពីសិល្បៈ និងវប្បធម៌របស់អាស៊ាន។
នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Yassir Mohamed Ali Mohammed ឯកអគ្គរដ្ឋទូតសាធារណរដ្ឋស៊ូដង់ ប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី។ នៅក្នុងជំនួបនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីការវិវត្តន៍ចុងក្រោយនៅក្នុងអាស៊ាន និងស៊ូដង់ ។
នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយលោក Wang Ruijun សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិនប្រចាំខេត្តក្វាងទុង និងជាប្រធានសមាគមន៍មិត្តភាពនៅបរទេសរបស់ខេត្តក្វាងទុង។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងស្វែងរកវិធីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងខេត្តក្វាងទុង ជាមួយលេខាធិការដ្ឋានអាស៊ាន ព្រមទាំងជាមួយប្រទេសសមាជិកអាស៊ាន៕
No comments:
Post a Comment