Saturday, April 01, 2023

សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកតាឧបាសក ឌី បូ


(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​​មន្ត្រីកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកតាឧបាសក ឌី បូ ត្រូវជាឪពុកមា​បង្កើត​របស់សម្តេច ដែលតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានលេខ៤១-៤៣ ផ្លូវ២៦៥ សង្កាត់ទឹកល្អក៣ ខណ្ឌទួលគោក រាជធានី​ភ្នំ​ពេញ។

នៅចំពោះមុខរូបថតនៃមជ្ឈូសតម្កល់សព សម្តេចតេជោ បានលំឱនកាយវាចាចិត្តដោយ​សេចក្តីគោរពកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះវិញ្ញាណក្ខន្ធសពលោកតាឧបាសក ឌី បូ ដែលបានធ្វើកម្មកិរិយាលាចាកលោកនេះ ទៅកាន់លោកខាងមុខ ក្នុងជន្មាយុ ១០២ឆ្នាំ ដោយជរាពាធ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានឧទ្ទិសដល់វិញ្ញាណក្ខន្ធសពលោកតាឧបាសក ឌី បូ បានយោងយិតទៅចាប់បដិសន្ធិក្នុងឋានបរមសុខនិពាន្ធកុំបីឃ្លាងឃ្លាតដោយប្រការណាមួយឡើយ។

តាមជីវប្រវត្តិបានឱ្យដឹងថា លោកតាឧបាសក ឌី បូ ប្រសូត្រនៅឆ្នាំច ថ្ងៃទី៨ ខែមេសា ឆ្នាំ១៩២១ នៅក្នុងគ្រួសារកសិករ នៅភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្ត​កំពង់ចាម។ លោកតា មានឪពុកនាម អ៊ុច ឌី និងម្តាយនាម អ៊ុយ ម៉ប់។

លោកតាឧបាសក ឌី បូ ជាកូនទី៤ ក្នុងចំណោមបងប្អូន ៨នាក់ ដែលរួមមាន ​លោក​យាយ​ ឌី ប៉ែត លោកតា ឌី សយ លោកយាយ ឌី ប៉ុក លោកតា ឌី បូ លោកតា ឌី ថន លោកយាយ ឌី ថូ លោកយាយ ឌី ម៉ន និងលោកតា ឌី ផាន។ លោកតាឧបាសក ឌី បូ ជាប្អូនប្រុសបង្កើតរបស់មហាឧបាសិកា ឌី ប៉ុក ដែលជាម្តាយ​បង្កើតរបស់សម្តេចតេជោ ហ៊ុន សែន។

កាលពីកុមារភាពលោកតាឧបាសក ឌី បូ ទទួលបានការសិក្សាបន្តិចបន្តួច​នៅតាមវត្ត​អារ៉ាម ​និងបានប្រកបមុខរបរជាអ្នកធ្វើស្រែចំការ និងជួញដូរ។ លោកតាមាន​ភរិយា​ឈ្មោះ ទិន សេង ដែលបានទទួលមរណភាពនៅឆ្នាំ១៩៨៧ និងមានកូនចំនួន ១២ នាក់ ក្នុងនោះមានស្រី ៣នាក់ និងប្រុស ៩នាក់ និងមានចៅសរុបចំនួន ៤៣នាក់ ចៅ​ទួត​ចំនួន ៦២នាក់ និងចៅលួតចំនួន ៤នាក់។

លោកតាឧបាសក ឌី បូ បានឆ្លងកាត់ជាច្រើនសម័យកាលតាំងពីសម័យ​អាណា​និគម​បារាំង រហូតដល់សម័យព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ដែលសបញ្ជាក់ថា លោកតា ពិតជាមានភាពវាងវៃប្រកបដោយការតស៊ូខ្ពស់។ ជាពិសេសនៅសម័យកម្ពុជា​ប្រជាធិប​តេយ្យ (របបប្រល័យពូជសាសន៍ ប៉ុល ពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ) លោកតាត្រូវបានគេ​បង្ខំ​ឱ្យ​ធ្វើការជាទម្ងន់ បែកបាក់ក្រុមគ្រួសារ កូនចៅ ដូចប្រជាជនទូទៅនៅក្នុង​ប្រទេស​ទាំងមូលដែរ។

នាពេលនោះ លោកតាបានបាត់បង់កូនប្រុស ២រូប គឺលោក ឌី គឹមសួ និងលោក ឌី សារ៉ុន ដោយបាត់ដំណឹងសូន្យឈឹងរហូតដល់ពេលបច្ចុប្បន្ននេះ។ លោកតាឧបាសក ឌី បូ ត្រូវបានបងប្អូនកូនចៅស្គាល់ថា ជាបុគ្គលដែលប្រកាន់ខ្ជាប់តែអំពើល្អ មានចិត្ត​មេត្តា ករុណា និងរស់នៅក្នុងគន្លងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឈ។

លោកតាតែងតែជួយជ្រោមជ្រែងសាច់ញាតិនៅពេលខ្វះខាត និងអប់រំកូនចៅឱ្យដើរ​តាម​ផ្លូវ​សុចរិតភាព មិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ លោកតាឧបាសក ឌី បូ តែង​តែដឹកនាំកូនចៅធ្វើបុណ្យសន្សំកុសលក្នុងផ្លូវព្រះពុទ្ធសាសនា ដោយរួមចំណែក​កសាង​វត្តអារាម ទ្រទ្រង់សាសនាតាមរយៈការធ្វើបុណ្យកថិនទាន កាន់អង្គ បញ្ចុះសីមា និង​បុណ្យសាសនាជាច្រើនទៀត។

លោកតាឧបាសក ឌី បូ មានសុខភាពល្អប្រសើរ ទោះបីមានជន្មាយុជាង ១០០ ឆ្នាំ​ហើយ​ក៏ដោយ។ រហូតដល់ថ្ងៃអង្គារ ១១ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ស្រាប់តែលោកតា បានបាត់ស្មារតី និង​ត្រូវបាននាំមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។ បន្ទាប់ពីទទួល​បានការ​ព្យាបាល​យ៉ាងយកចិត្តទុកដាក់ នៅបន្ទប់សង្គ្រោះបន្ទាន់រយៈពេល ៥ថ្ងៃ វេជ្ជបណ្ឌិតបានណែនាំ​ឱ្យកូនចៅនាំលោកតាមកផ្ទះ ដោយសារតែលោកតាមានអាក្ការៈផ្លូវកាយ​ប្រសើរ​ឡើង​ហើយ ប៉ុន្តែលោកតា នៅតែមានស្មារតីមិននឹងនរ។

ដោយមានការមើលថែយ៉ាងយកចិត្តទុកដាក់ពីកូនចៅ លោកតាបានចាប់ផ្តើមមាន​កម្លាំង​កំហែងឡើងវិញ។ អស់រយៈពេលជាង ២ខែ ដែលលោកតាមានសុខភាព​ធូរ​ស្រាល ប៉ុន្តែជាអកុសល លោកតា បានទទួលអនិច្ចកម្មភ្លាមៗ នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១១៖៤៥នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ១០២ឆ្នាំដោយជរាពាធ នៅខ្វះតែ ៩ថ្ងៃគត់ ឈានចូលជន្មាយុគម្រប់ ១០៣ឆ្នាំ។

ការទទួលអនិច្ចកម្មរបស់លោកតាឧបាសក ឌី បូ ជាការបាត់បង់ដ៏ធំធេងនូវ​អ្នកមាន​គុណ ត្រូវជាឪពុក ជីតា ជីតាទួត ជីតាលួត និងសាច់ញាតិ ប្រកបដោយព្រហ្មវិហារធម៌​ដ៏ខ្ពង់​ខ្ពស់បំផុតចំពោះកូនចៅ។

សពលោកតាឧបាសក ឌី បូ ត្រូវបានកូនចៅ ចៅទួត ញាតិមិត្តជិតឆ្ងាយទាំងអស់ ប្រា​រព្វ​ពិធីតម្កល់ធ្វើបុណ្យទក្ខិណានុប្បទា ៣យប់ ៤ថ្ងៃ ដោយគ្រោងនិងទៅបូជា​នៅថ្ងៃ​អាទិត្យ ​ទី២ ខែមេសា ឆ្នាំ២០២៣ នៅទីអារាមវត្តហានជ័យ ស្រុកស្ទឹងត្រង់ ខេត្តកំពង់​ចាម។

សម្តេ​ចតេជោ ហ៊ុន សែន បានថ្លែងថា មរណភាពលោកឧបាសក ឌី បូ ជាការបាត់បង់​មនុស្ស​ចុងក្រោយនៃជំនាន់ឪពុកម្តាយរបស់សម្តេច​៕


No comments:

Post a Comment