Monday, March 20, 2023

សម្តេចតេជោ ហ៊ុន សែន ៖ ឆន្ទៈដ៏មុតស្រួចរបស់ប្រមុខរាជរដ្ឋាភិបាល ធ្វើឱ្យសម្រេចកម្មវិធីអនុវត្តកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទទួលបានជោគជ័យ

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ឆន្ទៈមុតស្រួចឥតរាថយ និងឥតងាករេ រាជរដ្ឋាភិបាលកម្ពុជាបានជំរុញអនុវត្តកម្មវិធីកែទម្រង់ ដ៏មានសារៈសំខាន់បំផុតមួយនេះ ឆ្លងកាត់ដំណាក់កាលធំៗសំខាន់ៗ ចំនួន៣។


សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៣-២០២៧។ 

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ដំណាក់កាលទី១ ត្រូវបានអនុវត្ត ពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០០៨ ដែលមានគោលដៅគន្លឹះ សំដៅលើការបង្កើនភាពជឿទុកចិត្តនៃថវិកា។ ដំណាក់កាលទី២ ត្រូវបានអនុវត្តពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៥ ដែលមានគោលដៅគន្លឹះ សំដៅលើ ការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ និងដំណាក់កាលទី ៣ ត្រូវបានអនុវត្តពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២២ ដែលមានគោលដៅគន្លឹះ សំដៅលើ ការបង្កើនការផ្សារភ្ជាប់ថវិកាទៅនឹងគោល-នយោបាយ។ ដំណាក់កាលទី ៤ ដែលយើងកំពុងប្រកាសដាក់ឱ្យ ចាប់ផ្តើមអនុវត្តនាពេលនេះ ត្រូវបានគ្រោងចាប់អនុវត្តពីឆ្នាំ ២០២៣ នេះរហូតដល់ឆ្នាំ ២០២៧ ដែលមានគោលដៅគន្លឹះ សំដៅលើការបង្កើនគណនេយ្យភាពសមិទ្ធកម្ម។ 

នាឱកាសនោះ សម្តេចតេជោ ថ្លែងបញ្ជាក់ថា បុព្វហេតុឯករាជ្យ និងអធិបតេយ្យជាតិ សមិទ្ធកម្មដ៏ល្អនៃកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ បានពង្រឹងឱ្យកាន់តែមាំមួនឡើង នូវភាពជាម្ចាស់ និងតួនាទីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទទួលខុសត្រូវលើជោគវាសនារបស់ប្រទេសជាតិដោយបាន កាត់បន្ថយការពឹងពាក់លើការខ្ចីពីក្រៅប្រទេស ដែលបច្ចុប្បន្ន ការខ្ចីពីក្រៅប្រទេសប្រចាំឆ្នាំមានទំហំមិនស្មើនឹង២០ភាគរយនៃថវិកាជាតិសរុបនោះទេ៕






No comments:

Post a Comment