រៀងរាល់អាណត្តិ នៃការបោះឆ្នោតម្តងៗ ចាប់តាំងពីអាណត្តិទី១នៅឆ្នាំ១៩៩៣មក ប្រជាពលរដ្ឋខ្មែរ សង្កេតឃើញថា មានគណបក្សនយោបាយមួយចំនួន តែងតែដើរសន្យានេះ សន្យានោះ ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋម្ចាស់ឆ្នោត បើទោះបីជាការសន្យាទាំងនោះ ពួកគេដឹងខ្លួនឯងថា មិនអាចធ្វើបាន ឬក៏មិនមានឱកាសធ្វើយ៉ាងណាក្តី។ ប៉ុន្តែ សម្រាប់គណបក្សប្រជាជនកម្ពុជា ដែលកើតឡើងពីប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន មិនដែលសន្យានោះទេ ពោលគឺធ្វើកិច្ចការជាក់ស្តែង ទៅតាមតម្រូវការរបស់ជាតិ និងប្រជាជនកម្ពុជា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ជាច្រើនលើករួចមកហើយថា មុនពេលបោះឆ្នោតម្តងៗ រដូវកាលសន្យាខ្យល់បានមកដល់ទៀតហើយ មានគណបក្សនយោបាយខ្លះ ហ៊ានសន្យាផ្តល់ប្រាក់ខែឱ្យមនុស្សចាស់ប៉ុណ្ណេះឬប៉ុណ្ណោះ ដំឡើងប្រាក់ខែមន្រ្តីរាជការ គ្រូបង្រៀន ជួយស្វែងរកការងារឱ្យកម្មករធ្វើ ជាដើម។ល។ ក្រោយពីខ្លួនបានឈ្នះឆ្នោតបានឡើងកាន់អំណាច។ ប៉ុន្តែ អ្វីដែលគួរឱ្យសោកស្តាយនោះ គឺគណបក្សទាំងនោះ មិនដែលបានឃើញពន្លឺនៃជ័យជម្នះរបស់ខ្លួននោះឡើយ ហើយបានត្រឹមតែជាការ «សន្យាខ្យល់» រហូតមកដល់សព្វថ្ងៃនេះ ដែលប្រការនេះហើយ ទើបពីមួយអាណត្តិទៅមួយអាណត្តិ ប្រជាពលរដ្ឋខ្មែរ កាន់តែអស់ជំនឿលើគណបក្សនយោបាយទាំងនោះបន្តិចម្តងៗ រហូតធ្វើឱ្យពួកគេទទួលបានឈ្មោះថា ជាគណបក្ស “ចាញ់ជាអមតៈ”។
បើយើងក្រឡេកមើល និងពិចារណាដោយម៉ត់ចត់ពីចក្ខុវិស័យគណបក្សប្រជាជនកម្ពុជាវិញ ដែលប្រជាពលរដ្ឋខ្មែរទូទៅនិយមហៅថា «បក្សទេវតា» នោះ គឺតែងតែស្ថិតនៅជាប់ជាមួយ សង្រ្គោះ ការពារ បម្រើគ្រប់អ្វីៗដែលប្រជាជនត្រូវការ ពោលគឺនៅ «ខាំស្មៅ» ជាមួយប្រជាជន មិនទៅណាចោលប្រជាជន មិនដូចជាអ្នកនយោបាយមួយចំនួនដែលមានសញ្ជាតិច្រើនដែលតាំងខ្លួនជាអ្នកស្នេហាជាតិតែលើបបូរមាត់ តែតាមពិតគឺ «រត់ប្រិបប្រុច» ចោលប្រជាពលរដ្ឋទៅវិញ។
ប្រជាពលរដ្ឋខ្មែរ បាននិងកំពុងមើលឃើញច្បាស់ពីការឃោសនាបោកប្រាស់ ប្រជាភិថុតិតាមរយៈការសន្យាខ្យល់របស់គណបក្សមួយចំនួន ហើយកាន់តែមើលឃើញច្បាស់ពីគុណតម្លៃ និងតួនាទីមិនអាចកាត់ថ្លៃបានរបស់គណបក្សប្រជាជនកម្ពុជាដែលហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ ដើម្បីឧត្តមប្រយោជន៍របស់ប្រជាជន ដោយផ្អែកលើកត្តាសំខាន់មួយចំនួនដូចជា៖
ទី១-គណបក្សប្រជាជនកម្ពុជា ថែរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម និងការពាររាល់សមិទ្ធផលសង្គមជាតិ។ សន្តិភាព មានតម្លៃជាទីបំផុតដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបតែងតែចង់បាន ដោយសារតែ សន្តិភាព គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ ដែលអាចធ្វើឱ្យប្រជាជនខ្មែរយើង រស់នៅយ៉ាងសុខសាន្តដូចបច្ចុប្បន្ននេះ។ បើគ្មានសន្តិភាពនោះទេ សិទ្ធិរស់រានមានជីវិតរបស់យើងក៏គ្មានដែរ កុំថាឡើយដល់ការអភិវឌ្ឍ កុំថាឡើយដល់សិទ្ធិមនុស្ស កុំថាឡើយដល់ប្រជាធិបតេយ្យឱ្យសោះ។
ទី២-គណបក្សប្រជាជនកម្ពុជា បានសង្រ្គោះអាយុជីវិតប្រជាជនពីគ្រោះថ្នាក់ដោយសារជំងឺកូវីដ-១៩ ព្រមទាំងជួយសង្រ្គោះជីវភាពរបស់ប្រជាពលរដ្ឋ។ ក្នុងពេលប្រឈមនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ រដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រជាជនប្រយុទ្ធនឹងជំងឺដ៏កាចសាហាវនេះប្រកបដោយជោគជ័យគួរជាទីមោទនៈ រក្សាបានអាយុជីវិត និងរក្សាបានលំនឹងជីវភាពប្រជាជន និងលំនឹងសេដ្ឋកិច្ចផងដែរ។
ក្រោយវិបត្តិជំងឺកូវីដ-១៩ វិធានការជំនួយសង្គមជាច្រើន ត្រូវបានដាក់ចេញដើម្បីដោះស្រាយជីវភាពប្រជាជនដូចជា៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ កម្មវិធីសាច់ប្រាក់ពលកម្ម កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា ការជួយសង្រ្គោះអ្នករងគ្រោះធ្ងន់ធ្ងរពីទឹកជំនន់ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំជាដើម។ល។
ទី៣-គណបក្សប្រជាជនកម្ពុជា បានលើកកម្ពស់ជីវភាពរបស់មន្រ្តីរាជការ និវត្តន៍ជន និងអតីតយុទ្ធជននៅឆ្នាំ២០២៣នេះ និងនៅឆ្នាំបន្តបន្ទាប់ បៀវត្សអប្បបរមាត្រូវបានដំឡើងសម្រាប់មន្រ្តីរាជការស៊ីវិល គ្រូបង្រៀននិងគ្រូពេទ្យ នគរបាលជាតិ កងកំលាំងប្រដាប់អាវុធ ដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់ពួកគាត់កាន់តែប្រសើរឡើង។
ការដំឡើងនេះ គឺជាការធ្វើឡើងជាក់ស្តែង ពុំមែនជាការសន្យាខ្យល់ដូចគណបក្សនយោបាយមួយចំនួននោះឡើយ។
ទី៤-គណបក្សប្រជាជនកម្ពុជា បានលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិត។ ប្រាក់បៀវត្សអប្បបរមារបស់កម្មករនិយោជិត ត្រូវបានដំឡើងយ៉ាងទៀងទាត់ទៅតាមកាលវិភាគដែលមានចំនួន១៧០ដុល្លារក្នុងឆ្នាំ២០១៨ និងបានតម្លើងជាបន្តបន្ទាប់រហូតដល់ចំនួន ១៩៤ដុល្លារក្នុងឆ្នាំ២០២២ ទោះបីជាប្រឈមនឹងបញ្ហារីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយក្តី។
លើសពីនេះ ដើម្បីធានាដល់ការលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិត គណបក្សប្រជាជនកម្ពុជា បានពង្រឹងការអនុវត្តគោលនយោបាយសំខាន់ៗជាច្រើនទៀត ជាពិសេសការលើកកម្ពស់ការការពារសិទ្ធិ និងផលប្រយោជន៍កម្មករទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធជាដើម។ល។
ទី៥-គណបក្សប្រជាជន បាននិងបន្តបង្កើនការងារជូនប្រជាជនកម្ពុជា។ នៅក្នុងអាណត្តិទី៦នេះ ប្រជាពលរដ្ឋកម្ពុជា ជាង៩៩% មានការងារធ្វើ ឯអ្នកដែលគ្មានការងារធ្វើមានត្រឹមតែ០,៣% តែប៉ុណ្ណោះ ដែលផ្ទុយពីការឃោសនាញុះញង់របស់គណបក្សនយោបាយមួយចំនួនថា គ្មានការងារធ្វើ។ ដើម្បីធានាការងារធ្វើរបស់ប្រជាជន គណបក្សប្រជាជនកម្ពុជា បន្តអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ទាក់ទាញវិនិយោគផ្ទាល់ពីបរទេស និងវិនិយោគក្នុងស្រុក បន្តពង្រឹងនិងពង្រីករោងចក្រ សហគ្រាស ពង្រឹងនិងពង្រីកសេវារកការងារធ្វើទាំងក្នុងនិងក្រៅប្រទេសជូនប្រជាពលរដ្ឋជាដើម។ល។
ជារួម ចំណុចទាំងអស់ដែលបានរៀបរាប់ខាងលើនេះ គ្រាន់តែជាការលើកឡើងត្រួសៗតែប៉ុណ្ណោះ ពោលគឺនៅមានគុណសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀត ដែលគណបក្សប្រជាជនកម្ពុជា បាននិងកំពុងធ្វើ ដើម្បីជាតិ និងប្រជាជនកម្ពុជាមួយ ដែលមានឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ជាពិសេស គឺមានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលអាចការពារបាននូវសុខសន្តិភាព ធានាបាននូវភាពសុខសាន្តរបស់ប្រជាជនកម្ពុជា៕
ដោយ៖ តាំង ករុណា
No comments:
Post a Comment