Friday, March 03, 2023

វិភាគអន្តរជាតិ៖ តើការរុះរើក្បាលម៉ាស៊ីនដឹកនាំប្រទេសថ្មីៗនេះ មានន័យដូចម្ដេចចំពោះវៀតណាម?


(សិង្ហបុរី)៖ នារយៈពេលប៉ុន្មានសប្ដាហ៍កន្លងទៅនេះ មានការរុះរើក្បាលម៉ាស៊ីនដឹកនាំជាបន្តបន្ទាប់នៅក្នុងរដ្ឋាភិបាលវៀតណាម។ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រីដល់ទៅ២រូប គឺលោក Pham Binh Minh និងលោក Vu Duc Dam ត្រូវបានដកតំណែង ហើយជំនួសមកវិញដោយលោក Tran Hong Ha និងលោក Tran Luu Quang។ ការរុះរើផ្ទៃក្នុងនេះមិនបញ្ចប់ត្រឹមនេះទេ ដោយលោក Nguyen Xuan Phuc ត្រូវបានបង្ខំឱ្យលាលែងចេញពីតំណែង ធ្វើឱ្យលោកក្លាយជាប្រធានាធិបតីវៀតណាមកំពុងកាន់អំណាចដំបូងគេបង្អស់ដែលធ្វើដូច្នេះ ខណៈសភាជាតិវៀតណាម នៅថ្ងៃទី២ ខែមីនានេះបានបោះឆ្នោតជ្រើសរើសតាំង លោក Vo Van Thuong ជាប្រធានាធិបតីថ្មី។

ជាផ្លូវការ លោក Phuc, លោក​ Minh និងលោក Dam ត្រូវអស់តំណែងជាការទទួលខុសត្រូវលើរឿងអាស្រូវពុករលួយដែលបានកើតឡើងនៅក្រោមដឹកនាំរបស់ពួកគេ អំឡុងការឆ្លងរាតត្បាតកូវីដ១៩។ តែព្រមពេលជាមួយគ្នា ការរុះរើក្បាលម៉ាស៊ីនដឹកនាំកំពូលទាំងនេះទៀតសោត ក៏បានបង្កជាការព្រួយបារម្ភនៅក្នុងចំណោមវិនិយោគិន និងអ្នកដានស្ថានការណ៍នយោបាយវៀតណាម ដោយខ្លាចក្រែងថាវា អាចធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពនយោបាយរាប់ទសវត្សរ៍មកនេះ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយទាក់ទាញអ្នកវិនិយោគបរទេស និងកំណើនសេដ្ឋកិច្ច។

តែទោះជាបែបនេះក្ដី មានមូលហេតុជាច្រើនអាចបញ្ជាក់បានថាការផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំនេះ នឹងមិនបង្កផលប៉ះពាល់ដល់ស្ថិរភាពនយោបាយនៅក្នុងប្រទេសវៀតណាមនោះទេ ហើយក៏នឹងមិន ជំរុញឱ្យមានការផ្លាស់ប្ដូរគោលនយោបាយដែលនឹងនាំទៅរកការរឹតត្បិតវិស័យនិយោគ ក្នុងប្រទេសអាស៊ានមួយនេះនោះដែរ។ និយាយជារួម ការផ្លាស់ប្ដូរនេះមិនមែនជាការរុះរើគណបក្សកុម្មុយនិស្ដ វៀតណាមនោះទេ តែគ្រាន់តែជាការផ្លាស់ប្ដូរមុខតំណែងមន្ត្រីជាន់ខ្ពស់នៅក្នុងរដ្ឋាភិបាលតែប៉ុណ្ណោះ។ ពោលគឺខណៈវៀតណាមជាប្រទេសកុម្មុយនិស្ដដឹកនាំដោយគណបក្សតែមួយគត់ គោលនយោបាយ សំខាន់ៗទាំងឡាយគឺស្ថិតនៅក្រោមការសម្រេចចិត្តរបស់បក្ស ការិយាល័យនយោបា និងគណៈកម្មាធិការមជ្ឈិម ឯណោះទៅវិញទេ។ បន្ថែមពីលើនេះ វាក៏មិនមានសញ្ញាណាមួយបង្ហាញថាការបញ្ចប់ តំណែងមន្ត្រីទាំងនេះនឹងនាំឱ្យមានការផ្លាស់ប្ដូរគោលនយោបាយអភិបាលកិច្ច និងអំណាចរបស់គណបក្សកុម្មុយនិស្ដវៀតណាមនោះដែរ។

នៅក្នុងន័យនយោបាយ ការចាកចេញរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាមដែលទទួលបានការអប់រំនៅក្នុងប្រទេសលោកខាងលិច ដូចជាលោក Pham Binh Minh និងលោក Vu Duc Dam មិនមែនមាន ន័យថាវៀតណាមកំពុង ឬក៏នឹងងាកទៅចិននោះទេ។ ផ្ទុយទៅវិញ វៀតណាមគ្មានជម្រើសណាផ្សេង ក្រៅតែពីបន្តអនុវត្តគោលនយោបាយការបរទេស «ធ្វើពិពិធកម្ម និងប្រព័ន្ធពហុភាគីនិយម» ឡើយ ដោយ ត្រូវប្រឹងប្រែងរក្សាតុល្យភាពទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក រួមទាំងសម្ព័ន្ធមិត្តផង និងជាមួយចិនផង។ ការធ្វើបែបនេះមិនត្រឹមតែជួយវៀតណាម ការពារខ្លួនឯងកុំឱ្យកៀបនៅចំកណ្ដាលនៃការប្រកួត ប្រជែងដណ្ដើមឥទ្ធិពលគ្នារវាងសហរដ្ឋអាមេរិក និងចិនប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយវៀតណាម ទាញយកប្រយោជន៍សេដ្ឋកិច្ចពីទំនាក់ទំនងជាមួយមហាអំណាចទាំង២ក្នុងពេលជាមួយគ្នាផងដែរ។ ពីព្រោះថា ទាំងចិន និងអាមេរិកសុទ្ធតែជាទីផ្សារនាំចេញ និងនាំចូលដ៏ធំបំផុតរបស់វៀតណាម ព្រមទាំងជាដៃគូសេដ្ឋកិច្ចដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់បក្សកុម្មុយនិស្ដបំពេញបេសកកម្មដ៏ចម្បង នៅក្នុងស្រុក នោះគឺ «កំណើនសេដ្ឋកិច្ច»។

កំណើនសេដ្ឋកិច្ចនេះឯង ជាកត្តាស្លាប់រស់សម្រាប់គណបក្សកុម្មុយនិស្ដវៀតណាម ដ្បិតវាជា «កិច្ចសន្យាសង្គមមួយ» ដែលបក្សកម្មុយនិស្តអាចរក្សាអំណាចយូរអង្វែងដោយមិនចាំបាច់ភ័យព្រួយ ដរាបណា អាចផ្ដល់ការអភិវឌ្ឍសង្គម និងស្ដារជីវភាពរស់នៅរបស់ប្រជាជនវៀតណាម។ ក៏ប៉ុន្តែ ពិតណាស់ ក្រុមវិនិយោគិន និងប្រទេសជាដៃគូរបស់វៀតណាម នឹងនៅតែចង់ដឹងថាតើការផ្លាស់ប្ដូរតំណែងបុគ្គលសំខាន់ៗ អាចនឹងនៅតែរក្សាបាននូវការកែលម្អអភិបាលកិច្ច និងការអនុវត្តគម្រោងអភិវឌ្ឍសេដ្ឋកិច្ចសង្គមបានដែរឬក៏យ៉ាងណា? ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការបង្កើនយុទ្ធនាការបោសសម្អាតអំពើពុករលួយ របស់គណបក្សកុម្មុយនិស្ដវៀតណាម បានធ្វើឱ្យមន្ត្រីវៀតណាមមានការប្រុងប្រយ័ត្នខ្ពស់ រហូតដល់មានការពន្យារពេលគម្រោងវិនិយោគឯកជន និងរដ្ឋ ជាពិសេសគម្រោងពាក់ព័ន្ធនឹងដីធ្លី ដែលនេះបានធ្វើឱ្យ វិនិយោគិនខកចិត្ត និងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច។ មានការរំពឹងថាមេដឹកនាំវៀតណាមថ្មីៗ អាចនឹងជួយដោះស្រាយបញ្ហាប្រឈមទាំងនេះបន្តិចម្ដងៗ ប៉ុន្តែទន្ទឹមគ្នា ពួកគេនឹងត្រូវជួបបញ្ហាប្រឈមសំខាន់ ចំនួន៣៖

ទី១៖ ស្របពេលយុទ្ធនាការបោសសម្អាតអំពើពុករលួយ មានគោលដៅបោសសម្អាត «ប្រព័ន្ធនយោបាយ» ថ្នាក់ដឹកនាំបក្សកម្មុយនិស្ដវៀតណាម អាចនឹងផ្ដោត​ជាអាទិភាពលើសុចរិកភាពបុគ្គល និងភាពស្មោះត្រង់នយោបាយ ជាជាងគុណសម្បត្តិវិជ្ជាជីវៈ និងសមត្ថភាពជំនាញជាក់ស្ដែង។ ប្រសិនករណីនេះកើតឡើងមែន នោះមេដឹកនាំថ្មីដែលត្រូវបានជ្រើសតាំង គឺជាជម្រើសល្អខាងនយោបាយ ប៉ុន្តែអាច ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការជំរុញកំណើនសេដ្ឋកិច្ច ហើយប្រសិនបើនិន្នាការ​បែបនេះនៅតែបន្ត នោះទស្សនវិស័យសេដ្ឋកិច្ចរយៈពេលវែងរបស់វៀតណាមនឹងរងប៉ះពាល់ធ្ងន់ធ្ងរ។

ទី២៖ ឧបសគ្គរារាំងដល់ការអភិវឌ្ឍ៖ បញ្ហាប្រាក់បៀវត្សរ៍ទាបសម្រាប់មន្ត្រីរាជការស៊ីវិល និងបុគ្គលិករដ្ឋ នៅក្នុងប្រទេសវៀតណាម បានបង្កឱ្យមានការបាត់បង់ទំនុកចិត្ត​ដែលអាចដុតបញ្ឆេះជាបញ្ហាជាច្រើន ក្នុងនោះរួមមានអំពើពុករលួយ ឬជំរុញឱ្យមានការលាឈប់របស់មន្ត្រីរាជការមានជំនាញខ្ពស់មួយចំនួន ដើម្បីរកការងារថ្មីដែលមាន​ប្រាក់ខែសមរម្យ។

ទី៣៖ ការខ្វះខាតម្លារភាព អំពើពុករលួយចាក់ឬស រួមទាំងយន្ដការសម្រេចចិត្តគ្មានប្រសិទ្ធភាព និងត្រួតគ្នា នៅក្នុងចំណោមស្ថាប័នមួយ​ចំនួនរបស់រដ្ឋាភិបាលវៀត​ណាម ដែលជាទូទៅត្រូវបានគេហៅថា «system errors» នៅក្នុងបរិបទវៀតណាម ហើយក៏អាចរារាំងដល់ការអភិវឌ្ឍផងដែរ។ ដូច្នេះមិន​ថាមេដឹកនាំថ្មីរបស់​វៀតណាម អាចនឹងសម្រេចបានការផ្លាស់ប្ដូរជាវិជ្ជមាន បានឬក៏យ៉ាងណានោះទេ ក៏អ្វីៗ នៅតែអាស្រ័យទៅលើសមត្ថភាពរបស់គណបក្សកុម្មុយនិស្តវៀតណាម នៅក្នុងការដោះស្រាយឧបសគ្គទាំងឡាយដែលបង្កការរាំងស្ទះដល់ទាំងដំណើរការអភិបាលកិច្ច និងសេដ្ឋកិច្ចរបស់បក្ស៕ (Fresh News)




No comments:

Post a Comment