(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) ត្រូវបានរាយការណ៍ថានឹងត្រូវជួបជាមួយប្រធានសភាតំណាងរាស្ត្រអាមេរិក លោក ខេវិន ម៉ាកខាធី (Kevin McCarthy) នៅលើទឹកដីសហរដ្ឋអាមេរិក នៅខែមេសាក្រោយនេះ។ បើតាមកាសែត Financial Times ការសម្រេចចិត្តរៀបចំជំនួបរវាងលោកស្រី សៃ និងលោក ម៉ាកខាធី នៅលើទឹកដីអាមេរិក គឺមានគោលដៅបញ្ចៀសប្រតិកម្មឆ្លើយតបដែលចិនធ្លាប់បានធ្វើចំពោះដំណើរទស្សនកិច្ចរបស់អតីតប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី ទៅកាន់កោះតៃវ៉ាន់ដោយផ្ទាល់កាលពីខែសីហា ឆ្នាំ២០២២។ ជាពេលដែលទីក្រុងប៉េកាំងបានដឹកនាំការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំឡោមព័ទ្ធកោះតៃវ៉ាន់ និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើក្រុមហ៊ុនតៃវ៉ាន់ជាច្រើន។
ក្រុមអ្នកវិភាគខ្លះបានហៅការសម្រេចចិត្តនេះជាជម្រើសដ៏ឆ្លាតវៃ ពីព្រោះនៅម្ខាង លោក ម៉ាកខាធី អាចបង្ហាញការគំាទ្ររបស់គណបក្សនយោបាយធំៗទាំង២នៅសហរដ្ឋអាមេរិក សម្រាប់តៃវ៉ាន់ ដោយមិនចាំបាច់បិទផ្លូវក្រោយនៃគម្រោងបំពេញទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងតៃប៉ិ នៅពេលអនាគត។ រីឯនៅម្ខាងទៀត បើទោះជាចិនខឹងសម្បារ ឬអាចដាក់ ទណ្ឌកម្មមួយចំនួនលើតៃវ៉ាន់ក៏ដោយ ក៏វិធានការរបស់ចិនទំនងជានឹងមិនមានសភាធ្ងន់ធ្ងរដូចកាលពីដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់នោះទេ។
លោកស្រី សៃ បើតាមការគ្រោងទុកនឹងត្រូវធ្វើដំណើរឆ្លងកាត់ ហើយឈប់សំចតនៅរដ្ឋកាលីហ្វ័រញ៉ា និងទីក្រុងញូវយ៉ក ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់ប្រទេសហ្កាតេម៉ាឡា (Guatemala) និងបេលីស (Belize)។ ដំណើរទស្សនកិច្ចបែបនេះត្រូវបានធ្វើឡើងដំបូងក្នុងឆ្នាំ១៩៩៤ នៅពេលសហរដ្ឋអាមេរិកបានអនុញ្ញាតឱ្យអតីតប្រធានាធិបតីតៃវ៉ាន់ លោក Lee Teng-hui ឈប់សំចតនៅរដ្ឋហាវ៉ៃ ក្នុងដំណើររបស់លោកផ្លូវឆ្ពោះទៅកាន់ប្រទេសនីការ៉ាហ្កា។ លោកស្រី សៃ ក៏ធ្លាប់បានធ្វើដំណើរឆ្លងកាត់សហរដ្ឋអាមេរិកជាច្រើនលើកផងដែរ ក្នុងអាណត្តិជា ប្រធានាធិបតី ហើយក្នុងនោះថ្មីចុងក្រោយបំផុតនៅឆ្នាំ២០១៩ ពេលដែលលោកស្រីបានឈប់សំចតនៅទីក្រុងញូវយ៉ក និងទីក្រុងដិនវឺ (Denver)។ Financial Times បានឱ្យដឹង ទៀតថាកំលុងដំណើរទស្សនកិច្ចនេះ លោកស្រី សៃ នឹងត្រូវថ្លែងសុន្ទករថានៅឯបណ្ណាល័យ Reagan Library។ ខណៈសុន្ទរកថាជាសាធារណៈរបៀបនេះតែងតែបង្កការខឹងសម្បារ ដល់ចិន កាលពីឆ្នាំ២០១៩ លោកស្រីក៏ធ្លាប់បានថ្លៃងសុន្ទរកថា នៅសាកលវិទ្យាល័យ Columbia University ផងដែរ។
នៅក្នុងការថ្លឹងថ្លែងថាតើនឹងត្រូវចាត់វិធានការឆ្លើយតបយ៉ាងដូចម្ដេច? ចិនខ្លួនឯងនឹងត្រូវធ្វើការជ្រើសរើសរវាងជម្រើស២យ៉ាងដែលសុទ្ធសឹងតែអាចជះផលអាក្រក់មកវិញ។ ម្យ៉ាង ខណៈការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ នឹងត្រូវប្រព្រឹត្តទៅនៅសល់ពេលមិនដល់មួយឆ្នាំ (ឆ្នាំ២០២៤) ទៀតនោះ ទីក្រុងប៉េកាំងអាចនឹងប្រើប្រាស់ដំណើរទស្សនកិច្ចរបស់លោកស្រី សៃ ដើម្បីបង្ហាញប្រជាជនតៃវ៉ាន់ និងសារធាណមតិថាគណបក្សប្រជាធិបតេយ្យចម្រើននិយម (DPP) របស់លោកស្រី គ្មានទំនួលខុសត្រូវ និងអសមត្ថភាពក្នុងការដោះស្រាយបញ្ហា ទំនាក់ទំនងរវាងចិន និងតៃវ៉ាន់។ ក្នុងន័យនេះ ក្រុមអ្នកបង្កើតគោលនយោបាយក្នុងប្រទេសចិន អាចសន្មត់ថាជំនួបរវាងលោកស្រី សៃ និងលោក ម៉ាកខាធី អាចជួយបញ្ចុះបញ្ចូល អ្នកបោះឆ្នោតតៃវ៉ាន់ កុំឱ្យបោះឆ្នោតជូនបេក្ខជនប្រធានាធិបតីតៃវ៉ាន់ មកពីគណបក្ស DPP។ ចិនក៏អាចប្រើជំនួបនេះ ប្រែទៅជាឱកាសល្អដើម្បីបន្តផ្លាស់ប្ដូរ «ស្ថានភាពដើម» ក្នុងតំបន់ ច្រកសមុទ្រតៃវ៉ាន់ តាមរយៈការធ្វើសកម្មភាពយោធាកាន់តែកៀកតៃវ៉ាន់ ដូចដែលខ្លួនបានធ្វើ ជាការសងសឹកទៅនឹងដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី ហើយថែមទាំងអាចប្រើវា បង្ហាញប្រាប់ពិភពលោកថាការខិតកាន់ជិតស្និទ្ធរវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់ គឺជារឿងមិនអាចទទួលយកបាន និងមានតែបង្កជាការខាតបង់ធ្ងន់ធ្ងរប៉ុណ្ណោះ។
អាស្រ័យដោយសារតែស្ថានភាពទំនាក់ទំនងរវាងអាមេរិក និងចិន កំពុងយ៉ាប់យ៉ឺនស្រាប់ វាអាចនឹងជំរុញឱ្យចិនធ្វើការសន្មត់ថាខ្លួនត្រូវតែធ្វើការឆ្លើយតបឱ្យបានខ្លាំងក្លាបំផុត ឬក៏យ៉ាងហោចណាស់ ធ្វើឱ្យចិនយល់ថាគ្មានអ្វីត្រូវខាតបង់ធ្ងន់ធ្ងរក្នុងការធ្វើបែបនេះទេ។ មិនតែប៉ុណ្ណោះ ផ្អែកលើភាពតានតឹងជាមួយអាមេរិកជុំវិញការបាញ់ទម្លាក់បាឡុងចិន ការចោទប្រកាន់ចិនថាអាចនឹងផ្ដល់អាវុធឱ្យរុស្ស៉ី រួមទាំងការសន្និដ្ឋានជាថ្មីថាកូវីដ១៩ មានប្រភពមកពីមន្ទីរសោធន៍ចិន ទីក្រុងប៉េកាំងអាចនឹងសម្រេចចិត្តប្រើប្រាស់ឱកាសនេះដើម្បី ចាត់វិធានការដែលបង្កការខាតបង់ដល់ទីក្រុងវ៉ាស៊ីនតោន។
ចំណែកឯ នៅម្ខាងទៀត ការឆ្លើយតបណាមួយរបស់ចិនដែលមានសភាពធ្ងន់ធ្ងរដូចគ្នាទៅនឹងប្រតិកម្មប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី ដោយមិនគិតថាជំនួបនោះ ធ្វើឡើងក្នុងកម្រិតណាក៏ដោយ អាចនឹងជះឥទ្ធិពអាក្រក់វិញមកឱ្យចិនដូចគ្នាដែរ។ ការចាត់វិធានការធ្ងន់ធ្ងរ មិនត្រឹមតែ មិនអាចកំញើញកុំឱ្យថ្នាក់ដឹកនាំនយោបាយអាមេរិកកាត់បន្ថយ ទំនាក់ទំនងជាមួយតៃវ៉ាន់ប៉ុណ្ណោះទេ ប៉ុន្តែវាកាន់តែជំរុញឱ្យពួកគេកាន់តែពង្រឹងទំនាក់ទំនងតៃវ៉ាន់ទៅវិញ។ ពីព្រោះថាបើជំនួបនៅលើទឹកដីអាមេរិកត្រូវលះបង់តម្លៃដូចគ្នា ឬធ្ងន់ធ្ងរជាង ជំនួបនៅតៃវ៉ាន់ដដែល ម្ដេចក៏ពួកគេមិនធ្វើដំណើរទៅកាន់តៃវ៉ាន់តៃម្ដងទៅ? កាន់តែសំខាន់ជាងនេះទៀត ប្រតិកម្មកម្រិតធ្ងន់របស់ចិន ក៏អាចនឹងកាន់តែធ្វើឱ្យប្រជាជនតៃវ៉ាន់ ឃ្លាតឆ្ងាយរឹតតែខ្លាំង ហើយអាចនឹងកាន់តែគាំទ្រដល់គណបក្ស DPP នៅក្នុងការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់នៅពេលខាងមុខ។
គួរបញ្ជាក់ថា ជំនួបរវាងលោកស្រី សៃ និងលោក ម៉ាកខាធី ប្រសិនបើពិតជាកើតឡើងតាមការគ្រោងទុកពិតមែន មិនមែនត្រឹមតែកំណត់ពីប្រតិកម្ម ឬការឆ្លើយតបរបស់ចិននោះទេ ដោយខ្លឹមសារនៃសុន្ទរកថារបស់លោកស្រីនៅឯបណ្ណាល័យ Reagan Library បូករួមទាំងមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាល លោក ចូ បៃដិន ដែលលោកស្រីអាចនឹងជួប និងសកម្មភាពជា សាធារណៈរបស់លោកស្រី សៃ ក៏អាចនឹងប្រាប់ឱ្យដឹងថាតើចិននឹងបញ្ចេញប្រតិកម្មដូចម្ដេចដែរ?
ដូច្នេះមិនថាចិនជ្រើសរើសយកការឆ្លើយតបសមាមាត្រ ឬកម្រិតធ្ងន់ដូចជាការធ្វើសមយុទ្ធយោធា និងទណ្ឌកម្មសេដ្ឋកិច្ចដូចដែលខ្លួនបានដាក់ចេញប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់ លោកស្រីផេឡូស៊ីឡើយ វានឹងបង្ហាញពីរឿងជាច្រើនពាក់ព័ន្ធនឹងអនាគតនៃទំនាក់ទំនងចិន និងតៃវ៉ាន់។ ពោលគឺប្រសិនបើចិនរើសយកការឆ្លើយតបដោយសមាមាត្រ នោះវានឹងផ្ដល់ មូលដ្ឋានខ្លះៗសម្រាប់ក្ដីសង្ឃឹមថាភាពតានតឹងក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ នឹងមិនបន្តកើនឡើងដោយមិនអាចបញ្ចៀសបាននោះឡើយ។ តែបើចិន ជ្រើសរើសយកជម្រើសវិធានការ ខ្លាំងកា្លវិញ នោះនឹងបង្ហាញថាចិននឹងបន្តស្វែងរកហេតុផលដើម្បីអាចបន្តដាក់សម្ពាធលើតៃវ៉ាន់។ បន្ថែមពីលើនេះ វាក៏ទំនងដែរដែលចិននឹងបង្ហាញការខឹងសម្បារតាមរយៈ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើតៃវ៉ាន់ ការបង្កើនសកម្មភាពយោធាក្នុងតំបន់កំណត់ អត្ដសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់ ហើយនឹងព្យាយាមបញ្ចុះបញ្ចូលឱ្យបណ្ដាប្រទេស មួយចំនួនតូចដែលបន្តរក្សាទំនាក់ទំនងទូតជាមួយតៃវ៉ាន់ កាត់ផ្ដាច់ទំនាក់ទំនងជាមួយទីក្រុងតៃប៉ិ ដោយងាកមកស្រវាប្រយោជន៍សេដ្ឋកិច្ចជាមួយចិនវិញ ខណៈបន្តបង្កើនការធ្វើសមយុទ្ធ យោធាទ្រង់ទ្រាយធំ និងការធ្វើតេស្ដបាញ់មីស៊ីល។
កាលពីពេលថ្មីៗកន្លងទៅនេះ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានចោទប្រកាន់ថាសហរដ្ឋអាមេរិកកំពុងបន្តនយោបាយគ្រប់គ្រង និងគាបសង្កត់ចិន ស្របពេលប្រមុខការទូតចិន បានព្រមានដែរថាបើសហរដ្ឋអាមេរិកមិនបញ្ឈប់ទង្វើទាំងនេះទេ នោះជម្លោះ និងការប្រឈមមុខដាក់គ្នានឹងផ្ទុះឡើងដោយចៀស មិនរួច។ ពិតណាស់ គ្មាននរណាម្នាក់ដឹងច្បាស់ថាចិន នឹងចាត់វិធានការធ្ងន់ធ្ងរប៉ុនណាឡើយ តែការសម្រេចចិត្តធ្វើបែបនេះនឹងក្លាយជាការព្រមានមួយដ៏ធំពីគន្លង ឬទិសដៅនៃអនាគតទំនាក់ទំនងចិន និងតៃវ៉ាន់ និងទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក៕
No comments:
Post a Comment