Saturday, March 04, 2023

វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ ត្រៀមខ្លួនដើម្បីផលិតគ្រាប់បែកនុយក្លេអ៊ែរ ហើយឬនៅ?

(វ៉ាស៊ីនតោន)៖ សមត្ថភាពរបស់អ៉ីរ៉ង់ នៅក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម មានពេលខ្លះត្រូវបានគេមើលឃើញថាបានបង្កឱ្យមានភាពច្របូកច្របល់ ឬការបញ្ចេញមតិចម្រុះនៅក្នុងចំណោមក្រុមមន្ត្រីអាមេរិក។ កាលពីពេលថ្មីៗនេះ បណ្ដាសារព័ត៌មានអន្តរជាតិធំៗ រួមទាំងកាសែតអាមេរិកនានាបានរាយការណ៍ថាទីក្រុងតេហរ៉ង់បានបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដល់កម្រិត ៨៤ភាគរយ ជិតដល់កម្រិត៩០ភាគរយ ដែលគ្រប់គ្រាន់សម្រាប់ការផលិតគ្រាប់បែកនុយក្លេអ៊ែរមួយគ្រាប់។


ឆ្លើយតទៅនឹងសេចក្ដីរាយការណ៍នេះ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA លោក William Burns បាននិយាយនៅក្នុងកម្មវិធី «Face the Nation» របស់ទូរទស្សន៍ CBS កាលពីថ្ងៃទី២៦ ខែកុម្ភៈ កន្លងទៅយ៉ាងដូច្នេះថា «យើងមិនជឿនោះទេថាមេដឹកនាំកំពូលនៅក្នុងប្រទេសអ៉ីរ៉ង់ (Ali Khamenei) បានសម្រេចចិត្តរួចហើយថានឹងចាប់ផ្ដើមឡើងវិញនូវកម្មវិធីអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដែលយើងផ្ទាល់បាន ធ្វើការសន្និដ្ឋានថាពួកគេបានបញ្ឈប់ ឬផ្អាកកាលពីចុងឆ្នាំ២០០៣មក»។

ប៉ុន្តែ ប៉ុន្មានថ្ងៃក្រោយមក លោក Colin Kahl ជារដ្ឋលេខាធិការនៃក្រសួងការពារជាតិអាមេរិកទទួលបន្ទុកគោលនយោបាយ បានប្រាប់គណៈកម្មាធិការមួយនៃសភាអាមេរិកថា អ៉ីរ៉ង់អាចចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដល់កម្រិតអាចផលិតគ្រាប់បែកនុយក្លេអ៊ែរមួយគ្រាប់ ត្រឹមរយៈពេលតែ១២ថ្ងៃប៉ុណ្ណោះ ធៀបទៅនឹងការវាយតម្លៃកាលពីពេលមុនអះអាងថាអ៉ីរ៉ង់ត្រូវការពេលយ៉ាងហោច ១២ខែ ឬមួយឆ្នាំ។ ក្រុមមន្ត្រីអាមេរិក នៅក្រោមរដ្ឋបាលលោក ចូ បៃដិន ជឿជាក់ថាសមត្ថភាព វាលែងជាបញ្ហាចោទទៀតហើយ ដោយវាអាស្រ័យទៅលើពេលវេលាថាតើអ៉ីរ៉ង់ចង់ ឬមិនចង់ផលិតអាវុធនុយក្លេអ៊ែរតែប៉ុណ្ណោះ ហើយសូម្បីតែទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិ (IAEA) ក៏បានទទួលស្គាល់ផងដែរនៅក្នុងរបាយការណ៍ចុងក្រោយបំផុតរបស់ខ្លួនថាអ៉ីរ៉ង់ពិតជាចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដល់កម្រិត ៨៤ភាគរយពិតមែន នៅឯរោងចក្រនុយក្លេអ៊ែរ Fordow។

ការអះអាងរបស់ទីភ្នាក់ងារ IAEA ធ្វើឡើងដោយផ្អែកលើក្រុមមន្ត្រីអធិការកិច្ចរបស់ខ្លួន ដែលបានប្រមូលយកសំណាកមួយចំនួនចេញពីរោងចក្រនុយក្លេអ៊ែរ Fordow ត្រូវបានសាងសង់យ៉ាងជ្រៅទៅក្នុងភ្នំមួយ ក្នុងប្រទេសអ៉ីរ៉ង់។ តែគួរឱ្យកត់សម្គាល់ នៅពេលដែលអ៉ីរ៉ង់ផ្ដល់កិច្ចសហប្រតិបត្តិការ IAEA មិនបានរកឃើញនោះទេថាទីក្រុងហេរ៉ង់បង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដល់កម្រិតប្រកាសអាសន្នខាងលើ ហើយ ក្នុងពេលនេះស្រាប់តែក្រុមមន្ត្រីអធិការកិច្ចបែរជាប្រមូលសំណាក និងនាំយកទៅវិភាគនៅឯទីក្រុងវីយែន ប្រទេសអូទ្រីស ដោយនេះនឹងបង្កឱ្យមានការសង្ស័យច្រើនជាងភាពប្រាកដជា។

នៅថ្ងៃទី៦ ខែមីនាខាងមុខ របាយការណ៍របស់ IAEA នឹងត្រូវបានលើកយកទៅពិភាក្សានៅក្នុងចំណោមក្រុមប្រឹក្សាភិបាលនៃទីភ្នាក់ងារអន្តរជាតិមួយនេះក្នុងទីក្រុងវីយែន ស្របពេលមានការរំពឹងថាប្រមុខ IAEA លោក Rafael Grossi អាចនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសអ៉ីរ៉ង់ ហើយវាក៏អាចទៅរួចដែរថាអាចនឹងមានរបាយការណ៍លើកទី២ ដោយត្រួតពិនិត្យលើវឌ្ឍនភាពនៃការស៊ើបអង្កេតមួយដាច់ដោយឡែកមួយ លើទីតាំងចំនួន៣នៅក្នុងប្រទេសអ៉ីរ៉ង់ ជាទីដែលមន្ត្រីអធិការកិច្ចរកឃើញសំណាកសារធាតុអ៊ុយរ៉ាញ៉ូមត្រូវបានកែច្នៃឡើងដោយដៃមនុស្ស ហើយដែលអ៉ីរ៉ង់មិនទាន់អាចផ្ដល់ការពន្យល់គួរឱ្យទុកចិត្តបាននោះទេ។

បើតាមនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA លោក William Burns ទោះបីជាគ្មានភស្តុតាងនៃការចាប់ផ្ដើមដំណើរការកម្មវិធីអាវុធនុយក្លេអ៊ែរឡើងវិញក៏ដោយ ក៏ការបង្កើនការចម្រាញ់សារធាតុ អ៊ុយរ៉ាញ៉ូមគឺជារឿងគួរឱ្យព្រួយបារម្ភ ខណៈកម្មវិធីមីស៊ីលរបស់អ៉ីរ៉ង់កាន់តែរីកចម្រើនទៅមុខ។ ចំណែកឯ លោក Colin Kahl វិញក៏បានលើកឡើងដែរថាសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ក្នុងការដក សហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ ហៅកាត់ថា JCPOA កាលពីឆ្នាំ២០១៨ គឺជាដើមហេតុនៃការបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមលើសកម្រិតត្រូវបានកំណត់នៅក្រោមកិច្ចព្រមព្រៀង នេះ។ លោកបន្ថែមថាការដោះស្រាយបញ្ហាតាមផ្លូវការទូត គឺជាជម្រើសមួយដ៏ល្អប្រសើរ។

គួរបញ្ជាក់ថា អ៉ីរ៉ង់ជារឿយៗតែងតែច្រានចោលការចោទប្រកាន់ ហើយទទូចថាខ្លួនមិនមានបំណងផលិតគ្រាប់បែក ឬអាវុធនុយក្លេអ៊ែរនោះទេ។ ប៉ុន្តែ អ្នកជំនាញដូចជាលោក Simon Henderson មកពីវិទ្យាស្ថាន Washington Institute for Near East Policy យល់ថាសហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងហេតុការណ៍ច្រំដែលឆ្នាំ១៩៧៤ នៅពេលឥណ្ឌាបំផ្ទុះសាកល្បងក្បាលគ្រាប់នុយក្លេអ៊ែរ នៅឯតំបន់វាលរហោរស្ថាន មួយ ដែលទីក្រុងញូវដេលីហៅថាជាការបំផ្ទុះនុយក្លេអ៊ែរដោយសន្តិវិធី។ ច្បាស់ណាស់ សហរដ្ឋអាមេរិកចង់បញ្ចៀសកុំឱ្យរឿងនេះកើតឡើងជាថ្មី ប៉ុន្តែសម្រាប់លោក Henderson បញ្ហាសំខាន់នោះគឺថាតើ សហរដ្ឋអាមេរិកត្រូវធ្វើដូចម្ដេចដើម្បីទប់ស្កាត់កុំឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរ ដ្បិតអ៉ីស្រាអែលធ្លាប់បានព្រមានថានឹងប្រើប្រាស់គ្រប់មធ្យោបាយ ក្នុងនោះមានទាំងជម្រើសយោធាដើម្បីរារាំងកុំឱ្យអ៉ីរ៉ង់ផលិតបាន អាវុធនុយក្លេអ៊ែរ៕ (Fresh News)







No comments:

Post a Comment