Tuesday, March 28, 2023

អតីតមេដឹកនាំកោះតៃវ៉ាន់និយាយថា «យើងសុទ្ធតែជាចិនដូចគ្នា» ខណៈកំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន

 (ប៉េកាំង)៖ អតីតមេដឹកនាំតៃវ៉ាន់ លោក ម៉ា យីងជីវ (Ma Ying Jeou) នៅថ្ងៃអង្គារនេះ ដែលជាការចាប់ផ្តើមនៃដំណើរទស្សនកិច្ច​របស់លោកនៅឯប្រទេសចិន បានលើកឡើងថា ប្រជាជនទាំងអស់ដែលនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ គឺសុទ្ធតែមានពូជអម្បូរ​​ជាចិន ហើយមានបុព្វបុរសរួមគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣។

កំលុងការធ្វើទស្សនកិច្ចនៅទីក្រុងណានជីង (Nanjing) នៃប្រទេសចិន លោក ម៉ា បាននិយាយថា ប្រជាជននៅត្រើយទាំងសងខាងនៃ​ច្រកសមុទ្រតៃវ៉ាន់សុទ្ធតែជាចិនដូចគ្នា និងមានដូនតាតែមួយ។ យ៉ាងណាក្តី ការប្រើប្រាស់ពាក្យពេចន៍ក្នុងការធ្វើអត្ថាធិប្បាយរបស់លោក គឺលោក ម៉ា ហាក់ចង់សំដៅលើពូជអម្បូរដើមជាជនជាតិចិន ជាជាងសំដៅទៅលើសញ្ជាតិជាចិន។ យោងតាមការស្ទង់មតិប៉ុន្មានឆ្នាំចុងក្រោយ ប្រជាជនតៃវ៉ាន់ភាគច្រើន គឺលែងចាត់ទុកខ្លួនឯងជាជនជាតិចិនទៀតហើយ។

លោក ម៉ា យីងជីវ គឺជាអតីតមេដឹកនាំតៃវ៉ាន់ដំបូងគេ ដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសចិន គិតចាប់តាំងពីរដ្ឋាភិបាលជាតិនិយម របស់លោក ចាង កៃជាក បានរត់ភៀសខ្លួនទៅកាន់កោះតៃវ៉ាន់ កាលពីឆ្នាំ១៩៤៩ ក្រោយចាញ់សង្រ្គាមស៉ីវិល ក្រោមដៃបក្សកុម្មុយនិស្ត។ ដំណើរទស្សនកិច្ចរបស់លោកនាពេលនេះ គឺប្រព្រឹត្តទៅ ចំពេលភាពតានតឹងបានកើនឡើងខ្លាំង ខណៈដែលទីក្រុងប៉េកាំងកំពុងបន្តប្រើប្រាស់វិធីសាស្រ្ត​តាមផ្លូវនយោបាយនិងយោធា ដើម្បីព្យាយាមដាក់សម្ពាធឱ្យតៃវ៉ាន់ ទទួលយកអធិបតេយ្យរបស់ចិន។

គួរបញ្ជាក់ថា គណបក្សកាន់អំណាចតៃវ៉ាន់ បានចោទជាសំណួរថា ហេតុអ្វីបានជាលោកនៅតែមកបំពេញទស្សនកិច្ចនៅចិនទៀត ស្របពេលដែលទីក្រុងប៉េកាំង ទើបតែបានឆក់យកសម្ព័ន្ធមិត្តការទូតរបស់តៃវ៉ាន់ គឺហុងឌូរ៉ាស ទៅបាត់មួយទៀត កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដែលប្រការនេះធ្វើឱ្យតៃវ៉ាន់នៅមានទំនាក់ទំនងការទូតផ្លូវការ តែជាមួយប្រទេសចំនួន១៣ប៉ុណ្ណោះ។

លោក ម៉ា ដែលមកពីគណបក្សប្រឆាំងធំបំផុតរបស់តៃវ៉ាន់ គឺបក្សគួមីនតាង បាននិយាយថា ទស្សនកិច្ចរបស់លោក មានគៅលដៅព្យាយាមជួយកាត់បន្ថយភាពតានតឹង។ តាំងពីដើមមកគណបក្សគួមីនតាង ចង់ឱ្យតៃវ៉ាន់មានទំនាក់ទំនងកក់ក្តៅជាងមុនជាមួយចិន ប៉ុន្តែបដិសេធយ៉ាងរឹងមាំថា ខ្លួនមិនមែនគាំទ្រចិននោះទេ។ កាលនៅជាមេដឹកនាំតៃវ៉ាន់ លោក ម៉ា ក៏ធ្លាប់ជួបមុខប្រធានាធិបតីចិន លោក ស៉ី ជិនពីង នៅសិង្ហបុរី កាលពីឆ្នាំ២០១៥ ផងដែរ។ ដោយឡែក សម្រាប់ការបំពេញទស្សនកិច្ចនៅប្រទេសចិន នាពេលនេះ ដែលនឹងមានរយៈពេលសរុប១២ថ្ងៃ រូបលោកមិនត្រូវបានគ្រោងជួបជាមួយមន្រ្តីជាន់ខ្ពស់ ឬថ្នាក់ដឹកនាំចិនណាមួយឡើយ៕


No comments:

Post a Comment