Thursday, March 09, 2023

ទីស្ដីការគណៈរដ្ឋមន្ត្រី បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣


ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការ គណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ កាលពីពេលថ្មីៗនេះបានអញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២៣ របស់ក្រុមប្រឹក្សា អ្នកច្បាប់។

តាមរយៈកិច្ចប្រជុំបានបង្ហាញនូវលទ្ធផលសំខាន់ៗក្នុងឆ្នាំ 2022 ជាអាទិ៍រួមមាន ក្រុមប្រឹក្សាអ្នកច្បាប់បានពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់និងលិខិត បទដ្ឋានគតិយុត្តផ្សេងៗ សរុបចំនួន៩០ នៅក្នុងកិច្ចប្រជុំចំនួន២២៧លើក ដែលក្នុងនោះមានសេចក្តីព្រាងច្បាប់ចំនួន២៥ សេចក្តីព្រាងអនុក្រឹត្យ ចំនួន៣១ សេចក្តីព្រាងសេចក្ដីសម្រេចចំនួន២ សេចក្តីព្រាងគោលនយោបាយចំនួន៤ និងឯកសារផ្សេងៗចំនួន២៨ ។ ព្រមជាមួយគ្នានេះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ក៏បានជួយរៀបចំសេចក្តីព្រាងព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ចំនួន១៤ ការរៀបចំបែបបទបញ្ជូនសេចក្តីព្រាង ច្បាប់ទៅស្ថាប័ននីតិប្បញ្ញត្តិចំនួន១១ សម្របសម្រួលឱ្យមានតំណាងរាជរដ្ឋាភិបាលទៅការពារសេចក្ដីព្រាងច្បាប់នៅស្ថាប័ននីតិប្បញ្ញត្តិ ចំនួន៣៧លើក ពិនិត្យនិង កែសម្រួលលើសេចក្តីព្រាងច្បាប់និងសេចក្តីព្រាងសេចក្តីថ្លែងហេតុរបស់រាជរដ្ឋាភិបាលគោរពជូនរដ្ឋសភា ចំនួន៩លើក សម្របសម្រួលការងារសំណួរចម្លើយសភាចំនួន៣ករណី និងកិច្ចប្រជុំសិក្សានិងស្រាវជ្រាវដើម្បីរៀបចំជំនួយស្មារតីជូនក្រុមការងារ នីមួយៗរបស់ក្រុមប្រឹក្សាអ្នកច្បាប់ចំនួន៥៣លើក។ តាមរយៈសមិទ្ធផលការងារនេះ បង្ហាញថា ក្រុមប្រឹក្សាអ្នកច្បាប់សម្រេចបានលទ្ធផលការងារជាច្រើនជូនរាជរដ្ឋាភិបាលលើទិដ្ឋភាពច្បាប់និង ទិដ្ឋភាពពាក់ព័ន្ធផ្សេងៗទៀត។ ក្នុងគោលបំណងពង្រឹង ប្រសិទ្ធភាព កិត្យានុភាព សាមគ្គីភាព និងឯកភាពផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់។

ដើម្បីពង្រឹងការអនុវត្តការងារក្នុងឆ្នាំ 2023 ឲ្យមានប្រសិទ្ធភាពបន្ថែមទៀត ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ីន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សា អ្នកច្បាប់ បានណែនាំឱ្យបន្តពង្រឹងគុណភាពនៃការផ្តល់យោបល់និងធាតុចូល ដើម្បីរួមចំណែកដល់ការធានាការគោរព និងរក្សាឱ្យបាននូវ គោលការណ៍សង្គតិភាពនិងសន្តិសុខគតិយុត្ត សំដៅរក្សាបាននូវតម្លៃគតិយុត្តនិងការអនុវត្តយូរអង្វែង រួមចំណែកលើវិស័យយុត្តិធម៌ក្នុងដំណើរ ការពង្រឹងនីតិរដ្ឋស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល។ លើសពីនេះ ត្រូវបន្តពង្រឹងសមត្ថភាពផ្ទាល់ខ្លួនបន្ថែម ទៀត តាមរយៈការខិតខំស្រាវជ្រាវនិងអភិវឌ្ឍសមត្ថភាពនិងចែករំលែកបទពិសោធន៍ដើម្បីបង្កើនការយល់ដឹងផ្នែកច្បាប់ឱ្យកាន់តែប្រសើរ។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាអ្នកច្បាប់ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៤ បាននិងកំពុងដើរតួនាទីយ៉ាងសកម្មជាយន្តការអមទីស្ដីការគណៈរដ្ឋមន្ត្រីរបស់រាជ រដ្ឋាភិបាល ក្នុងការសម្របសម្រួលការងារតាក់តែង និងក្នុងការពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីរួម ចំណែកដល់ការពង្រឹងនីតិរដ្ឋ ការធានានូវសន្តិសុខគតិយុត្តនិងសង្គតិភាពគតិយុត្ត ស្របតាមការវិវត្តនៃនយោបាយ សេដ្ឋកិច្ច និងសង្គមកម្ពុជា។ អត្ថបទ ហ៊ុន ឌីណូ រូបភាព ទីស្តីការ




No comments:

Post a Comment