បដិមាទ្វារបាល ដែលកសាងឡើងពីថ្មភក់ដ៏ធំ កម្ពស់១,៨២ម៉ែត្រ ទទឹង០,៧៨ម៉ែត្រ និងកម្រាស់០,៥ម៉ែត្រ រចនាប័ទ្មបាយ័ន ចំនួន១ ត្រូវបានជួសជុលឱ្យល្អប្រសើរឡើងវិញ និងបានដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បន្ទាប់ពីកំណាយរកឃើញបដិមារូបទ្វារបាលនេះ បានកប់ក្រោមដីនៅបរិវេណប្រាសាទទន្លេស្ងួត ដែលមានសភាពខូចខាតជាច្រើនកន្លែង។
ប្រធានក្រុមការងាររៀបចំពិព័រណ៍ និងជាមគ្គទេសក៍នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លោក គុន ផល្លី ឱ្យដឹងថា បដិមាទ្វារបាលដ៏ធំមួយនេះ បាក់បែកជា៦បំណែកផ្សេងៗគ្នា ដូចជាព្រះកេស ដងខ្លួន ដៃ-ជើង និងក្រវិល។ រីឯផ្ទៃមុខក៏បានសឹករិករិលស្ទើរតែបាត់បង់ទម្រង់បបូរមាត់ ច្រមុះ និងភ្នែកផង។ ក្រោយពីក្រុមកាងារបានសិក្សាអំពីប្រវត្តិបដិមា ក្បាច់លម្អ និងទំហំខូចខាតទាំងផ្ទៃខាងក្នុង និងផ្ទៃខាងក្រៅ ដោយប្រើបច្ចេកទេសជួសជុលទៅតាមដំណាក់កាលនីមួយៗ ហើយបានតភ្ចាប់តាមទម្រង់ដើមវិញ។ បន្ថែមលើនេះ ដើម្បីតម្កល់បដិមាទ្វារបាលឱ្យមានលំនឹងនិងមានសុវត្ថិភាព ក្រុមការងារ ក៏បានធ្វើជើងទម្រថ្មីពីថ្មភក់ព្រមទាំងរៀបចំផ្ទាំងព័ត៌មានអំពីប្រវត្តិបដិមា ដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីឱ្យភ្ញៀវដែលចូលមកទស្សនា បានសិក្សានិងស្វែងយល់ពីការវិវត្តនៃប្រវត្តិសិល្បៈខ្មែរ។
បដិមាទ្វារបាលដ៏ធំមួយនេះ ត្រូវបានគេប្រទះឃើញនៅពេលធ្វើកំណាយស្រាវជ្រាវកាលពីឆ្នាំ២០១៧ នៅភាគខាងជើងនៃអតីតក្រុងអង្គរធំ ត្រង់ប្រាសាទទន្លេស្ងួត ដែលជាមន្ទីរពេទ្យបុរាណនៅសម័យអង្គរ ដែលទីតាំងបច្ចុប្បន្នស្ថិតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប។ ក្រុមអ្នកស្រាវជ្រាវបានសន្និដ្ឋានថាបដិមាទ្វាបាលនេះ អាចត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី១២និងដើមសតវត្សរ៍ទី១៣ នៃគ្រីស្ដសករាជ។
លោក គុន ផល្លី បានពន្យល់ថា បដិមាទ្វារបាលក្នុងសិល្បៈខ្មែរដំបូងៗត្រូវបានគេប្រទះឃើញនៅតាមជញ្ជាំងប្រាសាទឥដ្ឋ របស់ក្រុមប្រាសាទសំបូរព្រៃគុកនៅអំឡុងសតវត្សរ៍ទី៧-៨នៃគ្រីស្ដសករាជ។ ក្រោយមកបដិមាទ្វារបាលត្រូវបាននិយមកាន់តែច្រើនឡើងនិងវិវត្តទៅជាបដិមាទ្វារបាលទោល ក្នុងរចនាប័ទ្មប្រែរូបអំឡុងសតវត្សរ៍ទី១០នៃគ្រីស្ដសករាជ និងបន្តដល់រាជព្រះបាទជ័យវរ័្ននទី៧ ឆ្នាំ១១៨១ ដល់ឆ្នាំ១២២០នៃគ្រីស្តសករាជ។ ជាទូទៅបដិមាទ្វារបាលទោលនៅក្នុងរាជព្រះបាទជ័យវរ្ន័នទី៧ មានមាឌធំ កម្ពស់ខ្ពស់ នៅលើដងខ្លួនមានលម្អទៅដោយគ្រឿងអលង្ការ ដូចជា មកុដ ក្រវិល សុរងក កងដៃ កងជើង។ នៅក្នុងដៃទ្វារបាលជាទេវៈមានកាន់កេតនភណ្ឌជាដំបងត្រីសូល៍។ ចំពោះទ្វារបាលនេះក៏មានជាអសុរដែរ។ រីឯទ្វារបាលជាអសុរវិញ គឺមានកាន់ដំបងទ្រវែងជាដើម៕
No comments:
Post a Comment