សម្តេចតេជោ ហ៊ុន សែន ៖ «តើការប្រើពាក្យសោកស្តាយ និងសូម អធ្យាស្រ័យវាជំនួសឲ្យពាក្យសុំទោសបានដែរឬទេ? សម្រាប់ខ្ញុំមិនអាចទទួលយកបានឡើយ។ តើការបកស្រាយបំភ្លឺនៅទីនេះមានចេតនាទម្លាក់កំហុសឲ្យមន្ត្រីរាជរដ្ឋាភិបាលមែនទេ? ទុកជូនឯកឧត្តមផៃ សុីផាន ពិនិត្យលទ្ធភាពប្តឹងទៅតុលាការ។
ខ្ញុំកាន់តំណែងក្នុងរដ្ឋរយៈពេលជាង៤៤ឆ្នាំហើយក្នុងនោះតំណែងនាយករដ្ឋមន្ត្រីរយៈពេលជាង៤៤ឆ្នាំ ខ្ញុំពិតជាយល់ដឹងល្មមគ្រប់គ្រាន់នូវពាក្យពេចន៍ដែលត្រូវបានប្រើរាប់ទាំងពាក្យសំដីវាគ្មិនមួយចំនួនដែលចូលមកសម្ភាសក្នុងរឿងផ្លូវច្បាប់ទាក់ទងដល់ការផ្តល់ជំនួយដល់ប្រទេសតួកគី ដែលវាគ្មិនខ្លះព្យាយាមវាយទាំងឪវាយទាំងកូន
ដែលកូននោះគឺហ៊ុន ម៉ាណែត ដែលគាត់ពុំបានដឹងរឿងអ្វីសោះ។ តើនេះឬជាវិជ្ជាជីវៈដែលអស់លោកចង់ផ្សាយដោយអចេតនានោះ?។
ដើម្បីកុំឲ្យវែងឆ្ងាយ ខ្ញុំសម្រេចមិនទទួលយកការសំដែងការសោកស្តាយ និងសូមការអធ្យាស្រ័យជំនួសឲ្យការសុំទោសរបស់អស់លោកដែលជាសេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់អស់លោកនោះឡើយ។
ក្នុងនាមរាជរដ្ឋាភិបាលដែលត្រូវការពារកិត្តិយសរបស់ខ្លួនខ្ញុំសម្រេចបញ្ចប់រឿងនេះដោយឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណវិទ្យុវីអូឌី(VOD)ចាប់ពីពេលនេះតទៅ និងត្រូវបញ្ចប់ការផ្សាយនៅត្រឹម
ម៉ោង10.00នាទីថ្ងៃ១៣កុម្ភះ២០២៣ជាកំហិត។
សូមសាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ពន្ធ័ជួយការពារសណ្តាប់ធ្នាប់និងទ្រព្យសម្បត្តិនៃវិទ្យុនេះឲ្យបានគង់វង្ស។ យើងបិទតែការផ្សាយគ្រប់ប្រភេទនៃវិទ្យុនេះប៉ុណ្ណោះតែយើងមិនប៉ៈពាល់ទ្រព្យសម្បត្តិរបស់គេទេ។
សូមមិត្តភក្តិបរទេសដែលផ្តល់លុយឲ្យវិទ្យុនេះបង្វិលលុយទៅប្រទេសវិញឬជួយទៅប្រទេសផ្សេង។ សូមបុគ្គលិកដែលធ្វើការនៅវិទ្យុនេះស្វែងរកការងារធ្វើនៅកន្លែងផ្សេងទៀត»៕
No comments:
Post a Comment