(ភ្នំពេញ)៖ ដើម្បីជួយសម្រួលដល់លំហូរចរាចរ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ បានទទួលគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដាក់ឲ្យប្រើប្រាស់ជាបណ្ដោះអាសន្នស្ពានអាកាសឫស្សីកែវ ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះតទៅ។
ស្ពានអាកាសឫស្សីកែវ ស្ថិតនៅក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងទទួលការសាងសង់ ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) តាមវិធីសាស្ត្រយកទីក្រុងចិញ្ចឹមទីក្រុង។
បច្ចុប្បន្នស្ពានអាកាស ដែលមានបណ្តោយសរុបប្រវែង ៤៨៣ម៉ែត្រ និងមានទទឹង ១៥.៨ម៉ែត្រ ដែលក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ទទួលបានគោលការណ៍សាងសង់ពីរាជរដ្ឋាភិបាល សម្រេចការសាងសង់បានស្ទើរ១០០ភាគរយហើយ នៅសល់តែការងារក្រាលកៅស៊ូ និងអ៊ុតគំនូសចរាចរ ដែលគ្រោងនឹងបញ្ចប់ការដ្ឋានសាងសង់ទាំងស្រុង នាប៉ុន្មានថ្ងៃខាងមុខនេះ។
រដ្ឋបាលរាជធានីភ្នំពេញ នឹងត្រៀមរៀបចំការងារការដ្ឋាន ស្ពានអាកាសឫស្សីកែវ ដែលនៅសេសសល់ ដូចជាអ៊ុតកៅស៊ូ រៀបការ៉ូឡា ខឿន សួន ការងារ តុបតែង លំអផ្សេងៗ ត្រូវពន្លឿនឲ្យរួចរាល់ ក្នុងរយៈពេល តែពីឬបីថ្ងៃទៀតនេះ ដើម្បីដាក់ឲ្យបងប្អូនប្រេីប្រាស់ជាបណ្តោះអាសន្ន នូវស្ពានអាកាសឫស្សីកែវ ដែលមានប្រវែង៤៨៣ម៉ែត្រ ទទឹង១៥.៨ម៉ែត្រ ក្នុងបំណងជួយសម្រួលដល់ការធ្វេីដំណេីររបស់ប្រជាពលរដ្ឋ រំដោះការកកស្ទះចរាចរណ៍។
ដូច្នេះប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវជាតិលេខ៥ និងលែងមានការកកស្ទះចរាចរណ៍ទៀតហើយ នៅត្រង់ចំណុចសង្កាត់គីឡូម៉ែត្រលេខ៦។ នេះជាសមិទ្ធផលថ្មីមួយទៀត របស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមម្លប់សុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ៕
No comments:
Post a Comment