Monday, January 09, 2023

ផ្សាយបន្តផ្ទាល់៖ ពិធីសម្ពោធបើកការដ្ឋានសាងសង់ពង្រីក និង​លើក​កម្រិត​គុណភាព​កំណាត់​ផ្លូវ​ជាតិ​លេខ​៧ ចាប់ពីរង្វង់មូលស្គន់ រហូតដល់ទីរួមខេត្តកំពង់ចាម


នៅព្រឹក ថ្ងៃចន្ទ ៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣​ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញ​ធ្វើជា​សហធិបតី​នៅក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាង​សង់ពង្រីក និងលើកម្រិតគុណភាពកំណត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វល់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម។

តាមការឲ្យដឹងពីក្រសួងសាធារណការ និងដឹកជូនបានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៧នេះ ត្រូវបានស្តារ និងស្ថាបនាឡើងវិញកាលពីឆ្នាំ១៩៩៩ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) មានទទឹង ៧ម៉ែត្រ និង​៩​ម៉ែត្រ។ កាលនោះ កំណាត់ផ្លូវនេះ រួមជាមួយស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានគីហ្សូណា) ត្រូវ​បាន​សាង​សង់​ឡើង​ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលប្រទេសជប៉ុន។ ក្រោយមកដោយសារកំណើនសេដ្ឋកិច្ច គួប​ផ្សំ​នឹងសកម្មភាព ចរាចរណ៍របស់អ្នកដំណើរ និងការដឹកជញ្ជូនមានការកើនឡើងយ៉ាងគំហុក បាន​ប្រែ​ក្លាយ​កំណាត់ផ្លូវនេះឱ្យទៅជា «ផ្លូវកដប» ដែលមានសភាពចង្អៀត មានការកកស្ទះ និងមាន​គ្រោះថ្នាក់​ញឹក​ញាប់ ទើបរាជរដ្ឋាភិបាលសម្រេចសាងសង់ពង្រីក និងលើកកម្រិត​គុណភាព​កំណាត់​ផ្លូវ​នេះ​ឡើង​វិញ​ឱ្យ​បាន​ធំទូលាយ និងល្អប្រសើរជាងមុន។

គម្រោងពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧នេះ មានប្រវែងសរុបជាង ៤៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ ទៅដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម នឹង​ត្រូវ​ស្ថាបនា​ជាប្រភេទផ្លូវ ក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ៩សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវពី ២គន្លង ទៅ ៤គន្លង ដោយគន្លងនីមួយៗមានប្រវែង ៣.៧៥ម៉ែត្រ និងសួនពុះទ្រូងផ្លូវ ១.៥ម៉ែត្រ។ គម្រោងនេះ នឹងរួមបញ្ចូលការ សាងសង់ស្ពានថ្មី ចំនួន ១កន្លែង ប្រវែង ៤០ម៉ែត្រ មានទទឹង ២៤ម៉ែត្រ ស្ពានថ្មីចំនួន ៦កន្លែងផ្សេងទៀត ប្រវែងសរុប ១០៦ម៉ែត្រ មានទទឹង ១២ម៉ែត្រ និងពង្រីកបន្ថែមស្ពានចាស់ ដែល​មាន​ស្រាប់ចំនួន ១កន្លែង ទទឹង ១០.៥ម៉ែត្រដាក់លូគ្រប់ប្រភេទចំនួន ៣៣០កន្លែង បំពាក់កាមេរ៉ា ត្រួតពិនិត្យ ល្បឿនរថយន្ត ២កន្លែង បំពាក់ស្ថានីយជញ្ជីងថ្លឹងរថយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់វៃឆ្លាត និង​ត្រួត​ពិនិត្យដោយស្វ័យ ប្រវត្តិ (AI and Weigh-in-Motion) ចំនួន ២កន្លែង និងបំពាក់ស្លាក សញ្ញា​ចរា​ច​រណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោល សុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។

គម្រោងនេះ នឹងត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួត​ពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សា បច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈ​ពេលសាង​សង់​ចំនួន ៤០ខែ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦ គ្រោងចំណាយថវិកាសរុបជាង ១១៧លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់​ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និង​ពន្ធអា​ករ​ផ្សេងៗ។

 

No comments:

Post a Comment