Tuesday, September 20, 2022

វិភាគអន្តរជាតិ៖ តើនរណា កំពុងឈ្នះនៅក្នុងសង្រ្គាមអ៊ុយក្រែន?


(កង់បេរ៉ា)៖ ជោគជ័យនៃប្រតិបត្តិការវាយបករបស់អ៊ុយក្រែននៅក្នុងតំបន់ខាកៀវ បានបង្ហាញពីសមត្ថភាពដ៏អស្ចារ្យនៃកងទ័ពអ៊ុយក្រែន តែព្រមពេលជាមួយគ្នា សង្រ្គាមជាមួយរុស្ស៉ីក៏បានចូលដល់ដំណាក់កាលជាប់គាំងថ្មីមួយផងដែរ។ ពិតណាស់ វាដូចជាលឿនពេកហើយដែលនាំគា្ននិយាយថាតើរវាងអ៊ុយក្រែន និងរុស្ស៉ី នរណាជាឈ្នះនៅក្នុងសង្រ្គាមសព្វថ្ងៃ? ប៉ុន្តែខណៈសង្រ្គាមកំពុងជាប់គាំង អ្នកដែលឈ្នះពិតប្រាកដ នោះគឺមិនមែនជារុស្ស៉ី ហើយក៏មិនមែនជាអ៊ុយក្រែននោះដែរ តែជា «ក្រុមហ៊ុនឧស្សាហកម្មផលិតអាវុធរបស់សហរដ្ឋអាមេរិក» ទៅវិញទេ។


មនុស្សចំនួនបានចាត់ទុកថាក្រុមហ៊ុនផលិតអាវុធអាមេរិក គឺជា «ឃ្លាំងអាវុធនៃប្រជាធិបតេយ្យ» ដែលជាពាក្យមួយត្រូវបានប្រើដោយអតីតប្រធានាធិបតីអាមេរិក លោក ហ្វ្រង់ឃ្លីន ដេឡាណូ រូសស្វែល (Franklin Delano Roosevelt) ដើម្បីបង្ហាញពីការចូលរួមចំណែករបស់ក្រុមហ៊ុនផលិតអាវុធអាមេរិក ផ្ដល់ការគាំទ្រដល់ សម្ព័ន្ធមិត្តអំឡុងសង្រ្គាមលោកលើកទី២ ហើយតួនាទីរបស់ក្រុមហ៊ុនទាំងនេះក្នុងការជួយអ៊ុយក្រែនទប់ទល់នឹងការឈ្លានពានរបស់រុស្ស៉ី គឺជារឿងពិតមួយទៀត មិនអាចប្រកែកបាន។


អស់រយៈពេលរាប់ទសវត្សរ៍មកហើយ ឧស្សាហកម្មអាវុធអាមេរិក ព្រមទាំងក្រុមហ៊ុនផលិតអាវុធប្រទេសដទៃដូចជារុស្ស៉ី ចិន បារាំង ចក្រភពអង់គ្លេស និងអ៉ីស្រាអែល សុទ្ធតែកើបបានផលចំណេញពីការរកលុយពីសង្រ្គាម និងតាមរយៈសម្ព័ន្ធភាពយោធាយូរអង្វែង។ ក្រុមហ៊ុនផលិតអាវុធអាមេរិកដែលបច្ចុប្បន្ន កំពុង កាន់កាប់ជាង ៣៩ភាគរយនៃជំនួញអាវុធនៅទូទាំងពិភពលោក បានបំពាក់អាវុធឱ្យអឺរ៉ុបជាយូរណាស់មកហើយ ពោលគឺនៅមុនពេលសង្រ្គាមអ៊ុយក្រែន ផ្ទុះឡើង មកម្ល៉េះ។ មួយវិញទៀត ខណៈការនាំចេញអាវុធជាសកលបានធ្លាក់ចុះជិត ៥ភាគរយ នៅចន្លោះពីឆ្នាំ២០១៧ និងឆ្នាំ២០២១ បណ្ដាប្រទេសក្នុងតំបន់អឺរ៉ុបម្នាក់ៗ បានប្រកាសពីការបង្កើនការបំពាក់អាវុធរបស់ខ្លួនរហូតដល់ទៅ ១៩ភាគរយ បន្ទាប់ពីរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែន។


នៅក្នុងសហរដ្ឋអាមេរិក ក្រុមហ៊ុនផលិតអាវុធត្រូវបានមើលឃើញថាជាអ្នកឡប់ប៊ីដ៏ធំដែលមានឥទ្ធិពលលើគោលនយោបាយការបរទេសអាមេរិក ដោយចាប់តាំងពី ទស្សវត្សរ៍ឆ្នាំ១៩៩០មក ក្រុមហ៊ុនផលិតអាវុធអាមេរិក បានបញ្ចុះបញ្ចូលឱ្យណាតូ (NATO) ពង្រីកឥទ្ធិពលតាមរយៈការបញ្ចូលសមាជិកបន្ថែមនៅក្នុងបក្សសម្ព័ន្ធ យោធាមួយនេះ បើទោះជាក្រុមមន្ត្រីសន្តិសុខអាមេរិកជាន់ខ្ពស់ភាគច្រើនយល់ស្របថាការពង្រីកខ្លួននេះជាការបង្ករឿង ហើយអាចនឹងនាំឱ្យគំនិតសើរើនិយម និងជាតិនិយមនៅក្នុងប្រទេសរុស្ស៉ីកើនឡើងក៏ដោយ។


ជាទូទៅ ក្រុមហ៊ុនផលិតអាវុធនៅសហរដ្ឋអាមេរិក អាចបញ្ចូលឥទ្ធិពលរបស់ខ្លួនទៅក្នុងគោលនយោបាយការបរទេសអាមេរិក តាមរយៈការឡប់ប៊ី ឬបញ្ចុះបញ្ចូលលើ អ្នកនយោបាយអាមេរិកសំខាន់ៗ។ ជាឧទាហរណ៍ លោក ឌែន រ៉ូស្ដិនកូវស្គី (Dan Rostenkowski) ដែលជាអតីតប្រធានគណៈកម្មាធិការ House Ways and Means Committee រហូតដល់ឆ្នាំ១៩៩៤ និងជាមនុស្សម្នាក់ដែលគាំទ្រប៉ូឡូញ នៅក្នុងសភាអាមេរិក បានគំរាមបង្កឧបសគ្គរាំងស្ទះដល់ការអនុម័តកញ្ចប់ថវិកា និងច្បាប់នានា រហូតទាល់តែណាតូយល់ព្រមទទួលប៉ូឡូញជាសមាជិក។


នៅក្រោយសង្រ្គាមត្រជាក់បានបិទបញ្ចប់នៅឆ្នាំ១៩៩១ ក្រុមហ៊ុនផលិតអាវុធអាមេរិកនាំគ្នារំពឹងថាការពង្រីកខ្លួនរបស់ណាតូ អាចនឹងប៉ះប៉ូវឡើងវិញនូវការខាតបង់ ដោយសារតែការធ្លាក់ចុះការបញ្ជាទិញ ជាមួយការស្វែងរកទីផ្សារថ្មីសម្រាប់ផលិតផលរបស់ពួកគេ។ ការបង្កើតគណៈកម្មាធិការអាមេរិក ដើម្បីពង្រីកណាតូ (US Committee to Expand NATO) ដែលជាអង្គការតស៊ូមតិមួយក្នុងឆ្នាំ១៩៩៦ ដោយលោក ព្រូស ជែកសុន (Bruce L. Jackson) ដែលនៅពេលនោះជានាយក ផែនការយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនផលិតអាវុធអាមេរិក Lockheed Martin គឺជាជោគជ័យមួយដ៏ធំរបស់ឧស្សាហកម្មអាមេរិក។ ដ្បិត បន្ទាប់ពីគណៈកម្មាធិការនេះ ត្រូវបានបង្កើតឡើង អតីតរដ្ឋកម្មុយនិស្ដក្នុងតំបន់អឺរ៉ុបកណ្ដាលដូចជា ហុងគ្រី ប៉ូឡូញ និងសាធារណរដ្ឋឆែកបានក្លាយជាសមាជិកអង្គការណាតូ ដែលនេះកាន់តែ ពង្រីកទីផ្សារសម្រាប់ក្រុមហ៊ុនផលិតអាវុធអាមេរិក។


លើសពីនេះទៅទៀតនោះ ការទទួលយកប្រទេសស៊ុយអែត និងហ្វាំងឡង់ជាសមាជិកអង្គការណាតូ វាក៏នឹងកាន់តែបើកទូលាយទីផ្សារឱ្យក្រុមហ៊ុនផលិតអាវុធអាមេរិក ផងដែរ ពីព្រោះថាក្រឹត្យក្រមនៃការធ្វើអន្តរប្រតិបត្តិការនៅក្រោមបក្សសម្ព័ន្ធយោធាណាតូ នឹងតម្រូវឱ្យពួកគេទិញអាវុធផលិតដោយសហរដ្ឋអាមេរិក ខណៈទីក្រុងវ៉ាស៊ីនតោន មានច្បាប់ដាក់ទណ្ឌកម្មលើប្រទេសដែលទិញអាវុធពីសត្រូវរបស់អាមេរិក។ សង្រ្គាមនៅអ៊ុយក្រែនបានបង្ហាញថា «យុទ្ធសាស្ត្រស្វ័យភាព» របស់អឺរ៉ុបបានទទួលបរាជ័យ ដោយ ៦០ភាគរយនៃបរិក្ខារយោធារបស់អឺរ៉ុប គឺមានប្រភពមកពីខាងក្រៅសហភាពអឺរ៉ុប។ ដោយសារតែបែបនេះឯងទើប ក្រុមអ្នក បង្កើតគោលនយោបាយអឺរ៉ុបបានដាក់ចេញផែនការជាច្រើន ដើម្បីកាត់បន្ថយការពឹងផ្អែកហួសហេតុពេកលើការនាំចូលអាវុធពីសហរដ្ឋអាមេរិក ជាមួយការបង្កើន ការចំណាយលើវិស័យយោធា ២០០ពាន់លានអឺរ៉ូដែលត្រូវបានអនុម័តដោយសហភាពអឺរ៉ុបកាលពីខែឧសភាកន្លងទៅនេះ។ ដើម្បីទទួលបានចំណែកពីគម្រោងនេះ ក្រុមហ៊ុនផលិតអាវុធអឺរ៉ុបធំៗបានបង្ហាញចំណាប់អារម្មណ៍ជាមួយអះអាងថាឧស្សាហកម្មរបស់ខ្លួនគឺសក្តិសមទៅនឹង «យុទ្ធសាស្ត្រស្វ័យភាព» របស់សហភាពអឺរ៉ុប។ ដោយៈ Fresh News

No comments:

Post a Comment