(ភ្នំពេញ)៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បាននិងកំពុងបើកការស៊ើបអង្កេតលើករណីគប់ស្បែកជើងសំដៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីពេលថ្មីៗនេះ។
នេះបើ តាមការបញ្ជាក់របស់ លោក Chad Roedemeier អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ។
អ្នកនាំពាក្យបានបញ្ជាក់ថា សហរដ្ឋអាមេរិកយកចិត្តទុកដាក់បំផុតលើសុវត្ថិភាព និងសន្តិសុខរបស់អ្នកការទូតទាំងអស់ និងឥស្សរជនដែលមកទស្សនានៅអាមេរិក។
ទាក់ទងនឹងឧប្បត្តិហេតុនៅថ្ងៃទី១១ ខែឧសភា អាជ្ញាធរអាមេរិកកំពុងស៊ើបអង្កេតលើបញ្ហានេះ។ ការស៊ើបអង្កេតនឹងមានភាពហ្មត់ចត់ និងពេញលេញស្របតាមច្បាប់របស់សហរដ្ឋអាមេរិក។
កិច្ចប្រជុំកំពូលពិសេស អាមេរិក-អាស៊ាន រំលឹកខួប ៤៥ឆ្នាំនៃទំនាក់ទំនង និងបង្ហាញពីការប្តេជ្ញាចិត្តយូរអង្វែងរបស់សហរដ្ឋអាមេរិកចំពោះភាពជាមជ្ឈភាពអាស៊ាន ក្នុងការផ្តល់នូវដំណោះស្រាយប្រកបដោយនិរន្តរភាពចំពោះបញ្ហាប្រឈមសំខាន់ៗក្នុងតំបន់។
ការបញ្ជាក់របស់អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានធ្វើឡើងបន្ទាប់ពី សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នៅសាលពិព័រណ៍ជ្រោយចង្វារ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ដោយរង់ចាំមើលការអនុវត្តច្បាប់នៅសហរដ្ឋអាមេរិក ចំពោះករណីគប់ស្បែកជើងនេះ ទោះបីជាសម្ដេចតេជោពុំបានទាមទារ និងធ្វើកំណត់ទូត ទៅរដ្ឋាភិបាលអាមេរិកដើម្បីឲ្យចាត់វិធានការលើជនបង្កក៏ដោយ។
សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅកាន់រដ្ឋាភិបាលសហរដ្ឋអាមេរិក ថាករណីគប់ស្បែកជើងដោយមានការប៉ុនប៉ងគិតទុកជាមុនបែបនេះជាការបញ្ចេញមតិ ឬក៏ជាអំពើហិង្សា ដោយសម្ដេចបានបញ្ជាក់ថា ប្រសិនបើប្រទេសបិតាប្រជាធិបតេយ្យមួយនេះចាត់ទុកថា ករណីគប់ស្បែកជើងនោះជា «សិទ្ធិបញ្ចេញមតិ» នោះអាចនឹងធ្វើឱ្យករណីបែបនេះ កើតឡើងនៅក្នុងប្រទេសនានា រាប់ទាំងប្រទេសកម្ពុជាដូចគ្នា។
ករណីគប់ស្បែកជើងលើសម្តេចតេជោ ហ៊ុន សែន បានបង្កឡើងដោយពលរដ្ឋខ្មែរអាមេរិកម្នាក់ ឈ្មោះ អ៊ុក ទូច ក្នុងពេលសម្តេចកំពុងសំណេះសំណាល និងថតរូប ជាមួយអ្នកគាំទ្រ នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីយប់ថ្ងៃទី១១ ឧសភា នៅមុនពេលកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក។ ស្បែកជើងនេះមិនបានត្រូវចំសម្តេចនោះទេ ដោយហោះចំនឹងទូរស័ព្ទ របស់អ្នកគាំទ្រម្នាក់។ ក្នុងបទសម្ភាសជាមួយវិទ្យុអាស៊ីសេរី លោក អ៊ុក ទូច បានបញ្ជាក់ថា លោកមានបំណងគប់ស្បែកជើងលើសម្តេចតាំងពីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដោយតាមរយៈការបន្លំខ្លួនជាអ្នកគាំទ្រ ប៉ុន្តែទោះជាយ៉ាងនេះក្តី លោកទទួលស្គាល់ថា សម្តេចមានបារមីចាំជួយ ដែលធ្វើឲ្យលោក មិនអាចគប់សម្តេចត្រូវបាន។
No comments:
Post a Comment