Thursday, March 24, 2022

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានក្រុមហ៊ុន HUAWEI ប្រចាំតំបន់ប៉ាស៊ីហ្វិក

នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបពិភាក្សាការងារ  ជាមួយលោក លីន បៃហ្វេង (Lin Baifeng) ប្រធានក្រុមហ៊ុន HUAWEI ប្រចាំតំបន់ប៉ាស៊ីហ្វិក។



ក្នុងជំនួបនោះ លោក លីន បៃហ្វេង បានសូមគោរព ថ្លែងអំណរគុណជាអនេកជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះការគាំទ្រក្រុមហ៊ុនរបស់លោករយៈពេលជាង ២៣ឆ្នាំកន្លងមក និងផ្តល់នូវការទុកចិត្តដល់ក្រុមហ៊ុនរបស់លោក និងអនុញ្ញាតឲ្យក្រុមហ៊ុនមួយនេះបានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ទាំងក្នុងវិស័យសុខាភិបាល ការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ និងលើវិស័យដទៃទៀត។ 

លោក លីន បៃហ្វេងបានមានប្រសាសន៍ថាសេដ្ឋកិច្ចឌីជីថលនៅកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង កម្ពុជាមានការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាស្ទើរគ្រប់វិស័យ។ ក្នុងន័យនេះ លោកសូមគោរពសុំការគាំទ្រពីសម្ដេចតេជោ​ ចូលរួមចំណែកអភិវឌ្ឍវិស័យព័ត៌មានវិទ្យា តាមរយៈការអភិវឌ្ឍធនធានមនុស្ស នាំមកនូវបច្ចេកវិទ្យាចុងក្រោយបំផុតមកកម្ពុជា និងរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បណ្ដាញព័ត៌មានវិទ្យា និងតភ្ជាប់រវាងប្រជាជន និងប្រជាជន ប្រកបដោយសុវត្ថិភាព និងអធិបតេយ្យភាព។

ឆ្លៀតនៅក្នុងឱកាសនោះដែរលោក លីន បៃហ្វេង ក៏បានផ្តល់ជូនសម្ដេចតេជោនូវគ្រឿងបរិក្ខា ដែលមានជាក្តាដែលអាចសរសេរបាន ក្តាដែលអាចតភ្ជាប់ដើម្បីទំនាក់ទំនងតាមប្រព័ន្ធវីដេអូ ចំនួន១០០ និងកុំព្យូទ័រចំនួន ៥០០គ្រឿង សម្រាប់ប្រើប្រាស់តាមតម្រូវការ។ 

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះលោក លីន បៃហ្វេង ដែលកន្លងមកបានផ្ដល់ជូនកម្ពុជានូវគ្រឿងបរិក្ខាសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងនៅពេលនេះបានផ្តល់ជូននូវគ្រឿងបរិក្ខាសម្រាប់ការតភ្ជាប់ការប្រជុំតាមប្រព័ន្ធវីដេអូផង និងកុំព្យូទ័រ ផងដេរ។ 

សម្តេចតេជោបានស្វាគមន៍ និងលើកទឹកចិត្តដល់លោក លីន បៃហ្វេង ក្នុងការបន្តធ្វើការជាមួយ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បន្តជួយបណ្ដុះបណ្ដាលធនធានមនុស្ស និងបន្តធ្វើយ៉ាងណាឲ្យកម្ពុជាទទួលបាននូវបច្ចេកវិទ្យាចុងក្រោយបំផុតដែលធានាបាននូវសុវត្ថិភាព និងអធិបតេយ្យភាព ព័ត៌មានផង និងមានការប្រកួតប្រជែងលើពិភពលោកផង៕














No comments:

Post a Comment