Sunday, March 27, 2022

វិភាគអន្តរជាតិ៖ តើរុស្ស៊ីចាញ់សង្រ្គាមនៅអ៊ុយក្រែន ឬ?

(កៀវ)៖ កងទ័ពរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនបានផ្លាស់ប្ដូរយុទ្ធសាស្ត្រពីការវាយលុកចូលរដ្ឋធានីកៀវ មកផ្ដោតជាសំខាន់លើអ្វីដែលទីក្រុងមូស្គូហៅថាជា «ការរំដោះតំបន់ដុនបាស់ (Donbas)» ដែលនេះត្រូវបានក្រុមអ្នកជំនាញយល់ថាជាដំណាក់កាលថ្មីមួយនៃសង្រ្គាម។

ឧត្តមសេនីយ៍ជាន់ខ្ពស់រុស្ស៊ី លោក ស៊ែរហ្គៃ រូដកយ (Sergey Rudskoy) កាលពីថ្ងៃសុក្រ ទី២៥ ខែមីនាកន្លងទៅនេះបានអះអាងថាដំណាក់កាលទី១ នៃប្រតិបត្តិការយោធាពិសេសរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ទទួលបានជោគជ័យស្ទើរតែទាំងស្រុង ហើយអំណេះតទៅ កងទ័ពរុស្ស៊ីនឹងងាកទៅ ផ្តោតលើការរំដោះតំបន់ដុនបាស់ឱ្យបានទាំងស្រុងវិញម្ដង។ ជាការពិតណាស់, វាហាក់ដូចជាលឿនពេក ដើម្បីដឹងថាតើនឹងមានរឿងអ្វីកើតឡើង ឬក៏ថាតើការផ្លាស់ប្ដូរយុទ្ធសាស្ត្រនេះបង្ហាញថារុស្ស៊ីពិតជាបរាជ័យមែនឬ? បើតាមក្រុមអ្នកជំនាញ, កងទ័ពរុស្ស៊ីនៅតែមានគោលបំណងបន្តសង្រ្គាម ដោយគ្រាន់តែ មានការផ្តោតតូចចង្អៀតជាងមុនតែប៉ុណ្ណោះ ជាមួយការប្រើប្រាស់តំបន់ដុនបាស់ ជាការចាប់ផ្ដើមសារជាថ្មី។

*សម្រាក តែមិនមែនមានន័យថាបោះបង់ចោលមហិច្ឆតា

រយៈពេលជាងមួយខែនៃសង្រ្គាម, សហរដ្ឋអាមេរិក និងអង់គ្លេស បានអះអាងថាការវាយលុករបស់កងទ័ពរុស្ស៊ី បាន និងកំពុងជាប់គាំងស្ទើរតែគ្រប់ សមរភូមិមុខ ដោយមិនទាន់អាចដណ្ដើមកាន់កាប់បានទីក្រុងធំណាមួយ ក្នុងនោះរួមមានទាំងរដ្ឋធានីកៀវពីកងទ័ពអ៊ុយក្រែននោះទេ។ បើគេចាំមិនភ្លេចទេនៅក្នុងសុន្ទរកថាប្រកាសសង្រ្គាមកាលពីថ្ងៃទី២៤ ខែកុម្ភៈ លោក ពូទីន បាននិយាយជាសាធារណៈថាគោលដៅនៃប្រតិបត្តិការយោធាពិសេសរបស់លោក ដែលលោកខាងលិចចាត់ទុកថាជា «ការឈ្លានពាន» គឺមានគោលដៅ «ធ្វើវិយោធកម្ម» និង «បដិណាហ្ស៊ីនីយកម្ម» ព្រមទាំងរំដោះតំបន់ដុនបាស់ដែល បច្ចុប្បន្នមានមួយផ្នែកកំពុងស្ថិតក្រោមការគ្រប់គ្រងដោយក្រុមឧទ្ទាមផ្ដាច់ទឹកដី មានមូស្គូជាខ្នងបង្អែកតាំងពីឆ្នាំ២០១៤មក។

លោក ពូទីន បានដាក់ពង្រាយកងទ័ពរុស្ស៊ីច្រើនជាង ១៥០,០០០នាក់ នៅតាមបណ្ដោយព្រំដែនអ៊ុយក្រែន ហើយបានបញ្ជាឱ្យកងទ័ពទាំងនេះធ្វើសកម្មភាព ឆ្ពោះទៅរកគោលដៅចម្រុះ មិនមែនត្រឹមតែផ្ដោតតែទៅលើរដ្ឋធានីកៀវ ឬតំបន់ដុនបាស់នោះទេ។ ប៉ុន្តែ ក្នុងរយៈពេលមួយខែមកនេះ កងទ័ពអ៊ុយក្រែន បានប្រឹងទប់ទល់យ៉ាងខ្លាំងអស្ចារ្យនឹងការវាយលុកពីសំណាក់កងទ័ពរុស្ស៊ី ហើយសូម្បីតែលោក ពូទីនក៏ប្រហែលជាមិនជឿថាអ៊ុយក្រែនមានសមត្ថភាព ដល់ថ្នាក់នេះនោះដែរ។

លោក ប៉ាវ៉ែន ហ្វែលហ្កិនហាវអឺរ (Pavel Felgenhauer) ជាអ្នកវិភាគយោធាម្នាក់មានមូលដ្ឋានក្នុងទីក្រុងមូស្គូ បាននិយាយថានិទាឃរដូវដែលនឹងចូលមកដល់នាពេលខាងមុខនេះ និងស្ថានភាពជាក់ស្ដែងនៅលើសមរភូមិសង្រ្គាម អាចពន្យល់បានថារុស្ស៊ីបានផ្អាកការព្យាយាមវាយចូលរដ្ឋធានីកៀវ និងទីក្រុងធំៗជាច្រើនទៀតស្ថិតនៅភាគខាងជើង និងភាគខាងលិចរបស់អ៊ុយក្រែន។ លោក ប៉ាវ៉ែន បានបញ្ជាក់ដូច្នេះថា «យុទ្ធនាការដូវរងាបានបិទបញ្ចប់ ហើយសណ្ឋានភាពដីនឹងមានការជន់លិច និងដីភក់។ ដូច្នេះនៅពេលខែឧសភា ចូលមកដល់ ទើបវាចាប់ផ្ដើមស្ងួត ហើយនៅពេលនោះឯង យុទ្ធនាការរដូវក្ដៅ អាចនឹងចូលមកដល់ ដែលទំនងនឹងក្លាយជាការសម្រេចចិត្តផ្ដាច់ព្រ័ត្រ»។ លោកបន្ថែមថាបច្ចុប្បន្នវាអាចជាពេលសម្រាក ដោយយោធារុស្ស៊ីនឹងពន្យល់ ទៅកាន់ប្រជាជនរបស់ខ្លួនថាអ្វីៗគ្រប់យ៉ាងគឺល្អប្រសើរ, អ្វីគ្រប់យ៉ាងស្ថិតក្រោមការគ្រប់គ្រង ហើយនេះគ្រាន់តែជាការសម្រាកប៉ុណ្ណោះ។ ប៉ុន្តែអ្វីៗគ្រប់យ៉ាង នឹងបន្ត ហើយគោលបំណងទាំងឡាយនឹងត្រូវសម្រេចឱ្យបាន។

*បរាជ័យក្នុងការប្ដូររបបដឹកនាំ?

ការលើកឡើងរបស់ឧត្តមសេនីយ៍រុស្ស៊ី លោក ស៊ែរហ្គៃ រូដកយ (Sergey Rudskoy) ហាក់ដូចជាមានន័យថាការវាយចូលរដ្ឋធានី លែងជាកម្មវត្ថុ ឬរបៀបវារៈ សំខាន់សម្រាប់កងទ័ពរុស្ស៊ីទៀតហើយ។ បើតាមក្រុមអ្នកជំនាញលោកខាងលិច, ដើមឡើយរុស្ស៊ីមានយុទ្ធសាស្ត្រចំនួន៣ នៅក្នុងសង្រ្គាមអ៊ុយក្រែន៖ ទីមួយគឺ «ឡោមព័ទ្ធ», ទី២ «ដណ្ដើមកាន់កាប់រដ្ឋធានីកៀវ» និងទី៣ «កាន់កាប់តំបន់ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន»។

ដូច្នេះប្រសិនជារុស្ស៊ីផ្លាស់ប្ដូរយុទ្ធសាស្ត្រងាកទៅផ្ដោតលើតំបន់ដុនបាស់ នោះសង្រ្គាមនៅក្នុងតំបន់នេះនឹងនៅតែបន្តកើតមាន ដែលនេះជាមធ្យោបាយមួយ របស់លោក ពូទីន ប្រើដើម្បីប្រកាសពីជ័យជម្នះ និងគ្រប់គ្រងការរំពឹងទុកដែលលោកខាងលិចអះអាងថាប្រតិបត្តិការយោធារបស់លោកមិនបានដំណើរការ តាមផែនការគ្រោងទុក។ បានន័យថាយ៉ាងហោចណាស់ លោក ពូទីននឹងប្រាប់ប្រជាជន រួមទាំងថ្នាក់ដឹកនាំរុស្ស៊ីក្នុងជួររដ្ឋាភិបាលថាឃើញទេ ពេលនេះយើង រំដោះបានតំបន់ដុនបាស់ទាំងស្រុងហើយ៕

ប្រភព៖ AP (ថ្ងៃអាទិត្យ ទី២៧ ខែមីនា ឆ្នាំ២០២២)

ដោយ៖ Fresh News








No comments:

Post a Comment