Saturday, March 26, 2022

វិភាគអន្តរជាតិ៖ តើអាចនឹងមានកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ឬ?


(ឡុងដ៍)៖ រុស្ស៊ី និងអ៊ុយក្រែនកំពុងជជែកគ្នាពីកិច្ចព្រមព្រៀងសន្តិភាពមួយ ខណៈកងទ័ពនៃប្រទេសទាំង២ នៅតែបន្តបាញ់សម្លាប់គ្នាទៅវិញទៅមក នៅក្នុងសមរភូមិសង្រ្គាមដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ។ ប៉ុន្តែ ស្របពេលការវាយប្រយុទ្ធគ្នា និងកិច្ចចរចាបន្តធ្វើឡើងទន្ទឹមគ្នា តើភាគីជម្លោះទាំង២ អាចនឹងសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពដែរ ឬទេ?


មែនទែនទៅ, សំណួរនេះមិនពិបាកឆ្លើយទេ ព្រោះវាអាចទៅរួច។ បើតាមតួកគីដែលកំពុងព្យាយាមធ្វើកិច្ចសម្របសម្រួល, រុស្ស៊ី និងអ៊ុយក្រែនកាន់តែ ខិតជិតដល់កិច្ចព្រមព្រៀងនឹងគ្នាហើយ។ តែរឿងដែលសំខាន់ និងស្មុគស្មាញបំផុត នោះគឺថាតើកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន នឹងមានលក្ខណៈដូចម្ដេច?


នៅពេលប្រកាសបើកប្រតិបត្តិការយោធាពិសេសលើអ៊ុយក្រែន ដែលលោកខាងលិចហៅថាជា «ការឈ្លានពាន», លោកប្រធានាធិបតី ពូទីន បានចោទថាសហរដ្ឋអាមេរិកថាបាន និងកំពុងប្រើប្រាស់អ៊ុយក្រែនដើម្បីគំរាមកំហែងរុស្ស៊ី ហើយថានឹងការពារប្រជាជននិយាយភាសារុស្ស៊ីនៅក្នុង តំបន់ដុនបាសពីការអំពើប្រល័យពូជសាសន៍ប្រព្រឹត្តដោយរដ្ឋាភិបាលលោក ហ្សេលេនស្គី បើទោះជាអ៊ុយក្រែនច្រានចោលការចោទប្រកាន់បែបនេះ ក៏ដោយ។ ដូច្នេះតើអ្វីទៅជាបញ្ហាចម្បងនៃកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន?


* ទឹកដី៖ បញ្ហាទឹកដីនេះគឺជារឿងសំខាន់បំផុតសម្រាប់កិច្ចចរចា


រុស្ស៊ីកាលពីឆ្នាំ២០១៤ បានក្រសោបយកតំបន់គ្រីមៀពីអ៊ុយក្រែន ហើយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បីថ្ងៃមុននឹងសង្រ្គាមផ្ទុះឡើង

លោក ពូទីនបានប្រកាសទទួលស្គាល់តំបន់ផ្ដាច់ខ្លួនពីរ នៅភាគខាងកើតអ៊ុយក្រែនរួមមានលូហ្កាន់ (Lugansk) និងដូញ៉េត (Donetsk) ជារដ្ឋឯករាជ្យ។ លើសពីនេះទៅទៀត ចាប់តាំងពីការចាប់ផ្ដើមការវាយលុក កងទ័ពរុស្ស៊ីបានកាន់កាប់ទឹកដីមួយចំនួននៅខាងត្បូងនៃប្រទេស

អ៊ុយក្រែន និងស្ថិតនៅភាគខាងជើងតំបន់គ្រីមៀ, ទឹកដីនៅក្នុងតំបន់ក្រុមឧទ្ទាមផ្ដាច់ខ្លួន និងទឹកដីមួយចំនួន រាប់ពីភាគខាងកើតទៅភាគខាងលិចនៃ រដ្ឋធានីកៀវ ព្រមទាំងទឹកដទៃទៀត មានផ្ទៃយ៉ាងហោច ១៧០,០០០គីឡូម៉ែត្រក្រឡា ដែលស្មើប្រហាក់ប្រហែលនឹងផ្ទៃដីនៃប្រទេសទុយនីស៊ី ឬរដ្ឋ North Dakota របស់សហរដ្ឋអាមេរិក។


អ៊ុយក្រែនបានបញ្ជាក់ជាច្រើនលើកថាខ្លួននឹងមិនទទួលស្គាល់ទឹកដី ដែលរុស្ស៊ីកំពុងកាន់កាប់ជាដាច់ខាត ក្នុងនោះរួមមានគ្រីមៀ, តំបន់ផ្ដាច់ខ្លួន ២ គាំទ្រដោយទីក្រុងម៉ូស្គូ និងទឹកដីមួយផ្នែកធំទៀតដែលរុស្ស៊ីកំពុងកាន់កាប់។ ដ្បិតការទទួលស្គាល់ទឹកដីទាំងនេះជាកម្មសិទ្ធិរបស់រុស្ស៊ី នឹងប៉ះពាល់ ដល់អនាគតប្រទេសជាតិ និងមេដឹកនាំអ៊ុយក្រែន។


* អព្យាក្រឹតភាព


រុស្ស៊ីបានលើកឡើងជារឿយៗថាខ្លួនចង់ឱ្យអ៊ុយក្រែនក្លាយជាប្រទេសមានអព្យាក្រឹត។ តួយ៉ាង, ប្រមុខក្រុមមន្ត្រីចរចារុស្ស៊ី លោក វ្ល៉ាឌីមៀ មេឌីនស្គី

(Vladimir Medinsky) ធ្លាប់បាននិយាយថាអ៊ុយក្រែនគួរតែក្លាយជាប្រទេសអព្យាក្រឹតដូចជាអូទ្រីស ឬស៊ុយអែត។ ប៉ុន្តែសំណួរដែលគេមិនទាន់អាច ឆ្លើយបាន នោះគឺថាតើអ៊ុយក្រែនគួរតែជាប្រទេសអព្យាក្រឹតបែបណាទៅ? ក្រោយសហភាពសូវៀតរំលំរលាយ, សភាជាតិអ៊ុយក្រែននៅក្នុង សេចក្ដីថ្លែងការណ៍ក្នុងនាមជារដ្ឋអធិបតេយ្យកាលពីឆ្នាំ១៩៩០ បានបញ្ជាក់ពីបំណងរបស់ខ្លួនដោយចង់ឱ្យអ៊ុយក្រែនក្លាយជាប្រទេសអព្យាក្រឹត ជាអចិន្ត្រៃយ៍។


បើតាមលោក Medinsky កិច្ចពិភាក្សាក៏រាប់បញ្ចូលផងដែរពីការដាក់កំហិតលើចំនួនកងទ័ពអ៊ុយក្រែន។ កាលពីខែកុម្ភៈកន្លងទៅនេះ លោក ពូទីន បានស្នើការធានាសន្តិសុខ ហើយការធានា នោះគឺអ៊ុយក្រែនមិនអាចចូលជាសមាជិក NATO ជាដាច់ខាត ខណៈលោក ហ្សេលេនស្គី ក៏ធ្លាប់ទទួលស្គាល់ដែរថាអ៊ុយក្រែនមិនអាចចូលជាសមាជិក NATO បានឡើយក្នុងពេលដ៏ខ្លី ពីព្រោះថាគ្មានសមាជិកណាមួយត្រៀមលក្ខណៈ

ទទួលយកអ៊ុយក្រែននោះទេ។


* បញ្ហាប្រជាជននិយាយភាសារុស្ស៊ី


ភាសារុស្ស៊ីដែលប្រើប្រាស់ដោយប្រជាជននិយាយភាសារុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន ជាពិសេសតំបន់ភាគខាងកើតនៃប្រទេសគឺបញ្ហាមួយដ៏ធំ សម្រាប់ទីក្រុងម៉ូស្គូ។ អ៊ុយក្រែនកាលពីឆ្នាំ២០១៩ បានអនុម័តច្បាប់ថ្មីមួយដែលបានផ្ដល់ឋានៈពិសេសដល់ភាសាអ៊ុយក្រែន ហើយបានតម្រូវឱ្យប្រើ ជាកាតព្វកិច្ចចំពោះអ្នកធ្វើការនៅក្នុងស្ថាប័នរដ្ឋ។ ច្បាប់នេះក៏បានបង្គាប់ឱ្យពលរដ្ឋទាំងអស់ត្រូវតែមានចំណេះដឹង ឬនិយាយភាសាអ៊ុយក្រែនផងដែរ និងបានដាក់កាតព្វកិច្ចដូចគ្នាលើបុគ្គលិករដ្ឋ, ទាហាន, វេជ្ជបណ្ឌិត និងគ្រូបង្រៀន។


* ការធ្វើ វិ យោធកម្ម និង ប ដិ ណា ហ្ស៊ី នីយកម្ម


បើតាមលោក វ្ល៉ាឌីមៀ ពូទីន, អ៊ុយក្រែនបានអនុញ្ញាតក្រុមជាតិនិយមអ៊ុយក្រែនប្រកាន់យកមនោគមន៍វិជ្ជាណាហ្ស៊ី ប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ប្រឆាំងនឹងប្រជាជននិយាយភាសារុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ លោក ពូទីន បានចោទប្រកាន់ត្រង់ថាកងវរសេនាតូចអាហ្សូវ (Azov) ដែលជា ផ្នែកមួយនៃឆ្មាំការពារជាតិអ៊ុយក្រែនតែម្ដងថាជាអង្គការណាហ្ស៊ីដែលបានប្រព្រឹត្តទង្វើសាហាវយង់ឃ្នងលើជនស៊ីវិលរុស្ស៊ី និងឧក្រិដ្ឋកម្មសង្រ្គាម។


មិនតែប៉ុណ្ណោះ, នៅពេលប្រកាសធ្វើសង្រ្គាម, លោក ពូទីនផ្ទាល់ ក៏បានលើកឡើងផងដែរពីការធ្វើ វិ យោធកម្មនៅអ៊ុយក្រែន ដោយក្នុងនោះរួមមាន ទាំងការកំណត់ចំនួន ឬទំហំកងទ័ពរុស្ស៊ី រួមទាំងជំនួយយោធាបរទេស។ «ការធ្វើ វិ យោធកម្ម និង ប ដិ ណា ហ្ស៊ី នីយកម្ម» នេះឯងត្រូវបានលោក ពូទីន យកមកធ្វើជាហេតុផលនៃការសម្រេចចិត្តធ្វើសង្រ្គាមនៅអ៊ុយក្រែន។ យ៉ាងណាក៏ដោយ លោក ហ្សេលេនស្គីបានអះអាងថារាល់ការធ្វើសម្បទាន ឬកិច្ចព្រមព្រៀងណាមួយជាមួយរុស្ស៊ី នឹងត្រូវដាក់ឱ្យឆ្លងកាត់ការបោះឆ្នោតប្រជាមតិ ស្របពេលលោក ទទូចជាច្រើនដងចង់ជួបចរចាដោយផ្ទាល់ជាមួយលោក ពូទីន។


គួរបញ្ជាក់ថា ពាក្យថា « វិ យោធកម្ម» ឬ Demilitarization ជាភាសាអង់គ្លេស គឺចង់សំដៅទៅលើសកម្មភាពកាត់បន្ថយ ឬរំសាយចោលទាំងស្រុង

តែម្ដងនូវសព្វាវុធ និងវត្តមានយោធានៅក្នុងតំបន់ភូមិសាស្រ្តណាមួយ។ ចំណែឯ ប ដិ ណា ហ្ស៊ី នីយកម្ម ឬ Denazification មានន័យថាជាមនោគមន៍ វិជ្ជានយោបាយមួយដែលភ្ជាប់ខ្លួន ឬទទួលយកមនោគមន៍វិជ្ជារបស់គណបក្សជាតិនិយមអាល្លឺម៉ង់ណាហ្ស៊ីរបស់អតីតមេដឹកនាំ អា ដុល ហ្វ៍ ហ៊ី ត្លែរ (Adolf Hitler) ៕


ប្រភព៖ Reuters (ថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២)

ដោយៈ Fresh News






No comments:

Post a Comment