Tuesday, November 16, 2021

វិភាគអន្តរជាតិ៖ Facebook ចង់ធ្វើរឿងល្អៗ, តែចុងបញ្ចប់ធ្វើឱ្យអាមេរិក មានឈ្មោះអាក្រក់


(វ៉ាស៊ីនតោន)៖ សាស្ត្រាចារ្យអាមេរិកផ្នែកច្បាប់មកពីសាកលវិទ្យាល័យ University of Chicago លោក Eric Posner បាននិយាយថាបណ្ដាញ ទំនាក់ទំនងសង្គម Facebook មានជាប់ពាក់ព័ន្ធដោយប្រយោលនឹងអំពើឃោរឃៅមួយចំនួននៅជុំវិញពិភពលោក។ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Facebook លោក Mark Zuckerberg ធ្លាប់បានអះអាងថាបណ្ដាញទំនាក់ទំនងសង្គមរបស់លោកបាន និងកំពុងប្រឹងប្រែងនាំនូវរឿងល្អៗសម្រាប់ ពិភពលោក។


ប៉ុន្តែ ក្រុមអ្នកជំនាញដូចជាលោក Eric Posner យល់ថាព្រមពេលជាមួយការផ្ដល់រឿងល្អៗ Facebook ក៏បានចូលរួមចំណែកដោយប្រយោលបង្កឱ្យ មានការប្រព្រឹត្តទង្វើឃោរឃៅផងដែរ។


*ធ្វើរឿងល្អៗជាច្រើនដើម្បីពិភពលោក?


ជាការពិតណាស់, Facebook ពិតជាបានផ្ដល់ប្រយោជន៍យ៉ាងច្រើនដល់អ្នកប្រើប្រាស់។ ប៉ុន្តែរឿងដែលគេមិនអាចប្រកែកបាន នោះគឺក្រៅពីរឿងល្អ វាក៏មានរឿងអាក្រក់ច្រើនណាស់ដែរ។ ជាឧទាហរណ៍ នៅប្រទេសអេត្យូពី, ការបង្ហោះសារជាច្រើននៅលើ Facebook ដែលមានលក្ខណៈញុះញង់ឱ្យ មានការប្រព្រឹត្តអំពើហិង្សា, ជម្លោះពូជសាសន៍ និងការបង្រ្កាបលើសារព័ត៌មានឯករាជ្យ ឬសេរីភាពបញ្ចេញមតិ។


នៅក្នុងប្រទេសនីហ្សេរីយ៉ា, អ្នកប្រើប្រាស់ Facebook ជាច្រើនបានបង្ហោះរូបភាពសាកសពមនុស្សជាច្រើនដែលបង្កឱ្យមានការយល់ច្រឡំ និងការសន្មត់ខុសថាក្រុមពូជសាសន៍មួយបានសម្លាប់រង្គាលក្រុមពូជសាសន៍ដែលជាគូប្រជែង រហូតដល់ធ្វើឱ្យមានរលកនៃការសម្លាប់រង្គាលមនុស្ស ដ៏គួរឱ្យតក់ស្លុត។ ក្នុងប្រទេសនីហ្សេរីយ៉ាដែលមានអ្នកលេង Facebook ជាង ២៤លាននាក់, Facebook ត្រូវបានគេរាយការណ៍ថាបានជួលបុគ្គលិក តែ៤នាក់ប៉ុណ្ណោះ ដើម្បីត្រួតពិនិត្យរាល់ការបង្ហោះមាតិកានៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់ខ្លួន។


នៅឯប្រទេសមីយ៉ាន់ម៉ាវិញ, គណនីអ្នកលេងបណ្ដាញទំនាក់ទំនងសង្គមត្រូវបានប្រើប្រាស់បង្កើតជាជម្លោះពូជសាសន៍ប្រឆាំងនឹងជនជាតិដើមភាគតិច មូស្លីមរ៉ូហ៊ីងយ៉ា ដោយក្នុងចំណោមពួកគេមានមនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ និងរាប់សែននាក់ទៀតក្លាយជាជនភៀសខ្លួន។ ដោយឡែក នៅឥណ្ឌា Facebook បានក្លាយជាមធ្យោបាយមួយរបស់ក្រុមជ្រុលនិយមមួយក្ដាប់តូចប្រើប្រាស់ញុះញង់ឱ្យមានអំពើហិង្សា និងការស្អប់ខ្ពើមប្រឆាំងនឹង ជនមូស្លីម។


ដូចគ្នាដែរ នៅស្រីលង្កា, យេម៉ែន, អ៉ីរ៉ាក់ និងបង់ក្លាដែស បណ្ដាញទំនាក់ទំនងសង្គមមួយនេះក៏ត្រូវបានគេប្រើប្រាស់ដើម្បីញុះញង់ឱ្យមានការប្រពឹត្ត ទង្វើឃោរឃៅផងដែរ ខណៈនៅតាមប្រទេសជាច្រើនទៀត រាប់ចាប់ពីវៀតណាម រហូតដល់ប៉ូឡូញ មនុស្សមួយចំនួនបានប្រើ Facebook ក្នុងការ បង្រ្កាបសំឡេងអ្នកប្រឆាំង និងជនជាតិដើមភាគតិចជាដើម។


*គោលដៅជាសកលប្រកបដោយមហិច្ឆតារបស់ Facebook


នៅក្នុងអត្ថបទមួយចុះផ្សាយដោយសារព័ត៌មាន New York Times, លោក Zuckerberg បានអះអាងថារឿងដែលបានកើតឡើង គឺវាអាស្រ័យលើ សមត្ថភាពនៃអ្នកប្រើប្រាស់អ៉ិនធើណិត មិនមែន Facebook ខ្លួនឯងនោះទេ។ ប៉ុន្តែ សព្វថ្ងៃអ្វីដែលគេដឹងគឺសមត្ថភាពនៃអ្នកប្រើប្រាស់អ៉ិនធើណិត និង Facebook មានភាពប្រទាក់ក្រឡាគ្នា ដែលនេះអាចនិយាយបានថាវាស្ថិតក្រោមផែនការរបស់លោក Zuckerberg និងធាតុពិតជាក់ស្ដែង។


នៅតាមបណ្ដាប្រទេសជាច្រើន, Facebook និងក្រុមហ៊ុនជាបុត្រសម្ព័ន្ធដូចជា Instagram និង WhatsApp បានគ្របដណ្ដប់លើបណ្ដាញទំនាក់ទំនង សង្គមដទៃ។ ពោលគឺទាំងអ៉ិនធើណិត និង Facebook បានដឹងយ៉ាងច្បាស់ចំពោះរាល់អត្ថបទ ឬមាតិកាដែលត្រូវបានចុះផ្សាយ។ រាប់ចាប់ពីឆ្នាំ២០១៥ មកទល់សព្វថ្ងៃ ចំនួនភាគរយនៃប្រជាជនពិភពលោកដែលមានសមត្ថភាពប្រើប្រាស់អ៉ិនធើណិតបានកើនឡើងពី ៤១ភាគរយ ដល់៦៦ភាគរយ ខណៈ អ្នកប្រើប្រាស់សកម្មប្រចាំខែរបស់ Facebook បានកើនឡើងពី ១.៤៩ពាន់លាននាក់ ដល់ ២.៨៩ពាន់លាននាក់។


ការចូលរួមចំណែករបស់ Facebook នៅក្នុងសកម្មភាពលុបបំបាត់ប្រធិបតេយ្យ និងសិទ្ធិមនុស្ស មិនមានភស្ដុតាងបញ្ជាក់ឱ្យច្បាស់ទេ តែបណ្ដាញ ទំនាក់ទំនងសង្គមមួយនេះមានជាប់ពាក់ព័ន្ធដោយប្រយោលនឹងទង្វើឃោរឃៅជាច្រើននៅជុំវិញពិភពលោក។ គោលដៅរបស់លោក Zuckerberg នោះគឺ «កសាងសហគមន៍សកលមួយ» ដែលលោកបានលើកឡើងកាលពីឆ្នាំ២០១៧ វាមានលក្ខណៈស្រដៀងគ្នាទៅនឹងគោលនយោបាយ ការបរទេសរបស់សហរដ្ឋអាមេរិក ឬយ៉ាងហោចណាស់ស្រដៀងគ្នាទៅនឹងគោលនយោបាយការបរទេសរបស់អាមេរិក មុននឹងរលាយក្លាយជាផេះ នៅក្នុងប្រទេសអ៉ីរ៉ាក់ និងអាហ្វហ្កានីស្ថាន។ Facebook ជាក្រុមហ៊ុនឯកជនមួយ តែច្បាស់ណាស់ក៏ស្ថិតនៅក្រោមយុត្តាធិការរបស់សហរដ្ឋអាមេរិក ដែរ។


*តើអាមេរិកមានទំនួលខុសត្រូវចំពោះពិភពលោកក្នុងការគ្រប់គ្រង Facebook ឬទេ?


បើតាមលោក Eric Posner សភាអាមេរិកគួរតែអនុម័តច្បាប់មួយដែលតម្រូវឱ្យក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមអាមេរិក លះបង់ធនធានរបស់ខ្លួន ដើម្បីតាមដាន និងត្រួតពិនិត្យលើមាតិកាទាំងឡាយដែលត្រូវបានបង្ហោះនៅបណ្ដាញទំនាក់ទំនងសង្គមរបស់ពួកគេនៅឯបរទេស ឱ្យសមាមាត្រទៅនឹង ធនធានដែលពួកគេបានចំណាយលើសកម្មភាពបែបនេះនៅក្នុងសហរដ្ឋអាមេរិក។


លោក Eric Posner បន្ថែមទៀតថាច្បាប់មួយផ្សេងទៀត នោះគឺអនុញ្ញាតឱ្យជនបរទេសដាក់ពាក្យបណ្ដឹងទៅកាន់តុលាការអាមេរិក នៅពេលដែល ក្រុមហ៊ុនបណ្ដេញទំនាក់ទំនងសង្គមអាមេរិកមានជាប់ពាក់ព័ន្ធនឹងការចែកចាយព័ត៌មានបង្កការយល់ច្រឡំ ឬព័ត៌មានមិនពិត និងមាតិការ ឬសារដែល មានបង្កប់អត្ថន័យបង្កឱ្យមានការស្អប់ខ្ពើម ដូចដែលបានកំណត់នៅក្រោមច្បាប់អាមេរិក៕


ប្រភព៖ Project Syndicate (ថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១)

ដោយៈ Fresh News



No comments:

Post a Comment