Thursday, November 04, 2021

លោក គង់ សំអុល ៖ កាកបាទក្រហមកម្ពុជា តែងតែទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះ ទោះនៅទីណាក៏ដោយ

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោក  គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អមដំណើរដោយ លោក គុយ សុផល ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត លោក អម សុភា ប្រធានគណៈកម្មាធិការសាខា និងលោក លោកស្រីសមាជិកសមាជិកាគណៈកម្មាធិការសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ចែកជូនប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នកមានជំងឺរាំរ៉ៃ ចំនួន ១៥០គ្រូសារ (ឃុំត្រពាំងចាន់ ឃុំចក ឃុំពពេល និងឃុំឆ្នុកទ្រូ)។


លោក គង់ សំអុល ក៏បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលកន្លងមកលោកស្រីតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ ទោះនៅទីណាក៏ដោយ។ លោក ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ឲ្យជាប់ជាប្រចាំ  និងសូមថែរក្សាសុខភាពឲ្យបានល្អ ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាលគឺ៣ការពានិង៣កុំអោយបានជាប់ជាប្រចាំដើម្បីជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា។


អំណោយចែកជូនក្នុងមួយគ្រួសាររួមមាន៖ អង្ករ២៥ គីឡូក្រាម  មី១ កេស  ត្រី ខ ១យួរ ឃីត១កញ្ចប់  (មុង១ សារុង១ ក្រមា១ ភួយ១) និងថវិកា ២០.០០០រៀល ។ ដោយឡែក លោក គង់ សំអុល ក៏បានបន្ថែមនូវថវិកាផ្ទាល់ខ្លួន ចំនួន ៥០.០០០រៀល ក្នុងមួយគ្រួសារ លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលបាននៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បន្ថែមនូវថវិកា ចំនួន ៣០.០០០រៀល ក្នុងមួយគ្រួសារ (សរុបក្នុងមួយគ្រួសារទទួលបានចំនួន ១០០.០០០រៀល)៕









No comments:

Post a Comment