Monday, November 29, 2021

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនយូញៀន

កោះកុង÷ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញស្វាគមន៍ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនយូញៀន ដែលបានយល់ព្រមទទួលយកការដោះស្រាយគោលនយោបាយរបស់រាជរដ្ឋាភិបាល។


លោកស្រីអភិបាលខេត្ត បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រទេសជាតិទាំងមូលទទួលបានសន្តិភាព និងស្ថេរភាពនៅទូទាំងប្រទេស និងមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ។ 


ដោយឡែកនៅខេត្តកោះកុង ក្រោមម្លប់សន្តិភាព និងស្ថេរភាពនយោបាយ ខេត្តកោះកុង ទទួលបានសមិទ្ធផលធំៗ មានការវិនិយោគ និងមានការអភិវឌ្ឍលើគ្រប់វិស័យគួរជាទីមោទនៈ។ 


ជាក់ស្តែងក្នុងអំឡុងពេលនៃវិបត្តិឆ្លងរាលដាលជំងឺកូវីដ-១៩នៅទូទាំងពិភពលោក ប្រជាជនកម្ពុជា មានភ័ព្វសំណាង ដោយមានប្រមុខរាជរដ្ឋាភិបាល ដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត បានខិតខំស្វះស្វែងរកថ្នាំបង្ការ ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋ ហើយជាលទ្ធផល ប្រជាជនកម្ពុជាត្រូវបានចាក់ថ្នាំបង្ការជំងឺកូវីដ-១៩បានយ៉ាងច្រើនលើសលុប និងជាប្រទេសលំដាប់ថ្នាក់លេខ១ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ី ដែលបានចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ។ 

ជាមួយគ្នានោះ ប្រជាពលរដ្ឋនៅទូទាំងខេត្តកោះកុង ប្រមាណ៩៣.៧៣% ត្រូវបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានដោយជោគជ័យ ហើយប្រជាពលរដ្ឋនៅទូទាំងខេត្ត ក៏ដូចជាថ្នាក់ដឹកនាំទាំងអស់ សូមគោរពថ្លែងអំណរគុណ និងការដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះការយកចិត្តទុកដាក់ គិតគូរដល់សុខុមាលភាពប្រជាពលរដ្ឋ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល និងសម្តេចពិជ័យសេនា។ 


ដោយមើលឃើញការលំបាករបស់បងប្អូនប្រជាពលរដ្ឋ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងការគិតគូរ របស់សម្តេចពិជ័យសេនា ផ្ទៃដីចំនួន១៥០.០២០,៣៩ (មួយរយហាសិបពាន់ សូន្យរយម្ភៃ ក្បៀសសាមសិប្រាំបួន)ហិកតា ដែលក្នុងនោះផ្ទៃដីចំនួន១២៦.៩២៨,៣៩ (មួយរយម្ភៃប្រាំមួយពាន់ ប្រាំបួនរយម្ភៃប្រាំបី ក្បៀស សាមសិបប្រាំបួន)ហិកតា ត្រូវបានកាត់ឆ្វៀលចេញពីតំបន់ការពារធម្មជាតិ ចំនួន០៨តំបន់ ក្នុងភូមិសាស្ត្រខេត្តកោះកុង តាមរយៈអនុក្រឹត្យលេខ ៣០ អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ និងផ្ទៃដីចំនួន ២៣.០៩២ (ម្ភៃបីពាន់ សូន្យរយ កៅសិបពីរ)ហិកតា ត្រូវបានកាត់ឆ្វៀលចេញពី តំបន់ដី គម្របព្រៃឈើឆ្នាំ២០០២ និងតំបន់ដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ហ្រ្គីនរិចគ្រុប ក្នុងភូមិសាស្ត្រខេត្តកោះកុង តាមរយៈអនុក្រឹត្យលេខ៤៦ អនក្រ.បក ចុះថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២១ ដើម្បីធ្វើប្រទានកម្មជាកម្មសិទ្ធជូនប្រជាពលរដ្ឋនិងដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងសង្គមសម្រាប់បម្រើផលប្រយោជន៍សាធារណៈ។ 


បច្ចុប្បន្ននេះក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរអង្គភាពពាក់ព័ន្ធ បាននឹងកំពុងខិតខំប្រឹងប្រែងដោះស្រាយតាមនីតិវិធីច្បាប់ដើម្បីធ្វើប្រទានកម្មជាកម្មសិទ្ធជូនប្រជាពលរដ្ឋ និងដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងសង្គម សម្រាប់បម្រើផលប្រយោជន៍សាធារណៈ។


ចាប់ពីខែកញ្ញា ឆ្នាំ២០២១ ក្រុមការងាររបស់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងក្រុមការងាររបស់រដ្ឋបាលខេត្តកោះកុង បានខិតខំចុះមកសម្របសម្រួលដោះស្រាយជាមួយប្រជាពលរដ្ឋតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយថ្ងៃនេះ មានប្រជាពលរដ្ឋ ចំនួន១,១០២គ្រួសារ បានយល់ព្រមទទួលយកការដោះស្រាយតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយនាងខ្ញុំសូមគោរពថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋទាំង១,១០២គ្រួសារនេះ ដែលបានយល់ព្រមទទួលយកនូវការដោះស្រាយ ហើយលោកស្រីក៏សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋមួយចំនួនតូចដែលនៅសេសសល់ពុំទាន់យល់ព្រមទទួលយកនូវការដោះស្រាយ នឹងពិចារណាហើយយល់ព្រមទទួលយកការដោះស្រាយដូចបងប្អូនប្រជាពលរដ្ឋទាំង ១,១០២គ្រួសារនេះដែរ។  

ក្នុងនោះ លោកស្រីអភិបាលខេត្ត ក៏សូម ស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តខិតខំអនុវត្តវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនដើម្បីចូលរួមទប់ស្កាត់កុំឲ្យមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ដល់ខ្លួនឯង ដល់គ្រួសារ និងដល់សហគមន៍៕






No comments:

Post a Comment