Monday, October 18, 2021

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យស្ថានភាពទឹកស្ទឹងពោធិ៍សាត់ ដែលកំពុងហក់ឡើងយ៉ាងគំហុក ក្នុងកម្រិតមួយជិតប្រកាសអាសន្ន

ពោធិ៍សាត់៖ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ បានដឹកនាំកម្លាំង ចុះពិនិត្យស្ថានភាពទឹកស្ទឹងពោធិ៍សាត់ ត្រង់ចំណុចមុខសាលាខេត្ត កោះសំពៅមាស និងសួនច្បារថ្មីពោធិ៍សាត់ ដែលបច្ចុប្បន្នទឹកកំពុងហក់ឡើងយ៉ាងគំហុក ក្នុងកម្រិតមួយជិតប្រកាសអាសន្ន។

ក្នុងឱកាសនៃការចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនេះផងដែរ ក្នុងនាមអាជ្ញាធរខេត្ត លោក ជាវ តាយ បានត្រៀមរួចជាស្រេច នូវវិធានការសរុប មធ្យោបាយសរុប ដើម្បីឆ្លើយតបបានទាន់ពេលវេលា ក្នុងករណីមានគ្រោះមហន្តរាយណាមួយកើតឡើង ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

លោក ជាវ តាយ បន្ថែមថា ទោះបីស្ថានភាពទឹកពុំទាន់ស្ថិតក្នុងស្ថានភាពប្រកាសអាសន្នក៏ពិតមែន ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តមសូមបួងសួងដល់វត្ថុសាកសិទ្ធិនៅក្នុងខេត្ត សូមបញ្ជៀសទឹកនេះកុំឱ្យលិចលង់នៅក្នុងខេត្ត និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ដែលកំពុងជន់លិចនេះ ពិសេសប្រុងប្រយ័ត្នចំពោះកុមារតូចៗ និងរក្សាអនាម័យឱ្យបានត្រឹមត្រូវ។ ជាងនេះទៅទៀតអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់តាមដាន ក្តាប់ព័ត៌មានអំពីសភាពការណ៍គ្រោះធម្មជាតិ ស្ថានភាពរបស់ប្រជាពលរដ្ឋ ត្រៀមមធ្យោបាយអន្តរាគមន៍បានទាន់ពេលវេលា។

បើតាមលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹកខេត្ត បានឱ្យដឹងថា ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ គិតត្រឹមម៉ោង ៥ និង០០នាទីល្ងាចនេះ មានកម្ពស់ ៤.៨៨ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៥ម៉ែត្រ), ស្ទឹងក្រវាញ មានកម្ពស់ ២.៣៦ (កម្ពស់ប្រកាសអាសន្ន ៦ម៉ែត្រ) និងស្ទឹងវាលវែង មានកម្ពស់ ២.១៥ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៩ម៉ែត្រ)។ ចំពោះស្ថានភាពទឹកតាមដងស្ទឹងពោធិ៍សាត់ នៅស្រុកភ្នំក្រវាញ ទឹកស្ទឹងចាប់ផ្តើមស្រកចុះជាបន្តបន្ទាប់ ដោយឡែកនៅក្រុងពោធិ៍សាត់ ទឹកស្ទឹងបានចាប់ផ្តើមស្រកចុះ កម្ពស់០.០៥ម៉ែត្រ។ លោកប្រធានមន្ទីរបានបន្ថែមថា បើសិនស្ថិតក្នុងស្ថានភាពណាមួយ តម្រូវឱ្យប្រកាសអាសន្ន ក្នុងនាមមន្ទីរជំនាញ លោកនឹងធ្វើសេចក្តីជូនដំណឹងដល់សាធារណជនឱ្យបានជ្រាប។ ជាមួយគ្នានោះ លោកក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅរ៉បមាត់ស្ទឹងខាងលើ សូមមានការប្រុងប្រយ័ត្នខ្ពស់ និងថែទាំ ទុកដាក់កូនចៅ សត្វពាហៈនៈឱ្យបានត្រឹមត្រូវ ជៀសវាងមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ៕




No comments:

Post a Comment