Friday, October 01, 2021

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង៖ កម្ពុជាសង្ឃឹមថា បញ្ហានាវាមុជទឹកនុយក្លេអ៊ែរនៅអូស្រ្ដាលី នឹងមិនបណ្ដាលឲ្យមានការរត់ប្រណាំងអាវុធនុយក្លេអ៊ែរ ក្នុងតំបន់អាស៉ីទេ



(ភ្នំពេញ)៖ បញ្ហានាវាមុជទឹកនុយក្លេអ៊ែរនៅប្រទេសអូស្រ្ដាលី (AUKUS) ថ្មីៗនេះ នឹងមិនបណ្ដាលឲ្យមានការរត់ប្រណាំងអាវុធនុយក្លេអ៊ែរ នៅក្នុងតំបន់អាស៉ីនោះទេ។ នេះបើតាមការលើកឡើងរបស់ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក្នុងឱកាសអនុញ្ញាតឲ្យលោក ប៉ាប្លូ កាង (Pablo Kang) ឯកអគ្គរដ្ឋទូតអូស្រា្តលីប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

សហរដ្ឋអាមេរិក អង់គ្លេស និងអូស្រ្តាលី កាលពីពេលថ្មីៗនេះ បានប្រកាសពីភាពជាដៃគូសន្តិសុខថ្មីមួយហៅថា AUKUS ដែលក្នុងនោះ អាមេរិកនិងអង់គ្លេស នឹងជួយអូស្រ្តាលីផលិតនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ។ ដូច្នេះហើយ អូស្រ្តាលីក៏បានសម្រេចលុបចោល កិច្ចព្រមព្រៀងដែលខ្លួនបានចុះកាលពីឆ្នាំ២០១៦ ដើម្បីទិញនាវាមុជទឹកធម្មតាចំនួន១២គ្រឿង ពីប្រទេសបារាំង។ ចំណែកបារាំងវិញ បានខឹងសម្បារជាខ្លាំង ដោយបានកោះហៅទូតរបស់ខ្លួន នៅសហរដ្ឋអាមេរិកនិងអូស្រ្តាលី ទៅកាន់ប្រទេសវិញភ្លាមៗផងដែរ។

ក្នុងឱកាសជំនួបពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង គឺលោក ប៉ាប្លូ កាង បានលើកថា នៅពេលអនាគតឆាប់ៗខាងមុខនេះ អូស្ត្រាលីនឹងផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ប៉ុន្ដែមិនបំពាក់អាវុធនុយក្លេអ៊ែរនោះទេ។

ចំពោះបញ្ហាសមុទ្រចិនខាងត្បូង លោកឯកអគ្គរដ្ឋទូត បានជំរុញឲ្យគ្រប់ភាគីជម្លោះទាំងអស់ដោះស្រាយតាមច្បាប់អន្ដរជាតិ UNCLO ហើយអំពីបញ្ហានៅប្រទេសមីយ៉ាន់ម៉ា លោកបានលើកយកឧទាហរណ៍របស់កម្ពុជា ក្នុងការដោះស្រាយជម្លោះក្រោមគោលនយោបាយឈ្នះ-ឈ្នះ «របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា» ដើម្បីជួយដោះស្រាយវិបត្តិបនៅប្រទេសនេះ។ ដោយសារឆ្នាំក្រោយកម្ពុជាធ្វើជាប្រធានអាស៊ាន លោកឯកអគ្គរដ្ឋទូតបានលើកថា បេសកជនពិសេសរបស់កម្ពុជាមានតួនាទីសំខាន់ណាស់។

ឆ្លៀតក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណកម្ពុជាដែលបានគាំទ្រកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាស៊ាន-អូស្ដ្រាលីលើកទី១ ដែលគ្រោងប្រព្រឹត្តិទៅនៅខែតុលា ឆ្នាំ២០២១នេះ។

ចំណែកឯឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានថ្លែងអំណរគុណអូស្រ្តាលី ដែលតែងតែបានផ្តល់ជំនួយមកកម្ពុជា និងអាស៊ាន ជាពិសេសការទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 ។ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន លើកទី៣ នៅឆ្នាំ២០២២ កម្ពុជានឹងផ្តល់អាទិភាពលើការពង្រឹងឯកភាពអាស៊ានតួនាទីស្នូល របស់អាស៊ាន និងធានារក្សាឱ្យបាននូវ សន្តិភាព និងស្ថិរភាពក្នុងតំបន់ ព្រមទាំងដើម្បីពង្រឹងនិម្មាបនកម្មតំបន់អាស៊ាន។

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបង្ហាញក្តីសង្ឃឹមថាអាស៊ាន និងចិនអាចសំរេចបាន «ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង(COC)» ដើម្បីចៀសវាងជម្លោះនៅសមុទ្រចិនខាងត្បូង។ ក្នុងឱកាសកិច្ចប្រជុំកំពូលនេះដែរ អាស៊ានអាចនឹងចេញសេចក្ដីរំលឹកខួបអនុស្សាវរីយ៍ ២០ឆ្នាំនៃ «សេចក្ដីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្ដាភាគីនៅសមុទ្រចិនខាងត្បូង(DOC)»។ លោកឧបនាយករដ្ឋមន្ត្រី បានពន្យល់ពីការខិតខំរបស់កម្ពុជានៅឆ្នាំ២០០២ ពេលកម្ពុជាធ្វើជាប្រធានអាស៊ានលើកទី១ សម្រេចបាន DOC ដើម្បីចៀសវាងជម្លោះនៅសមុទ្រចិនខាងត្បូង ដែលសព្វថ្ងៃ ២០ឆ្នាំក្រោយភាគីពាក់ព័ន្ធនៅតែទាមទារអនុវត្តន៍ DOC នេះ ឲ្យបានពេញលេញ។

លោកបន្តថា នៅឆ្នាំ២០១២ ពេលកម្ពុជាធ្វើប្រធានអាស៊ានលើកទី២ យើងខិតខំឲ្យមានការចាប់ផ្ដើម ការចរចា «កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់» ដែលពាក្យកាត់ហៅថា RCEP ដែលមានប្រទេសអាស៊ានទាំង10 និងអូស្រ្តាលី ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ និងណូវែលហ្សេឡង់។ RCEP នឹងផ្តល់ផលប្រយោជន៍ដ៏មានសក្តានុពលក្នុងធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចកាន់តែស៉ីជម្រៅរវាងបណ្តាប្រទេសដែលចូលរួម RCEP នេះ ដើម្បីឱ្យធុរកិច្ចអាចដំណើរការកាន់តែប្រកបដោយប្រសិទ្ធិភាព និងសមត្ថភាព ទូទាំងតំបន់។

ចំពោះបញ្ហាសមុទ្រចិនខាងត្បូង លោកឧបនាយករដ្ឋមន្ត្រី បានលេីកឡេីងថា កម្ពុជាយល់ឃើញថា សមុទ្រចិនខាងត្បូងគួរជា សមុទ្រប្រកបដោយសន្តិភាព និងស្ថិរភាព ដោយមានសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរ នៅតំបន់សមុទ្រចិនខាងត្បូង។ បណ្តាប្រទេសដែលទាមទារអធិបតេយ្យភាពក្នុងសមុទ្រចិនខាងត្បូង គួរតែដោះស្រាយបញ្ហាទាមទារអធិបតេយ្យភាពដោយសន្ដិភាពស្របតាមច្បាប់អន្ដរជាតិ។ សង្ឃឹមថាអាស៊ាននិងចិនបន្តការចរចា ដើម្បីសំរេចបាន COC ក្នុងពេលឆាប់ៗ ដែលការចរចាបានសម្រេចជិតបញ្ចប់ហើយ។

ចំពោះបញ្ហាឥណ្ឌូ-ប៉ាស៉ីហ្វិក លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកថា កម្ពុជាគំាទ្រ ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៉ីហ្វិក (ASEAN Outlook on Indo-Pacific) ដើម្បីធានានូវសន្តិភាព ស្ថេរភាព និងសន្តិសុខ ក្នុងតំបន់និងជាគំនិតផ្ដួចផ្ដើមបរិយាប័ន្ន និងបំពេញបន្ថែមលើនិម្មាបនកម្មតំបន់អាស៊ាន(ASEAN Regional Architecture)៕







No comments:

Post a Comment