Wednesday, October 27, 2021

ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ត្រូវតែមានគុណភាពខ្ពស់ស្របតាមកិច្ចសន្យា បើមិនធ្វើតាមកិច្ចសន្យានឹងត្រូវឱ្យកែសម្រួលឡើងវិញ

សៀមរាប÷ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តសៀមរាប លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន៣៨ខ្សែនៅក្រុងខេត្តសៀមរាប ជាមួយអង្គភាពសាងសង់ ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈម សំណូមពរ ក៏ដូចជាផ្ដល់អនុសាសន៍នានា ដើម្បីធានាឲ្យសំណង់មានគុណភាពខ្ពស់ស្របតាមបទដ្ឋានបច្ចេកទេសក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការនិងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង គណៈអភិបាលខេត្ត ប្រធានគណៈកម្មាការខេត្ត អង្គភាពសាងសង់ ក្រុមការងារត្រួតពិនិត្យបច្ចេកទេស មន្ត្រីជំនាញបច្ចេកទេស ក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។ 

ជាមួយគ្នានេះ កិច្ចប្រជុំក៏បានធ្វើបទបង្ហាញទាក់ទងនឹងបញ្ហាបច្ចេកទេស បញ្ហាប្រឈម និងសំណូមពររបស់ក្រុមទទួលបន្ទុកការងារសាងសង់នីមួយៗ សំដៅស្វែងរកដំណោះស្រាយ ក៏ដូចជាផ្ដល់អនុសាសន៍នានា ដើម្បីធានាឲ្យកិច្ចដំណើរការសាងសង់ផ្លូវទាំង៣៨ខែ្សនេះ ប្រកបដោយគុណភាពខ្ពស់ ស្របតាមបទដ្ឋាន ស្តង់ដាបច្ចេកទេស និងសៀវភៅបន្ទុកធ្វើឲ្យបានរឹងមាំជាប់គង់វង្សយូរអង្វែង។ 

ក្នុងនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះអង្គភាព សាងសង់ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនដោយយកចិត្តទុកដាក់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងបានផ្ដាំផ្ញើឲ្យភាគីពាក់ព័ន្ធទាំងអស់ មានកិច្ចសហការ និងពិភាក្សាគ្នារិះរកបច្ចេកទេសល្អៗ ដើម្បីសាងសង់សង់ផ្លូវទាំង៣៨ខ្សែនេះ ឲ្យកាន់តែមានគុណភាពខ្ពស់ ម្យ៉ាងទៀតក្នុងករណីការសាងសង់ កន្លងមកមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ត្រូវកែសម្រួលឲ្យត្រូវតាមបទដ្ឋានបច្ចេកទេសឡើងវិញ។

តាមការបញ្ជាក់របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងសៀមរាបនេះ គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ឬ រយៈពេលជាង ១១ខែ សម្រេចបាន៨៦%នៃទំហំការងារសរុប (២% លឿនជាងផែនការ) 

គម្រោងនេះគ្រោងបញ្ចប់ការស្ថាបនា នៅចុងខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។

គួរកត់សម្គាល់ផងដែរថា៖ បញ្ហាប្រឈមនៅរដូវធ្លាក់ភ្លៀង និងវិបត្តិនៃជំងឺកូវីដ-១៩ មិនមែនជាបញ្ហាក្នុងអំឡុងសាងសង់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ព្រមទាំងមិនធ្វើឲ្យប៉ះពាល់ដល់ដំណើរការអង្គភាពសាងសង់ឡើយ ដោយហេតុថាគ្រប់ អង្គភាពទាំងអស់ បានអនុវត្តទៅតាមវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ ៣ការពារ និង សេចក្តីណែនាំរបស់ ក្រសួងសុខាភិបាលបានខ្ជាប់ខ្ជួន និងខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនយ៉ាងសកម្ម ដើម្បីជំរុញការងារស្ថាបនាឲ្យសម្រេចតាមផែនការដែលបានគ្រោងទុក៕







No comments:

Post a Comment