Thursday, September 30, 2021

អ្នកវិភាគចៅចាក់ស្មុក៖ សហរដ្ឋអាមេរិកជាគ្រូគង្វៀលលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដែលភ្លេចឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ជំងឺខ្លួនឯង

(ភ្នំពេញ)៖ រដ្ឋសភាសហរដ្ឋអាមេរិកដែលដិតដាមដោយរូបភាពអំពើ ហិង្សាអំឡុងពេលកុបករគាំទ្រលោកប្រធានាធិបតី ដូណាល់ ត្រាំ សម្រុកចូលកាន់កាប់យ៉ាងអនាធិបតេយ្យ និងជានិមិត្តរូបនៃការបែកបាក់សង្គម និងគំរូអាក្រក់នៃលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សរបស់មហាអំណាច បានអនុម័តសេចក្តីស្នើច្បាប់ស្តីពី លទ្ធិប្រជាធិបតេយ្យ កម្ពុជាដើម្បីដាក់ទណ្ឌកម្ម លើមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាដែលស្នើឡើង ដោយតំណាងរាស្ត្រ ២ នាក់ដែលលុះដោយអគតិនិងជាអ្នកស្និទ្ធខ្លាំង និងផ្តល់ការគាំទ្រលើក្រុមជនក្បត់ជាតិដោយចោទថាមន្ត្រីរដ្ឋាភិបាលកម្ពុជារំលោភសិទ្ធិមនុស្ស និងសម្លាប់ប្រជាធិបតេយ្យ។ សេចក្តីព្រាងច្បាប់ដែលអនុម័តកាលពីថ្ងៃទី២៨ ខែកញ្ញានេះនឹងត្រូវបញ្ជូនបន្តទៅព្រឹទ្ធសភាដើម្បីអនុម័ត។



សំណើច្បាប់តែមួយដូចគ្នានេះធ្លាប់ត្រូវបានព្រឹទ្ធសភាអាមេរិកមិនបានឆ្លងនិងអនុម័តម្តងរួចមកហើយកាលពីឆ្នាំកន្លងទៅ។ ជាសេចក្តីស្នើច្បាប់មួយដែលរៀបចំឡើង ក្នុងចេតនាទុច្ចរិតប្រឆាំង នឹងថ្នាក់ដឹកនាំនិងមន្ត្រីកម្ពុជា ហើយក៏ជាសេចក្តីស្នើច្បាប់ដើម្បីសងសឹកនឹងកម្ពុជាដែលបានចាត់វិធានការស្របតាមនីតិវិធីច្បាប់ត្រឹមត្រូវប្រឆាំង នឹងអង្គការចាត់តាំងនយោបាយបដិវត្តន៍ពណ៌ និងដកសិទ្ធិធ្វើនយោបាយរបស់ក្រុមមេដឹកនាំប្រតិបត្តិករបដិវត្តន៍ពណ៌ និងក្រុមឧបឃាដដែលជា កូនជឹងនយោបាយរបស់ពួកគេ។ ជាងនេះច្បាប់នេះត្រូវបាន គេមើលឃើញថាជាការបម្រើឱ្យរបៀបវារៈភូមិសាស្ត្រ នយោបាយរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងចិននៅក្នុង យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន។

តើកម្ពុជាពិតជាបានរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យដូចគេចោទប្រកាន់មែនឬ? គឺមានតែក្រុមជនអគតិប៉ុណ្ណោះដែលបានមើលកម្ពុជាក្នុងក្រសែភ្នែកអវិជ្ជមាន ដោយធ្វើជាមិនឃើញកិច្ចខិតខំប្រឹងប្រែងរបស់ កម្ពុជាក្នុងការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ និងធ្វើការលាបពណ៌តាមរបៀបវារៈនយោបាយពួកគេ។ កម្ពុជាមានសេរីភាពសារព័ត៌មានល្អជាងគេក្នុងអាស៊ាន ដែលជាឋានសួគ៌នៃក្រុមប្រឆាំង។ កម្ពុជាបានគោរពសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ និងសិទ្ធិសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ហើយលំហប្រជាធិបតេយ្យមានយ៉ាងទូលំទូលាយបំផុត។

តែកាលដែលប្រទេសអមិត្តមួយចំនួនថាកម្ពុជារំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យគ្រាន់តែជាការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា និងរកលេសប្រឆាំងនឹងកម្ពុជា គាប់សង្កត់កម្ពុជាដើម្បីបម្រើផលប្រយោជន៍របស់ខ្លួនដូចដែលគេធ្លាប់បានធ្វើនៅតាមបណ្តាប្រទេសមួយចំនួន។ ដោយសារតែពួកគេដឹងថា កម្ពុជាប្រកាន់គោលជំហររឹងមាំក្នុងនយោបាយការទូតដោយមិនយកប្រទេសណាមួយជាសត្រូវ និងប្រកាន់គោលជំហរអព្យាក្រឹត្យមិន ចូលបក្ខាម្ព័ន្ធ និងជានយោបាយផ្កាចម្រុះពណ៌ ពួកគេព្យាយាមក្នុងការទាញកម្ពុជាឱ្យងាកចេញពីគោលនយោបាយសន្តិសហវិជ្ជមាននេះដូចដែលពួកគេធ្លាប់ ធ្វើមកលើកម្ពុជាកាលពីអតីតកាលដូច្នេះដែរ។ ម្យ៉ាងទៀតពួកគេទំនងឈឺចាប់ខ្លាំងនៅពេលឃើញផែនការដ៏ខ្មៅងងឹតរបស់ខ្លួនត្រូវបានបំផ្លាញ ហើយកូនជឹងរបស់ខ្លួនត្រូវបាន ជាប់ទ្រុងដោយសារតែភ្លាត់ស្នៀត ហើយពាក្យសារភាពរបស់អតីតប្រធានគណបក្សសង្គ្រោះជាតិនិយាយទៅកាន់អ្នកគាំទ្រខ្លួននៅប្រទេសអូស្ត្រាលីឆ្នាំ២០១៣ ជាសក្ខីកម្មស្រាប់។

ពិតជាគួរឱ្យសោកស្តាយបំផុតដែលអ្នកតំណាងរាស្ត្រនៃ ប្រទេសមហាអំណាចមួយធ្វើទង្វើដ៏អយុត្តិធម៌មកលើមន្ត្រីកម្ពុជា ដើម្បីបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយ និងសងសឹកឱ្យក្រុមខ្លួន ខណៈថ្នាក់ដឹកនាំនិងមន្ត្រី ដែលពួកគេចោទដោយគ្មានមូលដ្ឋាននេះជាអ្នកដែលបានយកជីវិតធ្វើជាដើមទុនដើម្បីសង្គ្រោះជីវិតប្រជាជន និងជាតិកម្ពុជាទាំងមូលពីមហាឧក្រិដ្ឋកម្មនៃរបបខ្មែរក្រហម ថែមទាំងបានពន្លត់ភ្នក់ភ្លើងសង្គ្រាមនាំយកសុខសន្តិភាពពេញលេញជូនជាតិមាតុភូមិ។

ពួកគេកំពុងតែដើរ បញ្ច្រាសគោលការណ៍លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិ មនុស្សដោយរៀបចំច្បាប់ប្រឆាំងនឹងអ្នកដែលលើក តម្កើងសិទ្ធិមនុស្សលទ្ធិប្រជាធិបតេយ្យ លើកតម្កើងសិទ្ធិរស់រានមានជីវិត អ្នកអភិវឌ្ឍន៍ជាតិ និងប្រឆាំងនឹងអ្នកការពារប្រជាជនទៅវិញ។ កាលដែលតំណាងរាស្ត្រអាមេរិកបង្កើតច្បាប់ប្រឆាំងកម្ពុជា ដែលចាត់វិធានការប្រឆាំង នឹងក្រុមជនក្បត់ជាតិ គឺមានន័យស្មើនឹងការគាំទ្រឱ្យមានអំពើក្បត់ជាតិ និងគាំទ្រឱ្យមានការអនុវត្តផែនការបដិវត្តន៍ពណ៌ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងឡើងកាន់អំណាច មិនតាមបែបប្រជាធិបតេយ្យ។ តាមពិតទៅក្រុមតំណាង រាស្ត្រអាមេរិកគួរតែក្រឡេកមើលសហរដ្ឋអាមេរិកខ្លួនឯង ផង មុននឹងចោទគេថាមិនគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។

តំណាងរាស្ត្រអាមេរិកទាំងនេះគ្មានភាពក្លាហានគ្រប់គ្រាន់ក្នុងការពិនិត្យមើលប្រទេសខ្លួនឯងរំលោភសិទ្ធិមនុស្សឡើយ។ ដោយមិននិយាយពីការប្រកាន់ពូជសាសន៍ និង បញ្ហាផ្ទៃក្នុងផ្សេងៗរបស់សហរដ្ឋអាមេរិក តើតំណាងរាស្ត្រទាំងនេះមានដែលបានគិតទេថា រដ្ឋការអាមេរិកបានទម្លាក់គ្រាប់បែកប្រមាណ ៣ លានតោនក្នុងទសវត្សរ៍ឆ្នាំ១៩៦០ និង៧០ ជាការរំលោភសិទ្ធិមនុស្ស ហើយសូម្បីពាក្យសុំទោសមួយម៉ាត់ក៏មិនបាននិយាយចំពោះជនជាតិខ្មែរ ហើយថែមទាំងទារឱ្យសងសំណងកខ្វក់ ថែមទៀតផង។ តើតំណាងរាស្ត្រទាំងនេះមានបានចោទ សួរពីការរំលោភសិទ្ធិមនុស្សរបស់អាមេរិកនៅក្រៅ ប្រទេសទេដូចជានៅអ៊ីរ៉ាក់ អាហ្វហ្គានីស្ថានជាដើម។

ក្រុមតំណាងរាស្ត្រទាំងនេះបានបិទភ្នែកធ្វើមិនឃើញនូវទង្វើរំលោភសិទ្ធិប្រទេសដទៃ និងធ្វើមិនឃើញពីការប្រព្រឹត្ត អំពើឧក្រិដ្ឋកម្មរបស់ខ្លួន។ ប៉ុន្តែពួកគេបានតាមចាប់កំហុស ឬប្រឌិតរឿងផ្សេងៗដើម្បីលាបពណ៌មកលើប្រទេសផ្សេងដែលពួកគេគិតថាមិនដើរតាមបន្ទាត់នយោបាយ ឬមិនបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់ ពួកគេ។ ពួកគេគួរយកពេលវេលាកែសម្អស្ថានភាពក្នុង ប្រទេសខ្លួនឱ្យបានល្អជាមុនសិន ហើយគួរពិនិត្យថាតើ នៅលើទឹកដីអាមេរិកអស់ហើយឬនៅការរើសអើងប្រកាន់ពូជសាសន៍ តើមានការគោពសិទ្ធិមនុស្សល្អឥតខ្ចោះ ហើយឬនៅ? អ្វីដែលគេមើលឃើញ តាមពិតសហរដ្ឋអាមេរិកគ្មានអ្វីខុសគេឡើយលើការគោរពសិទ្ធិមនុស្ស ហើយពេលខ្លះអាក្រក់ជាងកម្ពុជាទៅទៀតជាពិសេសការរើសអើងជាតិសាសន៍។ ក្រុមតំណាងរាស្ត្រនេះមិនបានគិតថាសហរដ្ឋអាមេរិកជាប្រទេសបិតាប្រជាធិបតេយ្យ តែឡាំប៉ាលើលទ្ធផលបោះឆ្នោតរហូតដល់បង្កើតជាអំពើហិង្សាកុបករកាន់កាប់រដ្ឋសភា។

ដូច្នេះសហរដ្ឋអាមេរិកដែលជាគ្រូគង្វៀលលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សគួររៀនឆ្លុះកញ្ចក់មើលខ្លួនឯងជាមុនសិន ហើយងូតទឹក ដុះក្អែល ព្យាបាល វះកាត់ខ្លួនឯងជាមុនសិន ចាំមកប្រដៅគេ។ សហរដ្ឋអាមេរិកតាំងខ្លួនជាអ្នកអប់រំអ្នកដទៃ តែមិនខិតខំអប់រំខ្លួនឯង។ សហរដ្ឋអាមេរិកឃើញកំហុសអ្នកដទៃ តែមិនឃើញកំហុសខ្លួនឯង។ សហរដ្ឋអាមេរិកដឹងរឿងអ្នកដទៃ មិនដឹងរឿងខ្លួនឯង ហើយសហរដ្ឋអាមេរិកឈ្នះអ្នកដទៃ តែមិនឈ្នះខ្លួន។ កម្ពុជាជារដ្ឋឯករាជ្យ មានអធិបតេយ្យភាពជាតិ បូរណភាពដែនដីដែលជាតិនិងប្រជាជនកម្ពុជាបានរួមសាមគ្គីការពារជាដាច់ខាត។

ក្រុមជនក្បត់ជាតិនិងចៅហ្វាយនាយបរទេសពួកគេបាននិងកំពុងព្យាយាមបំផ្លាញកម្ពុជាគ្រប់មធ្យោបាយ តែជាតិនិងប្រជាជនកម្ពុជានៅតែមានភាពរឹងមាំ និងក្រោកឈរការពារជាតិ និងប្រឆាំងដាច់ខាតរាល់ឧបាយកលទុច្ចរិតបំផ្លាញកម្ពុជា៕

ដោយ៖ ចៅចាក់ស្មុក

រាជធានីភ្នំពេញ, ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១




No comments:

Post a Comment