Sunday, August 15, 2021

សហរដ្ឋអាមេរិក មានផែនការជម្លៀសមន្ត្រីស្ថានទូតរបស់ខ្លួនទាំងអស់ ចេញពីអាហ្វហ្កានីស្ថាន ក្នុងពេល ៧២ម៉ោង, នេះបើតាម CNN

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកមានផែនការដកបុគ្គលិកទូតស្ថានទូតទាំងអស់ ក្នុងនោះរួមមានទាំងមន្ត្រីការទូតកំពូលរបស់ខ្លួនប្រចាំទីក្រុងកាប៊ុល ចេញពី ប្រទេសអាហ្វហ្កានីស្ថាន ក្នុងរយៈពេល ៧២ម៉ោងខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១។


សារព័ត៌មាន CNN ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានឱ្យដឹងទៀតថាការបង្កើនលឿនដកមន្ត្រីទូតអាមេរិកនេះ ត្រូវបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ ហើយស្ថានភាពនេះទៀតសោតក៏ត្រូវបានក្រុមមន្ត្រីសន្តិសុខនៃក្រសួងការបរទេសអាមេរិក រំពឹងទុកជាមុនថានឹងកើតឡើងផងដែរ បន្ទាប់ពី

ក្រុមតាលីបង់វាយដណ្ដើមកាន់កាប់ទឹកដីកាន់តែច្រើនកាលពីប៉ុន្មានថ្ងៃមុននេះ។

បើតាមប្រភពដដែល មន្ត្រីទូតអាមេរិកភាគច្រើននឹងត្រូវធ្វើដំណើរទៅកាន់អាកាសយានដ្ឋានទីក្រុងកាប៊ុល ដើម្បីជិះយន្ដហោះធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកវិញ រីឯមន្ត្រីទូតសំខាន់ៗមួយចំនួនតូច ក្នុងនោះរួមមានមន្ត្រីទូតកំពូលអាមេរិកប្រចាំប្រទេសអាហ្វហ្កានីស្ថាន នឹងបន្តស្ថិតនៅឯអាកាសយានដ្ឋានទីក្រុងកាប៊ុល ចាប់ពីពេលនេះតទៅ ជាការត្រៀមលក្ខណៈចាកចេញ។ នេះមានន័យថាស្ថានទូតអាមេរិកប្រចាំទីក្រុងកាប៊ុលអាចនឹងត្រូវបានបិទទ្វារ យ៉ាងយូរនៅថ្ងៃអង្គារសប្ដាហ៍ ក្រោយនេះ។ នេះបើតាមប្រភពដែលប្រាប់ CNN។

គួរបញ្ជាក់ថា ខាងក្រសួងការបរទេសអាមេរិក មិនទាន់បានធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ ប៉ុន្តែមន្ត្រីការទូតជាន់ខ្ពស់អាមេរិកកាលពីប៉ុន្មានថ្ងៃមុននេះ បានបញ្ជាក់ថា សហរដ្ឋអាមេរិកគ្មានផែនការបិទស្ថានទូតក្នុងទីក្រុងកាប៊ុលឡើយ៕ ដោយ Freshnews

No comments:

Post a Comment