Thursday, August 05, 2021

លោក ហ៊ុន ម៉ានិត ចុះពិនិត្យមើលតាមមណ្ឌលចត្តាឡីស័ក ដែលទទួលពលករមកពីប្រទេសថៃ នៅខេត្តប៉ៃលិន

ប៉ៃលិន៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ លោក ហ៊ុន ម៉ានិត អគ្គនាយកស្រាវជ្រាវ​ចារកិច្ចក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក អមដំណើរដោយក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលតាមមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជម្ងឺកូវីដ-១៩ នៅក្នុងខេត្តប៉ៃលិន ដែលកំពុងទទួលពលករមកពីប្រទេសថៃ ដើម្បីទប់ស្កាត់ការចម្លងជម្ងឺកូវីដ-១៩ បម្លែងថ្មី Delta។

ក្នុងឱកាសអញ្ជើញទទួលស្វាគមន៍ដំណើររបស់លោក ហ៊ុន ម៉ានិត និងក្រុមការងារ លោកស្រីបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្ត បានធ្វើរបាយការណ៍ថា៖ ដោយមានការចូលរួមយ៉ាងសស្រាកសស្រាំពីសំណាក់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ បច្ចុប្បន្នខេត្តប៉ៃលិន បានរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលសម្រាប់ព្យាបាលជម្ងឺកូវីដ-១៩ តាមលក្ខណៈស្តង់ដារតែមួយ ដែលមានសម្ភារះប្រើប្រាស់ ប្រព័ន្ធទឹកប្រព័ន្ធភ្លើង និងបង្គន់អនាម័យ ព្រមទាំងផ្គត់ផ្គង់អាហារ ៣ពេល ជាច្រើនទីតាំង សម្រាប់ទទួលបងប្អូនពលករមកពីប្រទេសថៃ តាមរយៈភូមិសាស្ត្រខេត្តប៉ៃលិន និងជួយទទួលមកពីបណ្តាខេត្តនានា ជាប់ព្រំដែនកម្ពុជា-ថៃផងដែរ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងធ្វើចត្តាលីស័ក បានសម្ដែងនូវការកោតសរសើរចំពោះរដ្ឋបាលខេត្តប៉ៃលិន ក្រោមការដឹកនាំរបស់លោកស្រី បាន ស្រីមុំ និងថ្នាក់ដឹក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានរួមគ្នារៀបចំទីតាំងមណ្ឌលសម្រាប់ទទួលបងប្អូនប្រជាពលករ ត្រលប់មកពីប្រទេសថៃ និងមកពីបណ្ដាខេត្តផ្សេងៗ ធ្វើចត្តាលីស័ក និងព្យាបាលជំងឺកូវីដ-១៩ ប្រកបដោយផាសុខភាព។

លោក ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក និងកំពុងព្យាបាលជំងឺកូវីដ-១៩ នៅក្នុងខេត្តប៉ៃលិនទាំងអស់ត្រូវមានការអត់ធ្មត់ និងខិតខំថែទាំសុខភាព ព្រមទាំងស្ដាប់តាមការណែនាំរបស់ប្រធានមណ្ឌលនីមួយៗ និងការណែនាំរបស់ក្រសួងសុខាភិបាល ក៍ដូចជាវិធានការនានារបស់រដ្ឋបាលខេត្តប៉ៃលិន ព្រោះនៅក្នុងអំឡុងពេលនេះ ប្រទេសកម្ពុជាយើងកំពុងមានការឆ្លងរីករាលដាលនៃជំងឺកូវី-១៩ ជាពិសេសប្រភេទ ជំងឺកូវី-១៩បម្លែងថ្មី Delta ដែលកំពុងតែរីករាលដាលនៅក្នុងប្រទេស ហើយភាគច្រើនគឺនាំចូលតាមរយៈពលករវិលត្រលប់មកពីប្រទេសថៃ។

នៅក្នុងឱកាសនោះផងដែរ លោក ហ៊ុន ម៉ានិត បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងម្លាំងសមត្ថកិច្ច និងក្រុមគ្រូពេទ្យជំនាញ ព្រមទាំងមន្ត្រីរាជការទាំងអស់គ្រប់ជាន់ថ្នាក់ ដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លា សម្រាប់ប្រជាជន និងប្រទេសជាតិ នៅតាមគោលដៅ តាមមណ្ឌលចត្តាឡីស័ក និងតាមមណ្ឌលព្យាបាលជម្ងឺកូវីដ-១៩ នានាក្នុងខេត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ ៣កុំ។

សូមបញ្ចាក់ថា៖ ដើម្បីការផ្តាច់ប្រភពចម្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសជំងឺកូវីដ-១៩ បំលែងខ្លួនថ្មី ប្រភេទ Delta រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់ខេត្តចំនួន ០៧ ដែលមានព្រំប្រទល់ជាមួយនឹងព្រះរាជាណាចក្រថៃ រួមមាន៖ ខេត្តពោធិ៍សាត់ កោះកុង បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យឧត្តរមានជ័យ និងខេត្តព្រះវិហារ រួមទាំងខេត្តសៀមរាបផងដែរ ព្រមទាំងរៀបចំមណ្ឌលធ្វើចត្តាឡីស័ក និងមណ្ឌលព្យាបាលជម្ងឺកូវីដ-១៩ ដើម្បីទទួលពលករឆ្លងព្រំដែន មកពីប្រទេសថៃ ចូលមកកម្ពុជាវិញ ដោយតម្រូវអោយធ្វើចត្តាឡីស័កនៅតាមព្រំដែនចំនួន ១៤ថ្ងៃ ហើយត្រូវបន្តធ្វើចត្តាឡីស័កចំនួន ៧ ថ្ងៃទៀតនៅតាមស្រុក និងលំនៅដ្ឋានដែលពួកគេកំពុងរស់នៅ៕






 

No comments:

Post a Comment