ឧត្ដរមានជ័យ៖ លោក ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីលោក អភិបាលស្រុក អនុប្រធានមន្ទីរព័ត៌មានខេត្ត មេបញ្ជាការអាវុធហត្ថស្រុក មេឃុំ បានអញ្ជើញក្នុងកម្មវិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារដែលមានអាយុចាប់ពី ១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ។
លោកអភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នាពេលនេះ គឺបានមកពីការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅដល់ក្មួយៗ ដើម្បី ឲ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ ឬអង់ទីករការពារ ប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ដើម្បីបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
យ៉ាងណាមិញ លោក ក៏បានណែនាំ និងផ្តាំផ្ញើ ដល់ក្មួយៗទាំងអស់ដែលទទួលបានការចាក់វ៉ាក់សាំងបង្ការការពារជំងឺ កូវីដ-១៩ រួចរាល់ហើយសូមជៀសវាងការធ្វើការងារធ្ងន់ ហាមប៉ះពាល់កន្លែងចាក់ សម្រាកឲ្យបានច្រើន ត្រូវញ៉ាំអាហារបំប៉ន អោយបានគ្រប់គ្រាន់ ជាពិសេសត្រូវតែគោរពនូវវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាពផងដែរ។
គួរបញ្ជាក់ថា សម្រាប់ស្រុកត្រពាំងប្រាសាទ កុមារដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដែលនឹងត្រូវទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបមានចំនួន ៩,៦៤៨ នាក់ (ស្រី ៤,៧៤៧នាក់)។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកអភិបាលរងខេត្ត ក៏បាននាំយកមកនូវអំណោយជាសម្ភារគ្រឿងឧបភោគបរិភោគរួមមាន៖ មី 10កេស ត្រីខ 10យួរ ទឹកត្រី 10យួរ ទឹកសុទ្ធ 20យួរ និងថវិកា 20ម៉ឺនរៀល ប្រគល់ជូនដល់ក្រុមគ្រូពេទ្យ និងក្រុមការងារសម្របសម្រួលដំណើរការការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារនេះផងដែរ៕
No comments:
Post a Comment