Wednesday, July 07, 2021

លោក កៅ សុខអាន នាំយកអំណោយរដ្ឋបាលខេត្តកំពង់ចាម ចែកជូនប្រជាពលរដ្ឋ ៣០គ្រួសារ ដែលកំពុងស្ថិតនៅក្នុងភូមិបិទខ្ទប់ នៃស្រុកស្ទឹងត្រង់

កំពង់ចាម៖ លោក កៅ សុខអាន អភិបាលរងខេត្ត តំណាងលោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ បាននាំយកអំណោយ របស់រដ្ឋបាលខេត្តកំពង់ចាម មកចែកជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ៣០គ្រួសារ  ដែលកំពុងធ្វើចត្តាឡីស័ក ក្នុងតំបន់បិទខ្ទប់ ស្ថិតក្នុងឃុំសូភាស ស្រុកស្ទឹងត្រង់ ។

លោក ទុន ណេត អភិបាល នៃគណៈអភិបាល ស្រុកស្ទឹងត្រង់ បានឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើចត្តាឡីស័ក នៅផ្ទះមានចំនួន ៣០គ្រួសារ ដែលរស់នៅនៅឃុំសូភាស ស្រុកស្ទឹងត្រង់ ដែលជាអ្នកប៉ះពាល់ ដោយប្រយោល ជាមួយអ្នកកើតជម្ងឺកូវីដ ១៩ ។

ជាមួយនោះ រដ្ឋបាលស្រុក បានរៀបចំវិធានការទប់ស្កាត់ដោយឲ្យក្រុមគ្រួសារដែលបានប៉ះពាល់នេះ យកទៅធ្វើចត្តាឡីស័ក នៅទីរួមខេត្ត ។ ដោយឡែក អ្នកប៉ះពាល់ប្រយោល ត្រូវបិទខ្ទប់ នៅផ្ទះដោយមិនអនុញ្ញាត ឲ្យដើរហើរដោយសេរីនោះទេ ពោលគឺ រង់ចាំ រយៈពេល ១៤ថ្ងៃ ទើបអនុញ្ញាតឲ្យចេញធ្វើការងារធម្មតាឡើងវិញ ។

ស្ថិតក្នុងឱកាសនោះ លោក កៅ សុខអាន អភិបាលរង ខេត្តកំពង់ចាម មានប្រសាសន៍ថា ការធ្វើចត្តាឡីស័កនេះ គឺស្របតាមគោលការណ៍របស់ក្រសួងសុខាភិបាល និងសេចក្ដីណែនាំ របស់រាជរដ្ឋាភិបាល ដើម្បី ទប់ស្កាត់ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ ១៩ ។ លោក ក៏បានកោតសរសើរ ដល់អាជ្ញាធរមូលដ្ឋាន ដែលបានយកចិត្តទុកដាក់ ចំពោះ សុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើចត្តាឡីស័ក និងបានរាយការណ៍ជូន រដ្ឋបាលខេត្ត ដើម្បី នាំយកអំណោយមកចែកជូនបងប្អូន បានទាន់ពេលវេលា ។ ដោយឡែក បើទោះបីជាអំណោយនេះ មិនមានច្រើន ក៏ពិតមែន ក៏ប៉ុន្តែ វាអាចដោះស្រាយជីវភាពបានមួយរយៈពេល ផងដែរ ខណៈដែលបងប្អូនមិនអាចចេញទៅក្រៅ ប្រកបរបរទទួលទានបាន ។ 

ឆ្លៀតក្នុងឱកាសនោះដែរ លោកក៏បានផ្តាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងបង្ការ ទាំងអស់គ្នា ដើម្បី ការពារខ្លួនពីជម្ងឺកូវីដ ១៩ នេះ ទៅក្នុងសហគមន៍ ក៏ដូចជា ក្នុងប្រទេសកម្ពុជាទាំងមូល ផងដែរ ។

គួរបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋទាំង ២៥០គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម  ត្រីខកំប៉ុង  ១យួរ ទឹកត្រី ១យួរ  ទឹកស៊ីអ៊ីវ ១យួរ និង មី ១ កេសផងដែរ ៕




No comments:

Post a Comment