Wednesday, June 02, 2021

អាជ្ញាធរជាតិអប្សរាទទួលវត្ថុបុរាណចំនួន៥ ពីបញ្ជាការដ្ឋានយោធភូមិភាគទី៤

 សៀមរាប៖ វត្ថុបុរាណចំនួន៥ ដែលបញ្ជាការដ្ឋានយោធភូមិភាគទី៤ បានរកឃើញនាពេលកន្លងមក បានសម្រេចប្រគល់ជូនដល់អាជ្ញាធរជាតិអប្សរា ដើម្បីយកមកថែរក្សា និងអភិរក្សបន្តទៀត។

ពិធីប្រគល់ទទួលវត្ថុបុរាណទាំង៥ប្រភេទនេះ ត្រូវបានទទួលដោយផ្ទាល់ពីសំណាក់ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងសហការី ក្នុងឱកាសអញ្ជើញចូលរួមពិធីប្រគល់និងដាំកូនឈើនាបញ្ជាការដ្ឋានយោធភូមិភាគទី៤ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។

វត្ថុបុរាណដែលអាជ្ញាធរជាតិអប្សរា បានទទួលក្នុងឱកាសនោះរួមមាន៖ ១-សសរពេជ្យមួយកំណាត់តូច ២-កំពូលប្រាសាទតាមជ្រុងនៃប្រាសាទធំ ៣-ឆ្នាំងថ្នាំមួយ ៤-ដុំហោជាងផ្នែកខាងលើ មានកំណាត់ព្រះសិររូបព្រះមួយផ្នែក និង៥-បង្គោលព្រះទិស មួយដុំ។

សូមជម្រាបជូនថា នេះមិនមែនជាលើកទី១ទេ ដែលអាជ្ញាធរជាតិអប្សរា បានទទួលវត្ថុបុរាណ ពីស្ថាប័នពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋនានាដែលបានប្រទះ ឃើញនិងស្ម័គ្រប្រគល់ ជូនអាជ្ញាធរជាតិអប្សរា ធ្វើការថែរក្សា និងអភិរក្ស ដើម្បីសម្រាប់កូនចៅជំនាន់ ក្រោយបានឃើញ៕






No comments:

Post a Comment